បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយសមាគម វាយនភណ្ឌសម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) សហភាពសហព័ន្ធយុវជនកម្ពុជា (សសយក) អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍បាយ័ន និងអង្គការសហជីព រៀបចំកម្មវិធី ” សមាជិក ប.ស.ស. ឆ្នើម ២០២៣ ” ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី ១៣៧ ទិវាពលកម្មអន្តរជាតិ១ ឧសភា។
ភ្នំពេញ៖ ក្រោមស្នាដៃស្ថាបនិកពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងស្មារតីសាមគ្គីភាព ការងាររបស់មន្រ្ដីរាជការ បុគ្គលិកគ្រប់លំដាប់ថ្នាក់ សមិទ្ធផលថ្មីលើទឹកដីសន្តិភាព អគារបេឡាជាតិសន្ដិសុខសង្គមថ្មី មានកម្ពស់ ២១ជាន់ ទំហំ ៧៥ម x ៦៩ម ជាប្រភេទស្ថាបត្យកម្មទំនើប រចនាបទខ្មែរ ដោយអនុលោមតាមគោលការណ៍ សមមាត្រនៃរូបរាងអគារ...
សៀមរាប៖ ចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៣នេះ លោក អ៊ុក សំអូន ប្រធាននាយកដ្ឋានសេវាអតិថិជន និងទំនាក់ទំនងសាធារណៈ នៃ ប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានដឹកនាំមន្ត្រីជំនាញ ចូលរួមកិច្ចប្រជុំរៀបចំផែនការស្តីពី ការអនុវត្តកម្មវិធីការងារ...
វៀតណាម៖ ក្នុងអង្គសន្និសីទស្តីពី ថ្នាលឌីជីថល និងមូលដ្ឋានទិន្នន័យសម្រាប់លើកកម្ពស់ សេវាសាធារណៈក្នុងបរិបទឌីជីថល(Digital Platform, Database for Promotion of Public in the Digital Environment) នៅប្រទេសវៀតណាម លោកស្រី តឹក ធីតា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃ ប.ស.ស. កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងនៃ ប.ស.ស. និងជាប្រធានប្តូរវេនសមាគម សន្តិសុខសង្គមអាស៊ាន (ASSA) បានលើកឡើងថា៖ បរិវត្តកម្មឌីជីថល និងការឈ្វេងយល់នូវការប្រើប្រាស់ ទូលំទូលាយនៃប្រព័ន្ធឌីជីថល អាចជួយគាំទ្រ ដល់ការអនុវត្ត របបសន្តិសុខសង្គមកាន់តែល្អប្រសើរ។ លោកស្រីបានលើកឡើងទៀតថា៖ បច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា បាននិងកំពុងប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងប្រតិបត្តិការការងារសំខាន់ៗជាច្រើន ហើយបើទោះបីការងារមួយចំនួន នៅមិនទាន់បានផ្លាស់ប្តូរទាំងស្រុង ក្នុងការប្រើប្រាស់ ប្រព័ន្ធឌីជីថលយ៉ាងណាក៏ដោយ តែ ប.ស.