ភ្នំពេញ៖ ក្រុមបាល់ទាត់ចំនួន៨ មានដូចជា ក្រុមបាល់ទាត់សម្ព័ន្ធយុវជនស្រឡាញ់សន្តិភាព, ក្រុមបាល់ទាត់នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ (TYDA), ក្រុមបាល់ទាត់ Vlogger All Star, ក្រុមបាល់ទាត់ Galaxy all star, ក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា, ក្រុមបាល់ទាត់ផ្ការីកគ្រប់រដូវ, ក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ និង ក្រុមបាល់ ទាត់តារាកម្ពុជា នឹងរៀបចំការប្រកួត បាល់ទាត់ កៀរគរមូលនិធិ គាំទ្រវីរកងទ័ពជួរមុខ ដែលនឹងប្រព្រឹទ្ធទៅនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ខាងមុខ នៅទីលានបាល់ទាត់ពហុកីឡដ្ឋានជាតិអូឡាំពិក ។

មិនត្រឹមតែមានការប្រកួត រវាងក្រុមបាល់ទាត់ទាំង៨ក្រុមនេះនោះទេ នៅថ្ងៃកម្មវិធីនេះ ក៏នឹងរៀបចំឱ្យមានការច្រៀងចម្រៀង ដែលបង្ហាញពីស្មារតីជាតិនិយម ដែលមាន ដូចជា បទពង្សាវតាខ្មែរ, បទដែនដីខ្មែរ និងបទគន់មើលទៅមេឃ (ចម្រៀងកងទ័ព) ក្នុងពេល ប្រកួតកីឡាបាល់ទាត់នេះ ។ បន្ថែមពីនេះ ក្រុមការងារ ក៏បានរៀបចំអាវយឺតចំនួន ១ម៉ឺនអាវ សម្រាប់លក់ ដើម្បីប្រមូលមូលនិធិផងដែរ ដោយអាវយឺត១ តម្លៃ២ម៉ឺនរៀលផងដែរ ។
ការត្រៀមរៀបចំការប្រកួតនេះ ធ្វើឡើងបន្ទាប់ពីមានព្រឹត្តិការណ៍ទាហានឈុតខ្មៅថៃ បានចូលមកបាញ់កងទ័ពកម្ពុជា នៅក្នុងទឹកដីកម្ពុជា និងបណ្ដាលឱ្យមានយុទ្ធជនកម្ពុជា ១រូប បានពលីជីវិតកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ដែលធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃ កាន់តែមានភាពតានតឹង រហូតដល់ភាគីទាំងសងខាង បានបញ្ជូនកងទ័ពទៅកាន់ជួរមុខរៀងៗខ្លួន និងដោយត្រូវការពេលវេលាយូរអង្វែង មិនដឹងពេលណាទើបអាចបញ្ចប់ ភាពតានតឹងនេះឡើយ។
ក្នុងនោះដោយទឹកចិត្តស្រឡាញ់ និងគាំទ្រដល់ វីរកងទ័ និងការអំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យបងប្អូន ប្រជាពលរដ្ឋខ្មែរ កាន់តែមានទឹកចិត្តពុះកញ្ជ្រោល ក្នុងការជួយដល់វីរកងទ័ពជួរមុខ តាមរយៈការនាំយកអំណោយនានា ទៅប្រគល់ជូនវីរកងទ័ពជួរមុខ ទៅតាមលទ្ធភាពរៀងៗខ្លួន ដោយបាន បង្ហាញពីស្មារតីស្នេហាជាតិ និងបញ្ជាក់ពីខឿងការពារជាតិ របស់ប្រជាជន។ ដោយមើលឃើញពីទឹកចិត្ត និងស្មារតីស្នេហាជាតិ និងជាតិនិយមបែបនេះ និងដោយមានការគាំទ្រ ពីលោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា, ក្រុមកីឡាករបាត់ទាត់ ចំនួន៨ ក្រុម ក៏បានផ្ដួចផ្ដើមគំនិត ក្នុងការរៀបចំការប្រកួតកីឡាបាល់ទាត់ កៀរគរមូលនិធិគាំទ្រវីរកងទ័ពជួរមុខនេះឡើង ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្ដីពី ការរៀបចំការប្រកួតបាល់ទាត់ កៀរគរមូលនិធិ គាំទ្រវីរកងទ័ពជួរមុខ នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៥នេះ លោក គួច វែងស្រ៊ុន តំណាងឱ្យក្រុមបាល់ទាត់ ស.ស.យ.ក. អលស្តារ បានមានប្រសាសន៍ថា “ស្របជាមួយនឹងបរិការ នៃបរិបទប្រទេសរបស់យើង នាពេលបច្ចុប្បន្ននេះ ក៏បងប្អូនរបស់យើង ក៏មានគំនិតថាយើងអាចធ្វើអ្វីបាន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសគឺផ្តល់កម្លាំងចិត្ដ ដល់វីរកងទ័ពរបស់យើង ចឹងហើយបានជាមូលមតិគ្នា ថារៀបចំការប្រកួតបាល់ទាត់មួយ សម្រាប់គៀងគរថវិកា ផ្តល់ផ្ទាល់តែម្តង ជូនទៅវីរកងទ័ពរបស់យើង” ។

