កីឡា

កីឡារដូវរងាអាស៊ីលើកទី៩ ៖ អង្រួនពិភពលោកទទួលបានអារម្មណ៍កក់ក្តៅ ភាយចេញពីប្រទេសចិន

កីឡារដូវរងាអាស៊ីលើកទី៩ដែលបានប្រព្រឹត្តទៅនៅទីក្រុងHarbin ខេត្តHeilongjiang ប្រទេសចិន ទទួលបានកិត្តិយសដ៏ខ្ពង់ខ្ពស់ពីលោក Xi Jinping ប្រធានរដ្ឋចិន អញ្ជើញចូលរួមក្នុងពិធីបើកកាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៥ គឺជាការផ្ញើសារជូនដល់ពិភពលោកថា «សន្តិភាពនិងការអភិវឌ្ឍទើបជាបំណងប្រាថ្នារបស់មនុស្សជាតិ»។ នេះជាលើកទី៣ដែលប្រទេសចិនបានទទួលសិទ្ធិធ្វើជាម្ចាស់ផ្ទះកីឡារដូវរងាអាស៊ី ហើយគ្រប់ពេលដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះ ពិភពលោកបានយល់ស្របគ្នាថា ប្រទេសចិនគឺជាទីកន្លែងសុវត្ថិភាពនិងពោរពេញដោយការអភិវឌ្ឍបើទោះបីជាប្រទេសមួយចំនួនធំកំពុងស្ថិតនៅក្នុងភាពមិនប្រាកដប្រជានៃស្ថិរភាពនយោបាយ និងស្របពេលដែលពិភពលោកនៅទទួលបានផលអវិជ្ជមានពីវិបត្តិសេដ្ឋកិច្ចសកល ហើយតាមរយៈភាពជាម្ចាស់ផ្តះនៃព្រឹត្តិការណ៍នេះ ប្រទេសចិនគឺជាទីដែលផ្តល់នូវភាពកក់ក្តៅបើទោះបីជាស្ថិតនៅក្នុងរដូវរងា ព្រមទាំងយល់ថាប្រទេសចិនជាទីអភិវឌ្ឍ និងពោរពេញដោយនវានុវត្តបៃតងភាពតាមក្រឹត្យក្រមអរិយធម៌អេកូឡូស៊ីបើទោះបីជាមានប្រទេសមហាអំណាចមួយប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។

កីឡារដូវរងាអាស៊ីលើកទី៩ដែលបាននិងកំពុងប្រព្រឹត្តទៅនៅទីក្រុងទឹកកករបស់ប្រទេសចិនដោយមានអត្តពលិកមកពី៣៥ប្រទេសនិងតំបន់ចូលរួម គឺជាសក្ខីភាពដែលបានរំលេចយ៉ាងច្បាស់ថា ប្រទេសចិនគឺជាកម្លាំងចលករដ៏សំខាន់របស់អាស៊ី ហើយប្រទេសចិនកំពុងដើរតួនាទីកាន់តែសំខាន់ក្នុងនាមជាអ្នកផ្តួចផ្តើមនូវ«កិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ»ក្នុងយុគសម័យថ្មី។ រយៈពេល១២ឆ្នាំនៃប្រាជ្ញាចិនស្តីពី«កិច្ចកសាងសហគមន៍រួមវាសនានៃមនុស្សជាតិ»បានជះឥទ្ធិពលវិជ្ជមានដល់ពិភពលោកដែលក្នុងនោះចិននិងបណ្តាប្រទេសនៅអាស៊ីជាប្រតិបត្តិករយ៉ាងសកម្មដែលផ្តល់ធាតុចូលដ៏សំខាន់ដល់ការអភិវឌ្ឍសកល។