ស. កម្ពុជាបាននិងកំពុងបន្សាំខ្លួន ទៅក្នុងបច្ចេកវិទ្យាជំនាន់ថ្មី ដែលជាទិសដៅផែនការយុទ្ធសាស្ត្រ និងបន្តអភិវឌ្ឍសកម្មភាពបច្ចេកវិទ្យា យ៉ាងសស្រាក់សស្រាំតាមការចង្អុលបង្ហាញ របស់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ផងដែរ។ លោកស្រីបានបន្តទៀតថា៖ ការអភិវឌ្ឍប្រព័ន្ធសម្រាប់ប្រតិបត្តិការការងារជាមួយបច្ចេកវិទ្យាថ្មី បានឈានចូលដល់ដំណាក់កាលទី២ និងបានដាក់គោលដៅបន្ទាប់ គឺការបញ្ចូលបច្ចេកវិទ្យា ជំនាន់ថ្មីដូចជា បញ្ញាសិប្បនិមិ្មត ប្រព័ន្ធសវនកម្ម និង សូចនាករប្រតិបត្តិការគន្លឺះសម្រាប់ហានិភ័យ ជាដើម ដែលអាចឱ្យ ប.ស.ស. កម្ពុជា បានប្រើប្រាស់ប្រព័ន្ធដែលទំនើប ដូចបណ្តាប្រទេសជឿនលឿនផងដែរ។ លោកស្រីបានបញ្ជាក់ទៀតថា វត្តមាន ប.ស.ស. កម្ពុជាបានចូលរួមសន្និសីទថ្នាក់អន្តរជាតិមួយនេះ គឺជាឱកាសដែល ប.ស.ស. កម្ពុជាអាចឈ្វេងយល់បន្ថែមពីប្រព័ន្ធឌីជីថល ក៏ដូចជាទទួលបាន នូវបទពិសោធន៍ថ្មីៗបន្ថែមទៀត ពីបណ្តាប្រទេស នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ដែលជាធាតុចូលសំខាន់ សម្រាប់យកមកសិក្សាបន្ថែម ដើម្បីផ្តល់ភាពងាយស្រួល ក្នុងប្រតិបត្តិការការងារជាមួយនឹងការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាទំនើបជាជំនួយ។ សូមបញ្ជាក់ថា៖ សន្និសីទស្តីពី ថ្នាលឌីជីថល និងមូលដ្ឋានទិន្នន័យសម្រាប់លើកកម្ពស់ សេវាសាធារណៈ ក្នុងបរិបទឌីជីថលដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តិទៅចំនួន ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់៣១ ខែ មីនា ឆ្នាំ២០២៣ ក្រោមការរៀបចំឡើងដោយអង្គភាពសន្តិសុខសង្គមវៀតណាម (VSS) ដែលប្រារព្ធធ្វើឡើង នៅសណ្ឋាគារ Draco-Thang...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកវគ្គបណ្ដុះបណ្ដាល ស្ដីពី “ការធ្វើបច្ចុប្បន្នភាព របបសន្ដិសុខសង្គម” លោក អ៊ុកសមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានមានប្រសាសន៍ថា៖ ការធ្វើការងារក្នុងអង្គភាព មិនមែនចេះត្រឹមតែការងារផ្ទាល់ ការងារស្នូលរបស់ខ្លួនទេ គឺត្រូវចេះការងាររួមរបស់អង្គភាពទាំងមូល ហើយវគ្គបណ្ដុះបណ្ដាលនាពេលនេះ ជាការបង្ហាញចំណេះដឹងថ្មីៗអំពីការងាររួមក្នុងអង្គភាព ប.ស.