កីឡា

អាយុគ្រាន់តែជាតួលេខសំរាប់ Cristiano Ronaldo ព័រទុយហ្គាល់ ស៊ុតបញ្ជូលទី ៥-០ និងបំបែកកំណត់ត្រាពិភពលោកក្នុង World Cup

​ក្រុមជម្រើសជាតិព័រទុយហ្គាល់ បានបង្ហាញទម្រង់លេងយ៉ាងល្អឥតខ្ចោះ ដោយបានបំបាក់អ៊ុយប៊េគីស្ថាន ក្នុងលទ្ធផល ៥-០ នៅកីឡដ្ឋាន Houston ក្នុងជំនួបពានរង្វាន់ FIFA World Cup 2026 វគ្គចែកពូល ពូល K។

​ជាមួយគ្នានេះដែរ ប្រធានក្រុមវ័យ ៤១ ឆ្នាំ Cristiano Ronaldo បានឆ្លើយតបទៅកាន់អ្នករិះគន់វិញយ៉ាងចាស់ដៃ តាមរយៈការស៊ុតបញ្ចូលទី ២ គ្រាប់ម្នាក់ឯង និងបានបង្កើតប្រវត្តិសាស្ត្រថ្មីៗជាច្រើនសម្រាប់ពិភពលោក។

​​នាទីទី ៦ Cristiano Ronaldo ស៊ុតបើកឆាកយ៉ាងលឿន បន្ទាប់ពីទទួលបានការបញ្ជូនបាល់ពី João Cancelo។ គ្រាប់បាល់នេះធ្វើឱ្យលោកក្លាយជា កីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្រ ដែលអាចស៊ុតបញ្ចូលទីបានក្នុងព្រឹត្តិការណ៍ World Cup ដល់ទៅ ៦ ជំនាន់ខុសៗគ្នា ២០០៦ ដល់ ២០២៦។

​នាទីទី ១៧ ខ្សែការពារឆ្នើម Nuno Mendes ស៊ុតហ្វ្រីឃីក Free-kick យ៉ាងស្អាតកោងចូលជ្រុងម្ខាង បន្ទាប់ពី Ronaldo ធ្វើជាជើងកាងបន្លំភ្នែករបាំងការពាររបស់គូប្រកួត។

​នាទីទី ៣៩ Bruno Fernandes បានបញ្ជូនបាល់យ៉ាងស្អាតទៅឱ្យ Ronaldo ស៊ុតគ្រាប់ទី ២ របស់ខ្លួន។ នេះជាគ្រាប់ទី ១០ របស់លោកក្នុងព្រឹត្តិការណ៍ World Cup ដែលធ្វើអោយ Ronaldao វ៉ាដាច់វីរៈបុរស Eusébio ៩ គ្រាប់ ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបង្អស់ក្នុង World Cup សម្រាប់ប្រទេសព័រទុយហ្គាល់។

​នាទីទី ៦០ សម្ពាធយ៉ាងខ្លាំងពីការលើកបាល់ជ្រុងរបស់ João Félix បានបង្ខំឱ្យអ្នកចាំទីអ៊ុយប៊េគីស្ថាន Abduvohid Nematov ធ្វើឱ្យបាល់ចូលទីខ្លួនឯង Own Goal។

​នាទីទី ៨៧ កីឡាករបម្រុង Rafael Leão ស៊ុតបំពេញគ្រាប់ទី ៥ យ៉ាងដាច់ណាត់ ក្រោយទទួលបាល់កាត់ពី Nélson Semedo។

​បញ្ជាក់ពី VAR នៅនាទីទី ២៩ ក្រុមអ៊ុយប៊េគីស្ថានស្ទើរតែរកបានគ្រាប់បាល់វាយបកតាមពីក្រោយទៅហើយ ដោយការស៊ុតពីចម្ងាយយ៉ាងអស្ចារ្យរបស់ Azizjon Ganiev ប៉ុន្តែត្រូវបានបដិសេធទៅវិញដោយបច្ចេកវិទ្យា VAR ដោយសារមានកំហុសឆ្គង មុនពេលបង្កើតឱកាសស៊ុត។

​ជ័យជម្នះដ៏ធំធេងនេះ បានរុញព័រទុយហ្គាល់ឱ្យឡើងទៅឈរកំពូលតារាងនៃពូល K ជាបណ្ដោះអាសន្ន មាន ៤ ពិន្ទុក្នុងដៃ និងមានឱកាសខ្ពស់ក្នុងការឡើងទៅវគ្គបន្ត។ ចំណែកឯក្រុមចំណូលថ្មីអ៊ុយប៊េគីស្ថាន ត្រូវធ្លាក់ចេញពីព្រឹត្តិការណ៍នេះជាផ្លូវការ ក្រោយរងបរាជ័យ ២ ប្រកួតជាប់ៗគ្នា។

To Top