កីឡា

ពលករ និងនិស្សិតខ្មែរនៅកូរ៉េជាង ៤០០នាក់ ចូលរួមប្រកួតបាល់ទាត់មិត្តភាព ក្រោមប្រធានបទ «យើងទាំងអស់គ្នាដើម្បីកម្ពុជា»

ភ្នំពេញ៖ ពលករ និងនិស្សិតខ្មែរ កំពុងសិក្សា និងបម្រេីការងារនៅសាធារណរដ្ឋកូរ៉េប្រមាណជាង ៤០០នាក់ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ នេះ បានចូលរួមការប្រកួតបាល់ទាត់មិត្តភាព ក្រោមប្រធានបទ «យើងទាំងអស់គ្នាដើម្បីកម្ពុជា» នៅតំបន់អ៊ឹមសង់ ដើម្បីរឹតចំណងមិត្តភាព សាមគ្គីភាព និងទំនាក់ទំនងល្អរវាងប្រជាពលរដ្ឋខ្មែរនៅក្រៅប្រទេស។

លោក អ៊ូ រតនា អគ្គនាយករង នៃអគ្គនាយកដ្ឋានការងារ តំណាងលោក ហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា ការប្រកួតបាល់ទាត់មិត្តភាពនេះ រៀបចំដោយរដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រោមការឧបត្ថម្ភគាំទ្ររបស់លោករដ្ឋមន្ដ្រី ហេង សួរ រួមជាមួយលោក ឃួន ផុនរតនៈ ឯកអគ្គរាជទូតតែងតាំងនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ និងលោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរផងដែរ។

ឆ្លៀតឱកាសនោះ លោកបានសម្ដែងក្ដីរីករាយ ដែលមានពលករ និងនិស្សិតជាច្រើន បានចូលរួមការប្រកួតនេះ ហើយលោកចាត់ទុកការជួបជុំនេះ ជាវេទិការមួយ ដើម្បីបង្ហាញនូវការអបអរសាទរ ចំពោះកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា-ថៃ ដែលទើបចុះហត្ថលេខានៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថៃ ដោយមានការចូលរួមធ្វើជាសាក្សីពីលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី នៅថ្ងៃអាទិត្យនេះផងដែរ។

សូមបញ្ជាក់ថា ការប្រកួតបាល់ទាត់លក្ខណៈមិត្តភាពនេះ ក្នុងចំណោមពលករ និងនិស្សិតចូលរួមទាំងជាង ៤០០នាក់ គឺបែងចែកជា ១៦ក្រុម និងចែកចេញជា ៤ពូល ដើម្បីធ្វើការប្រកួតតាមរូបមន្ដម៉ារ៉ាតុង រហូតរកក្រុមជើងឯក ដោយប្រើប្រាស់រយៈពេលតែ ១ថ្ងៃប៉ុណ្ណោះ៕

To Top