កីឡា

លោក ហ៊ុន ម៉ានី ក៏បានអបអរសាទរដល់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀងតំណាងឲ្យកម្ពុជា បានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League កាលពីថ្ងៃទី១០ ខែឧសភា

ភ្នំពេញ៖ ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានប្រសាសន៍ថា លោកសូមអបអរសាទរដល់ក្រុមបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលតំណាងឲ្យកម្ពុជាបានឡើងវគ្គផ្ដាច់ព្រ័ត្រពានរង្វាន់ AFC Challenge League កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ហើយទទួលបានជ័យលាភីជើងឯករង នេះជាការវិវត្តខ្លួនមួយជំហានទៀតរបស់ក្លឹបបាល់ទាត់កម្ពុជាក្នយងវិស័យកីឡាបាល់ទាត់កម្រិតតំបន់ ហើយចំណុចនេះជាអ្វីដែលយើងគួរតែមានមោទនភាព។

លោកបានលើកឡើងក្នុងឱកាសពិធីបិទការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន” លើកទី១០ ឆ្នាំ២០២៥ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៥ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ(ស្តាតចាស់) ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ពីគណៈកម្មការកីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន អនុប្រធាន ស.ស.យ.ក. តំណាងមន្ទីរជំនាញ តំណាងក្រុមហ៊ុនសហការឧបត្ថម្ភ តំណាងក្រសួងស្ថានប័ន រួមទាំងបងប្អូនសាធារណជន និងសិស្ស និស្សិតប្រមាណ ១៥០០នាក់។

លោក ហ៊ុន ម៉ានី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគណៈកម្មាធិការកីឡាបាល់ទាត់មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន ក្រុមការងារ និងភាគីពាក់ព័ន្ធទាំងអស់ បានខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់រៀបចំ សម្របសម្រួលការប្រកួត ព្រមទាំងផ្ដល់កិច្ចសហការគាំទ្រយ៉ាងជិតស្និទ្ធរហូតមកដល់វគ្គផ្ដាច់ព្រ័ត្រ។

លោកបានបញ្ជាក់ថា ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនាល្ងាចនេះ បើទោះបីភាគីណាមួយទទួលបាននូវលទ្ធផលយ៉ាងណាក៏ដោយ សូមកុំភ្លេចថា ពានរង្វាន់នេះសុទ្ធតែជាចំណែករបស់យើងទាំងអស់គ្នាស្មើៗគ្នា។ កីឡាករគ្រប់រូបសុទ្ធតែបានទទួលបាននូវសមិទ្ធិផលសម្រាប់ខ្លួនឯង នោះគឺសាមគ្គីភាព និងមិត្តភាពរវាងគ្នា និងគ្នា ដែលជាមូលដ្ឋានសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍសង្គមកម្ពុជានាពេលអនាគត។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ ការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ «មិត្តភាពយុវជនអន្តរក្រសួង-ស្ថាប័ន» គឺជាគំនិតផ្ដួចផ្ដើមរបស់ឯកឧត្តម ហ៊ុន ម៉ានី ក្នុងគោលបំណងបង្កើនស្មារតីសាមគ្គីភាព មិត្តភាព និងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេសបំផុសស្មារតីមន្ត្រីរាជការមកពីអង្គភាព/ស្ថាប័នខុសៗគ្នា និងវិជ្ជាជីវៈផ្សេងៗគ្នា ឱ្យស្រលាញ់ ចូលចិត្តលេងកីឡា ដើម្បីសុខភាព ស្របតាមពាក្យស្លោក «កីឡាសាងមនុស្ស ហើយមនុស្សសាងសង្គម» ដែលជាប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

To Top