ស. ដោយកន្លងមកថ្នាក់ដឹកនាំក្នុងអង្គភាពនីមួយៗ ធ្វើការទៅតាមជំនាញដោយផ្ដោតទៅលើភារកិច្ចប្រចាំថ្ងៃរបស់ខ្លួនរៀងៗខ្លួន ក៏ប៉ុន្ដែការយល់ដឹងអំពីគោលការណ៍រួម លិខិតបទដ្ឋានរួមរបស់អង្គភាព នៅមានកម្រិតនៅឡើយ។ លោកអគ្គនាយក ថ្លែងបន្ដថា៖ វគ្គបណ្ដុះបណ្ដាលនាពេលនេះ ជាឱកាសពង្រឹងសមត្ថភាពបន្ថែមមួយកម្រិតទៀត និងជាមូលដ្ឋានគ្រឹះចំណេះដឹង និងចំណេះធ្វើលើការងារស្នូលរបស់ ប.ស.ស. ដើម្បីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ យល់ដឹងកាន់តែច្បាស់បន្ថែមទៀតពាក់ព័ន្ធនឹងការវិវត្តន៍ប្រព័ន្ធសន្ដិសុខសង្គមថ្មីៗរួមមាន៖ បែបបទ នីតិវិធីនៃ ការចុះបញ្ជិកា បង់ភាគទាន សម្រាប់បុគ្គលស្វ័យនិយោជន៍បែបបទ នីតិវិធីនៃការផ្ដល់តាវកាលិកសន្ដិសុខសង្គមសម្រាប់ផ្នែកទាំង៣ និងលក្ខខណ្ឌផ្សេងៗ ដើម្បីរួមចំណែកផ្សព្វផ្សាយបន្ដឱ្យទទួលបានប្រសិទ្ធភាព ប្រសិទ្ធផលខ្ពស់ និងដើម្បីងាយស្រួលឆ្លើយតបព័ត៌មានដែលច្បាស់លាស់ត្រឹមត្រូវទៅកាន់បងប្អូនប្រជាពលរដ្ឋជាពិសេសសមាជិក ប.ស.ស. ផ្ទាល់។ បន្ថែមពីលើនេះ លោកអគ្គនាយក ប.ស.ស. បានជំរុញលើកទឹកចិត្តឱ្យមានការរៀបចំ ការបណ្តុះបណ្តាលទាក់ទងនឹងការធ្វើបច្ចុប្បន្នភាពរបបសន្ដិសុខសង្គម នេះ រៀងរាល់ ៣ខែម្ដង ដើម្បីធ្វើបច្ចុប្បន្នភាពព័ត៌មាននានា ទាក់ទងនឹងការវិវត្តន៍ នៃការអនុវត្តរបបសន្ដិសុខសង្គម ដល់ថ្នាក់ដឹកនាំ មន្ត្រីក្រោមឱវាទ ពង្រឹងសមត្ថភាពបន្ថែម ឱ្យកាន់តែទូលំទូលាយ និងរិះរកនីតិវិធីថ្មីៗ សំដៅលើកកម្ពស់ ការងារប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង។ លោកអគ្គនាយក សង្ឃឹមយ៉ាងមុតមាំថា៖ ថ្នាក់ដឹកនាំគ្រប់លំដាប់ដែលចូលរួម ក្នុងវគ្គបណ្ដុះបណ្ដាលនេះ នឹងព្យាយាមចូលរួមសួរសំនួរអំពីបញ្ហានានា ដែលខ្លួនកំពុងខ្វះខាត ដើម្បីយកទៅបំពេញបន្ថែម ក្នុងការបំពេញការងារ ការផ្សព្វផ្សាយបន្ដ ប្រកបដោយទំនួលខុសត្រូវ ប្រកបដោយវិជ្ជាជីវ: គុណភាព និងប្រសិទ្ធភាព។ សូមបញ្ជាក់ថា៖ វគ្គបណ្ដុះបណ្ដាល ស្ដីពី “ការធ្វើបច្ចុប្បន្នភាពរបបសន្ដិសុខសង្គម” នេះ ប្រព្រឹត្តទៅនាព្រឹកថ្ងៃចន្ទ ទី៣ ខែមេសាឆ្នាំ២០២៣ នៅសាលប្រជុំសន្ដិភាព ស្នាក់ការកណ្ដាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមថ្នាក់ដឹកនាំ ចាប់ពីអនុការិយាល័យ នៃនាយកដ្ឋានចំនួន៨ នៃ ប.ស.ស. សរុបប្រមាណ ២០០នាក់៕
