កម្ពុជា កាត់បន្ថយត្រឹម ១៥០នាក់ ក្នុងចំណោម ១៣ប្រភេទកីឡា ដើម្បីចូលរួមស៊ីហ្គេម នៅថៃ
ភ្នំពេញ ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ បានចេញសេចក្តីជូនដំណឹង ស្តីពីបច្ចុប្បន្នភាព នៃការចូលរួមប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី៣៣ នៅប្រទេសថៃ, ដោយបានបន្ថយមកត្រឹម ១៥០នាក់ ក្នុងចំណោម ១៣ប្រភេទកីឡា។
ថៃ នឹងធ្វើជាម្ចាស់ នៃការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៥។
ប្រភព ដដែល បានឲ្យដឹងថា «ដោយសារការគិតគូរខ្ពស់ពីសុវត្ថិភាពកីឡាករ និងកីឡាការិនីជាអាទិភាពចម្បងបំផុត និងធានាបានការចូលរួម ប្រកបដោយការទទួលខុសត្រូវខ្ពស់បំផុត ថ្នាក់ដឹកនាំ គណកម្មាធិការជាតិអូឡាំពិកកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា ពិសេសទទួលបានអនុសសាន៍ ណែនាំដ៏ខ្ពង់ខ្ពស់បំផុតពី ប្រមុខរាជរដ្ឋាភិបាល បានសម្រេចជាចុងក្រោយ កាត់បន្ថយហានិភ័យជាអតិប្បរមា ដោយរៀបចំកាត់បន្ថយ ចំនួនប្រភេទកីឡា ដែលប្រកួត នៅសុងក្លា តំបន់ទឹកជំនន់ចេញ និងកីឡាមួយចំនួនទៀត ។ បច្ចុប្បន្នប្រតិភូកីឡាកម្ពុជាសរុបមានចំនួនតែ ១៥០នាក់ ក្នុង ១៣ប្រភេទកីឡាតែប៉ុណ្ណោះ»។

នេះជាស្មារតីបុរេសកម្ម និងការសម្រេចចិត្តដ៏លំបាករបស់ថ្នាក់ដឹកនាំ ដើម្បីធានាឲមានការចូលរួមផង និងធានាសុវត្ថិភាពខ្ពង់ដល់ប្រតិភូកីឡាកម្ពុជាផង។ សង្ឃឹមថា «បងប្អូនជនរួមជាតិយោគយល់ អធ្យាស្រ័យខ្ពង់ចំពោះការសម្រេចចិត្តដ៏លំបាកនេះ»។
សូមរំលឹកថា ដំបូងឡើយ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសបញ្ជូនប្រតិភូកីឡាចំនួន ៣៣៣នាក់ លើ ២១កីឡា ដើម្បីចូលរួមព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ៕