កីឡារដូវរងាអាស៊ីលើកទី៩ដែលបាននិងកំពុងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ដល់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោមពាក្យស្លោកថា «សុបិននៃរដូវរងា សេចក្តីស្រឡាញ់ពីអាស៊ី» បានអង្រួនដួងចិត្តរបស់ពិភពលោកយល់កាន់តែច្បាស់ពីតួនាទីរបស់ប្រទេសចិន ហើយរំលេចកាន់តែខ្លាំងពីជោគជ័យជាបន្តបន្ទាប់របស់ប្រទេសចិនតាំងពីពេលដែលប្រទេសចិនធ្វើជាម្ចាស់ផ្ទះកីឡារដូវរងាអាស៊ីកាលពីឆ្នាំ១៩៩៦ និងនៅឆ្នាំ២០០៧ ព្រមទាំងជាការរំលឹកឡើងវិញនូវព្រឹត្តិការណ៍កីឡាអូឡាំពិករដូវរងាកាលពិឆ្នាំ២០២២។ តួនាទីជាម្ចាស់ផ្ទះនៃការរៀបចំព្រឹត្តិការណ៍កីឡាជាការលាតត្រដាងយ៉ាងច្បាស់ក្រឡែតពីដួងចិត្តនិងហ្សែនរបស់ជនជាតិចិនដែលដក់ជាប់ដោយសុឆន្ទៈឥតងាករេក្នុងការការពារនិងថែរក្សាសន្តិភាព រួមគ្នាជាមួយពិភពលោកដើម្បីមិត្តភាព សហប្រតិបត្តិការជាមួយពិភពលោកក្នុងចរន្តពហុភាគីនិយមក្រោមម្លប់នៃច្បាប់និងគោលការណ៍អន្តរជាតិជាមូលដ្ឋាន ព្រមទាំងរក្សាបាននូវគុណតម្លៃនៃការរួមកម្លាំងគ្នាក្នុងបុព្វហេតុនៃកិច្ចកសាងសហគមន៍វាសនារួមនៃមនុស្សជាតិស្របនឹងទស្សនៈដែលបានលើកឡើងថា «កីឡាដើម្បីជំរុញបរិយាប័ន្ន បង្កើនជំនឿចិត្តខាងអរិយធម៌ ប្រកាន់ខ្ជាប់នូវការផ្លាស់ប្តូរនិងការរៀនសូត្រពីគ្នាទៅវិញទៅមក ដើម្បីបន្តសរសេរនូវទំព័រវិបុលភាពថ្មីនៃអរិយធម៌អាស៊ី»។

កីឡារដូវរងាអាស៊ីលើកទី៩ដែលប្រទេសចិនបានធ្វើជាម្ចាស់ផ្ទះគឺជាមោទកភាពរបស់ប្រទេសចិនជាលើកទី៣ក្នុងការរៀបចំព្រឹត្តិការណ៍ដ៏មានគុណតម្លៃនេះ ដោយបានដាស់តឿនបណ្តាប្រទេសនៅអាស៊ីនិយាយដោយឡែក ដល់ពិភពលោកទាំងមូលនិយាយរួម ថាក្តីសង្ឃឹមរបស់មនុស្សជាតិគឺជាដំណើរកាន់ស្វាហាប់របស់ប្រទេសទាំងអស់រួមគ្នាឈានឆ្ពោះទៅកាន់មាគ៌ានៃកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិក្នុងយុគសម័យថ្មីក្រោមទម្រសន្តិភាពនិងការអភិវឌ្ឍ ស្របនឹងប្រសាសន៍របស់លោក Xi Jinping ដែលបានថ្លែងក្នុងពិធីបើកព្រឹត្តិការណ៍កីឡានេះថា «យើងគួរតែបន្តតាមសេចក្តីប្រាថ្នារួមរបស់យើងសម្រាប់ភាពរុងរឿងនិងការអភិវឌ្ឍ។ កីឡារដូវរងាគឺគួរឱ្យចាប់អារម្មណ៍ ព្រោះវាទាមទារចំណង់ចំណូលចិត្ត និងការសហការ។ យើងគួរតែធ្វើការរួមគ្នាដើម្បីលើកកម្ពស់វឌ្ឍនភាព ការអភិវឌ្ឍ និងផ្តល់នូវការជំរុញប្រកបដោយនិរន្តរភាពសម្រាប់សកលភាវូបនីយកម្មសេដ្ឋកិច្ចដែលមានអត្ថប្រយោជន៍ជាសកល និងប្រកបដោយបរិយាបន្ន»។

ជារួម កីឡារដូវរងាអាស៊ីលើកទី៩ដែលបានប្រព្រឹត្តទៅនៅទីក្រុងHarbin ជាទីកំណើតដ៏សំខាន់នៃកីឡារដូវរងា នឹងក្លាយជាបំណងប្រាថ្នារួមគ្នារបស់បណ្តាប្រទេសអាស៊ីក្នុងការបង្កើនមិត្តភាព និងចំណងការទូតដ៏សំខាន់នៃទំនាក់ទំនងសហប្រតិបត្តិការ និងផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះ។ ព្រិលដែលកំពុងធ្លាក់នៅទីក្រុងHarbin នឹងបង្ហាញជារស្មីដ៏ប្រសើរដល់ភាតរភាពរបស់អាស៊ីដែលជាឧទ្យាននៃអរិយធម៌ចម្រុះហើយកំពុងទទួលបានជោគជ័យភាពនៃការប្រតិបត្តគំនិតផ្តួចផ្តើមអរិយធម៌សកល។ ព្រឹត្តិការណ៍កីឡារដូវរងាអាស៊ីលើកទី៩នឹងក្លាយជាពរជ័យដល់បណ្តាប្រទេសអាស៊ីរួមគ្នាជាគំរូនៃមិត្តភាព និងឆក់ស្រូបទាញយកបណ្តាប្រទេសទាំងអស់គ្នាដើម្បីរួមកម្លាំងគ្នាជ្រោងទង់នៃកិច្ចកសាងសហគមន៍ជោគវាសនារួមនៃមនុស្សជាតិ៕

ដោយបណ្ឌិត ជា មុនីឫទ្ធិ/ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន

To Top