កំពង់ធំ៖ នាចុងសប្តាហ៍កន្លងមកនេះ ដោយទទួលបានការអនុញ្ញាតពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម ក្រុមការងារព័ត៌មាននៃ ប.ស.ស. បានទៅបំពេញការងារ នៅទឹកដីខេត្តកំពង់ធំ ដោយសហការជាមួយ ប្រធានសាខា ប.ស.ស. ខេត្តចុះទៅដល់ផ្ទះជនរងគ្រោះ ចំនួន ២នាក់ ជាសមាជិក ប.ស.ស. ដែលស្ថិតនៅក្នុងស្រុកបារាយណ៍ និងស្រុកសន្ទុក។ លោក ឌី ម៉េងលាង ជាអតីតកម្មករបម្រើការងារ នៅសហគ្រាស ផលិតទឹកសុទ្ធមួយកន្លែង ដែលស្ថិតនៅភូមិត្រស់ ឃុំបល្ល័ង្គ ស្រុកបារាយណ៍ លោកជាជនរងគ្រោះ ដោយសារតែដៃរបស់លោក ចូលក្នុងម៉ាស៊ីនផលិតដបទឹកសុទ្ធ បណ្ដាលឱ្យដាច់មេដៃខាងឆ្វេង។លោកនិយាយថា លោកពិតជាអរគុណ ប.ស.ស. ណាស់ដែលបានជួយលោកនៅពេលគ្រោះថ្នាក់ និងជួយចេញថ្លៃព្យាបាលដោយលោកមិនបានចំណាយថវិកាផ្ទាល់ខ្លួនអ្វីឡើយ។ ចំណែកអ៊ំស្រី យ៉ាន ថាន វិញ រស់នៅភូមិសែនសិរីមង្គល ឃុំក្រយា ស្រុកសន្ទុក ដែលជាម្តាយជនរងគ្រោះម្នាក់ ឈ្មោះ ព្រុំ សុភីបានស្លាប់ ក្នុងពេលជៀជ័រកៅស៊ូ។ សព្វថ្ងៃអ៊ំស្រី ទទួលបានធនលាភឧត្តរជីវី ជាមួយចៅកំសត់តូចៗ២នាក់ ដែលម្តាយ បានលាចាកលោកចោល ។ ជាមួយនិងភាពក្តុកក្តួលអ៊ំស្រី បានបន្តថា គាត់ពិតជាអរគុណ និងដឹងគុណជាពិសេស ប្រមុខរាជរដ្ឋាភិបាល ដែលតែងតែយកចិត្តទុកដាក់ ចំពោះពួកគាត់ ក៏ដូចជា ប.ស.ស. ផងដែរ ដែលបានជួយសម្រួល ការលំបាករបស់អ៊ំស្រី ព្រមទាំងបានផ្តល់ជូននូវប្រាក់ឧបត្ថម្ភ (ធនលាភឧត្តរជីវី) ជូនអ៊ំស្រី ព្រមទាំងចៅតូចៗទាំង២ របស់អ៊ំស្រី ជារៀងរាល់ខែ បើគ្មានការជួយដោយផ្ទាល់ របស់ប.ស.ស. ទេ អ៊ំស្រីរួមទាំងចៅតូចៗ២នាក់ មិនដឹងជួបការលំបាកយ៉ាងណានោះទេ។ ប្រធានសាខា ប.ស.ស. ខេត្តកំពង់ធំ លោក លី សុខា បញ្ជាក់ថា ៖ បើគិតចាប់ពីដើមឆ្នាំ២០២២ មកដល់បច្ចុប្បន្ន ប.ស.ស. ខេត្តកំពង់ធំបានផ្ដល់តាវកាលិក ដល់សមាជិក ប.ស.ស. ប្រមាណជិត ២ពាន់នាក់ ដែលក្នុងនោះមានសមាជិក ប.ស.ស. រងគ្រោះថ្នាក់ការងារចំនួន ១១២នាក់ និងស្ដ្រីសម្រាលកូនប្រមាណជាង ១ពាន់នាក់ តាមរយៈមន្ត្រី និងបុគ្គលិក ប.ស.ស. ខេត្តចុះជួយសម្របសម្រួល ដើម្បីទទួលបានអត្ថប្រយោជន៍ពី ប.ស.ស.។ លោកប្រធានសាខា ប.ស.ស. ខេត្ត បានបញ្ជាក់ឱ្យដឹងដែរថា៖ រាល់សមាជិក ប.ស.ស. ដែលទទួលរងគ្រោះថ្នាក់ដោយសារការងារ ប.ស.ស. បានផ្តល់របបធានារ៉ាប់រងគ្រោះថ្នាក់ការងារជូនដល់ពួកគាត់ ដែលរួមមាន៖ សេវាសង្គ្រោះបន្ទាន់, សេវាព្យាបាលនិងថែទាំ, ប្រាក់ឧបត្ថម្ភដល់អ្នកថែទាំ, ប្រាក់ឧបត្ថម្ភ ៧០% នៃប្រាក់ឈ្នួលមធ្យម ជាប់ភាគទានប្រចាំថ្ងៃ ពេលដែលឈឺមិនអាចទៅធ្វើការបាន, ផ្តល់ជូននូវឧបករណ៍ជំនួយផ្សេងៗ ប៉ុន្តែប្រសិនបើជនរងគ្រោះ រហូតដល់បាត់បង់ជីវិត ប.