បន្ថែមលើនេះ លោក គួច វែងស្រ៊ុន បានបញ្ជាក់ថា “ដរាបណាប្រទេសមួយ មានបំណងបន្តឈ្លានពានទឹកដីរបស់យើង ដ៏រាប់នោះគឺយើងមិនទាន់មានឯកភាព និងសន្តិភាពជាមួយនៃព្រំដែនទាំងពីរនោះទេ ចឹងការចិញ្ចឹមចិត្ក ក្នុងការឈ្លានពានទឹកដីរបស់យើង យើងក៏ត្រូវចិញ្ចឹមចិត្តស្នេហាជាតិ និងការពារជាតិ ការពារទឹកដីរបស់យើងវិញដែរ” ។

ជាមួយគ្នានេះ លោក គួច វែងស្រ៊ុន ក៏បានអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ មេត្តាអញ្ជើញចូលរួម ឱ្យបានច្រើនកុះករ ចូលរួមដោយសេរី មិនមានលក់សំបុត្រនោះទេ ប៉ុន្តែមានការលក់ជាអាវ សម្រាប់ចូលជាមូលនិធិនេះ ដោយចូលរួមទាំងអស់គ្នា ដើម្បីបង្ហាញចន្ទៈស្នេហាជាតិ និងគាំទ្រដល់រាជរដ្ឋាភិបាល ជាពិសេសផ្តល់កម្លាំងចិត្តជូនដល់វីរកងទ័ពតែម្តង ។

សូមបញ្ជាក់ថា រាល់ថវិកាដែលបានទទួល តាមរយៈមូលនិធិនេះ ក្រុមការងារមិនបានយកមកចំណាយ ក្នុងការរៀបចំកម្មវិធីឡើយ ។ ក្រោយពេលបានទទួល និងសរុបនូវចំនួនថវិកា នឹងធ្វើការផ្សព្វផ្សាយជាសាធារណៈ ហើយនឹងរៀបចំដើម្បីយកទៅប្រគល់ជូន ដល់វីរកងទ័ពជួរមុខនៅទិសប្រាសាទព្រះវិហារ ។ ក្នុងនោះសម្រាប់បងប្អូនសប្បុរសជន ដែលមានបំណងចូលរួម ជាមួយមូលនិធិអាចចូលរួមតាមរយៈ ៖ QR CODE ធនាគារចំនួន២ ដែលមានក្នុង Poster ឬចូលរួមជាថវិកាផ្ទាល់នៅ the Walk Street នាល្ងាចថ្ងៃទី១២ កក្កដា ២០២៥ និងល្ងាចថ្ងៃទី២០ កក្កដា ២០២៥ ឬតាមរយៈចូលរួមទិញអាវយឺត (អាវយឺត១ តម្លៃ២ម៉ឺនរៀល ឬ ៥ដុល្លារ អាមេរិក ដោយចាប់ផ្ដើមទទួលមូលនិធិគាំទ្រ វីរកងទ័ពជួរមុខ ចាប់ពេលនេះទៅតែម្ដង ហើយនឹងបន្តរហូតដល់មានការជូនដំណឹង អំពីការបញ្ចប់មូលនិធិ ទើបក្រុមការងារបញ្ចប់ការទទួលមូលនិធិ៕





