ឥណ្ឌូនេស៊ី ប្រឆាំងដាច់ខាត បន្ទាប់ពី IOC អំពាវនាវមិនឲ្យរៀបចំព្រឹត្តិការណ៍ ណាមួយ ចំពោះការហាមឃាត់ ក្រុមកីឡាកាយសម្ព័ន្ធអ៊ីស្រាអែល
ឥណ្ឌូនេស៊ី ៖ យោងតាមការចេញផ្សាយពីគេហទំព័រ VN Express បានប្រាប់ឲ្យដឹងថា ប្រទេសឥណ្ឌូនេស៊ី បានសន្យាកាលពីថ្ងៃព្រហស្បតិ៍ថា នឹងដើរតួនាទីយ៉ាងសកម្ម ក្នុងវិស័យកីឡាពិភពលោក បន្ទាប់ពី IOC បានជំរុញឲ្យសហព័ន្ធ មិនរៀបចំព្រឹត្តិការណ៍នៅទីនោះ ក្រោយពីប្រទេសនេះហាមឃាត់ ក្រុមកីឡាកាយសម្ព័ន្ធអ៊ីស្រាអែល ។
ក្រុមប្រឹក្សាភិបាលនៃគណៈកម្មាធិការ អូឡាំពិកអន្តរជាតិ បាននិយាយកាលពីថ្ងៃពុធថា ខ្លួននឹងណែនាំដល់សហព័ន្ធអន្តរជាតិ ទាំងអស់មិនឲ្យរៀបចំព្រឹត្តិការណ៍កីឡាអន្តរជាតិ ឬកិច្ចប្រជុំណាមួយនៅឥណ្ឌូនេស៊ី រហូតដល់ខ្លួនផ្តល់ការធានា លើការចូលប្រើប្រាស់សម្រាប់ អ្នកចូលរួមទាំងអស់ក្នុងការប្រកួត ។
ក្រុមប្រឹក្សាភិបាល បានបន្តថា ខ្លួនក៏បានបញ្ចប់ការសន្ទនា ជាមួយប្រទេសដែលមានប្រជាជន មូស្លីមច្រើនជាងគេបំផុត របស់ពិភពលោកស្តីពីការ ធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ អូឡាំពិក ណាមួយនាពេលអនាគតផងដែរ ។ វាបានកើតឡើង បន្ទាប់ពីប្រទេសឥណ្ឌូនេស៊ី បានបដិសេធទិដ្ឋាការ សម្រាប់ជនជាតិអ៊ីស្រាអែល ក្នុងការប្រកួតជើងឯកកាយសម្ព័ន្ធពិភពលោក កំពុងដំណើរការនៅទីក្រុងហ្សាកាតា ដោយលើកឡើងពីការគាំទ្រ ដល់ជនជាតិប៉ាឡេស្ទីន ។
ក្នុងការបង្ហាញពីការប្រឆាំង រដ្ឋមន្ត្រីក្រសួងកីឡា និងយុវជន លោក Erick Thohir បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងហ្សាកាតាបានដឹងអំពីការ ហាមឃាត់របស់ខ្លួន លើជនជាតិ អ៊ីស្រាអែលនាំមកនូវផលវិបាក ។ ប៉ុន្តែលោកបានសរសេរ នៅលើបណ្តាញសង្គម X ថា ប្រទេសឥណ្ឌូនេស៊ី នឹងបន្តដើរតួនាទីយ៉ាងសកម្ម ក្នុងព្រឹត្តិការណ៍ កីឡាផ្សេងៗ នៅកម្រិតអាស៊ីអាគ្នេយ៍ អាស៊ី និងសកលលោក ដើម្បីឲ្យកីឡាឥណ្ឌូនេស៊ីអាចបម្រើជា ឯកអគ្គរដ្ឋទូត និងជាការឆ្លុះបញ្ចាំងពីកម្លាំងរបស់ប្រទេសជាតិ នៅក្នុងក្រសែភ្នែករបស់ពិភពលោក ៕