ស.ស. នឹងផ្តល់តាវកាលិកឧត្តរជីវី (ប្រាក់ឧបត្ថម្ភ) ដល់សិទ្ធិវ័ន្ត (ជននៅក្នុងបន្ទុក នៃគ្រួសារជនរងគ្រោះ)។ ទាំងនេះគឺសបញ្ជាក់យ៉ាងច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់បំផុតពីសំណាក់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខុមាលភាព និងជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋជាពិសេសកម្មករនិយោជិត៕
ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣នេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ព្រមទាំងថ្នាក់ដឹកនាំ ប.ស.ស. បានអញ្ជើញចូលរួម ក្នុងពិធីបុណ្យសព លោក ហៀង សុលីដែត ប្រធានសាខា ប.ស.ស. ខេត្តស្វាយរៀង បានទទួលមរណភាព កាលពីថ្ងៃពុធ...
ភ្នំពេញ៖ ក្នុងឱកាសដែលអញ្ជើញជាអធិបតី បើកកិច្ចប្រជុំស្តីពីការបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវា របស់មូលដ្ឋានសុខាភិបាលឯកជន ដែលជាដៃគូ ប.ស.ស. ទូទាំង ២៥ខេត្ត-ក្រុង នាព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នេះ លោក ម៉េង ហុង អគ្គនាយករងប.ស.ស. តំណាងដ៏ខ្ពង់ខ្ពស់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយក ប.ស.ស. បានថ្លែងថា៖ បច្ចុប្បន្នប.ស.ស. ពង្រីកវិសាលភាពរបស់ខ្លួនឥតឈប់ឈរ សមាជិកក៏មានការកើនឡើងជាបន្ដបន្ទាប់ ដោយគ្រាន់តែគិតត្រឹមត្រីមាសទី១ឆ្នាំ២០២៣ នេះ មានបងប្អូនជាសមាជិក ប.ស.ស. បានចូលប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត នៅមន្ទីរពេទ្យដៃគូប្រមាណជាង ១លានករណី ដែលគិតក្នុងមួយថ្ងៃជាង ១ម៉ឺនករណី ពោលគឺកើនឡើងប្រមាណជាង៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២ កន្លងទៅនេះ។ ទន្ទឹមនឹងការប្រើប្រាស់សេវា របស់សមាជិក ប.ស.ស. ដ៏ច្រើននេះ លោកអគ្គនាយករង បានបន្ថែមថា៖ បច្ចុប្បន្ន ប.ស.ស. បានចុះកិច្ចព្រមព្រៀង ជាមួយមូលដ្ឋានសុខាភិបាលទូទាំងប្រទេស សរុបចំនួន ១ ៥០៩ មូលដ្ឋានសុខាភិបាល ក្នុងនោះរួមមានមូលដ្ឋានសុខាភិបាលសាធារណៈចំនួន ១ ៣៧៥ និងមូលដ្ឋានសុខាភិបាលឯកជនចំនួន ១៣៤។ ដើម្បីបំពេញតម្រូវការ នៃការប្រើប្រាស់សេវាព្យាបាល និងថែទាំវេជ្ជសាស្រ្ត ជូនសមាជិករបស់ខ្លួន លោកអគ្គនាយករង បានបន្ដថា៖ប.ស.ស. បាននឹងកំពុងសិក្សាពង្រីកវិសាលភាព ចុះកិច្ចព្រមព្រៀង ជាមួយមូលដ្ឋាន សុខាភិបាលសាធារណៈ និងឯកជនបន្ថែមទៀតដើម្បីឱ្យស្របតាមតម្រូវការជាក់ស្តែង ជាពិសេសជាមួយ មូលដ្ឋានសុខាភិបាលឯកជនទូទាំង ២៥ខេត្ត-ក្រុង ដើម្បីខិតជិតកន្លែងធ្វើការរបស់បងប្អូនកម្មករនិយោជិត ងាយស្រួល ក្នុងការទៅទទួលសេវាព្យាបាលនៅពេលដែល មានបញ្ហាសុខភាព ឬគ្រោះថ្នាក់ផ្សេងៗ។ ក្នុងឱកាសជាមួយគ្នានេះដែរ លោកអគ្គនាយករង ក៏បានសង្កត់ធ្ងន់ថា៖ កន្លងមកកិច្ចសហការ របស់មូលដ្ឋានសុខាភិបាល ជាមួយប.ស.ស. ក៏នៅមានបញ្ហាប្រឈមមួយចំនួន ដែលមូលដ្ឋានសុខាភិបាលមួយចំនួនតូច មិនទាន់អនុវត្តបានគ្រប់ជ្រុងជ្រោយ ហើយការផ្តល់សេវា ជូនសមាជិក ប.ស.ស. នៅមានកម្រិត ពិសេសការទាមទារទូទាត់ថ្លៃ សេវាព្យាបាលរបស់មូលដ្ឋានសុខាភិបាល ដៃគូមួយចំនួន នៅមានភាពមិនប្រក្រតីនៅឡើយ។ ជាមួយគ្នានេះ លោកអគ្គនាយករង ក៏បានស្នើដល់អង្គពិធីទាំងមូលលើកជាសំណួរ អំពីបញ្ហាប្រឈមទៅកាន់មន្ត្រីជំនាញ ពិសេសថ្នាក់ដឺកនាំ ឬតំណាងមូលដ្ឋានសុខាភិបាលឯកជនទាំងអស់ ត្រូវចូលរួមអនុវត្តទៅតាម កិច្ចព្រមព្រៀងឱ្យបានត្រឹមត្រូវ ដើម្បីបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវា លើកកម្ពស់ គុណភាពសេវាសុខាភិបាល ប្រកបដោយវិជ្ជាជីវៈ ដល់សមាជិក ប.ស.ស. ក៏ដូចជាប្រជាពលរដ្ឋទូទៅប្រកបដោយប្រសិទ្ធភាព គុណភាព សុវត្ថិភាព និងទាន់ពេលវេលា។ សូមបញ្ជាក់ថាៈ កិច្ចប្រជុំពីស្ដីពីការបង្កើនប្រសិទ្ធភាព ក្នុងការផ្តល់សេវា របស់មូលដ្ឋានសុខាភិបាលឯកជន ដៃគូ ប.ស.ស. ខាងលើមានការអញ្ជើញចូលរួម ពីសំណាក់ តំណាងមន្ទីរពេទ្យឯកជន ដែលជាដៃគូ ប.ស.ស. ទូទាំង ២៥ខេត្ត-ក្រុង សរុបប្រមាណ២០០នាក់ នៅសាលប្រជុំសន្ដិភាព ស្នាក់ការកណ្ដាល រាជធានីភ្នំពេញ៕
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកបេឡាជាតិ សន្តិសុខសង្គម (ប.ស.ស.) ក្នុងឱកាសអញ្ជើញជាអធិបតីភាព បើកសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការដាក់ឱ្យអនុវត្ត គម្រោងសាកល្បង របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព សម្រាប់បុគ្គលស្វ័យនិយោជន៍ នាព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ បានថ្លែងថា ប.ស.ស. កម្ពុជា ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយអង្គការហ្គ្រេត...
ថៃ៖ ក្រោមការចាត់តាំងពីសំណាក់ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម លោក អ៊ុក សំអូន ប្រធាននាយកដ្ឋាន សេវាអតិថិជន និងទំនាក់ទំនងសាធារណៈ បានចូលរួមសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “កិច្ចគាំពារសង្គម សម្រាប់បុគ្គលស្វ័យនិយោជន៍នៅក្នុងតំបន់អាស៊ាន” នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ នៅទីក្រុងបាងកក ប្រទេសថៃ។ សិក្ខាសាលាពិគ្រោះយោបល់ខាងលើនេះ ធ្វើឡើងក្នុងគោលបំណង ចែករំលែកគំនិតផ្តួចផ្តើមថ្មីៗ របស់រដ្ឋសមាជិកអាស៊ានពាក់ព័ន្ធនឹងការលើកកម្ពស់ កិច្ចគាំពារសង្គមសម្រាប់បុគ្គលស្វ័យនិយោជន៍ និងបញ្ហាប្រឈម របស់ក្រុមគោលដៅក្នុងការចូលរួមកិច្ចសន្ទនាសង្គម ក៏ដូចជាប្រមូលនូវធាតុចូលពីសមាសភាពចូលរួមត្រីភាគី ដើម្បីរៀបចំជាអនុសាសន៍ ក្នុងការពង្រឹងការអនុវត្ត សេចក្តីថ្លែងការណ៍អាស៊ានស្តីពី ការពង្រឹងកិច្ចគាំពារសង្គម ព្រមទាំងកំណត់នូវទិសដៅអនុវត្តបន្ត សម្រាប់ការពង្រីកការគ្របដណ្តប់បុគ្គលស្វ័យនិយោជន៍ នាពេលអនាគត។ វេទិកានេះ គឺជាផ្នែកមួយនៃយុទ្ធសាស្រ្ត ក្នុងការសម្រេចបាននូវចក្ខុវិស័យ គាំទ្រការអនុវត្តសេចក្តីថ្លែងការណ៍អាស៊ាន ស្តីពី ការពង្រឹងកិច្ចគាំពារសង្គម និងផែនការការងារ នៃកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីការងារអាស៊ានឆ្នាំ២០២១-២០២៥។ សូមបញ្ជាក់ថា៖ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងដោយអង្គការស្រ្តី ក្នុងការងារក្រៅប្រព័ន្ធ (WIEGO) និង អង្គការ ហូមណេតអាស៊ីអាគ្នេយ៍ (HNSEA) ដោយមានការចូលរួមដោយផ្ទាល់ ពីតំណាងនៃកិច្ចប្រជុំថ្នាក់ឧត្តមមន្រ្តីការងារអាស៊ាន (SLOM), សមាគមសន្តិសុខសង្គមអាស៊ាន (ASSA), ក្រុមប្រឹក្សាសហជីព សេវានិយោជិតអាស៊ាន (ASETUC), លេខាធិការដ្ឋានអាស៊ាន, អង្គការដែលជាសមាជិកនៃបណ្តាញអង្គការ WIEGO, អង្គការអន្តរជាតិខាងការងារ (ILO), គណៈកម្មការសេដ្ឋកិច្ច និងសង្គមប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិកនៃអង្គការសហប្រជាជាតិ (UN ESCAP), វេទិកាតុមូលអាស៊ីស្តីពី កិច្ចគាំពារសង្គម, និង អង្គការអន្តរជាតិអុកហ្វាម សរុបប្រមាណជាង ៥០នាក់៕