ព័ត៌មានជាតិ

បរិវត្តកម្មឌីជីថល និងការឈ្វេងយល់ នូវការប្រើប្រាស់ទូលំទូលាយ នៃប្រព័ន្ធឌីជីថល អាចជួយគាំទ្រ ដល់ការអនុវត្ត របបសន្តិសុខសង្គម កាន់តែល្អប្រសើរ

វៀតណាម៖ ក្នុងអង្គសន្និសីទស្តីពី ថ្នាលឌីជីថល និងមូលដ្ឋានទិន្នន័យសម្រាប់លើកកម្ពស់ សេវាសាធារណៈក្នុងបរិបទឌីជីថល(Digital Platform, Database for Promotion of Public in the Digital Environment) នៅប្រទេសវៀតណាម លោកស្រី តឹក ធីតា អនុប្រធាននាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន នៃ ប.ស.ស. កម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករងនៃ ប.ស.ស. និងជាប្រធានប្តូរវេនសមាគម សន្តិសុខសង្គមអាស៊ាន (ASSA) បានលើកឡើងថា៖ បរិវត្តកម្មឌីជីថល និងការឈ្វេងយល់នូវការប្រើប្រាស់ ទូលំទូលាយនៃប្រព័ន្ធឌីជីថល អាចជួយគាំទ្រ ដល់ការអនុវត្ត របបសន្តិសុខសង្គមកាន់តែល្អប្រសើរ។

លោកស្រីបានលើកឡើងទៀតថា៖ បច្ចុប្បន្ន បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) កម្ពុជា បាននិងកំពុងប្រើប្រាស់ប្រព័ន្ធឌីជីថល ក្នុងប្រតិបត្តិការការងារសំខាន់ៗជាច្រើន ហើយបើទោះបីការងារមួយចំនួន នៅមិនទាន់បានផ្លាស់ប្តូរទាំងស្រុង ក្នុងការប្រើប្រាស់ ប្រព័ន្ធឌីជីថលយ៉ាងណាក៏ដោយ តែ ប.ស.ស. កម្ពុជាបាននិងកំពុងបន្សាំខ្លួន ទៅក្នុងបច្ចេកវិទ្យាជំនាន់ថ្មី ដែលជាទិសដៅផែនការយុទ្ធសាស្ត្រ និងបន្តអភិវឌ្ឍសកម្មភាពបច្ចេកវិទ្យា យ៉ាងសស្រាក់សស្រាំតាមការចង្អុលបង្ហាញ របស់លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ប.ស.ស. ផងដែរ។

លោកស្រីបានបន្តទៀតថា៖ ការអភិវឌ្ឍប្រព័ន្ធសម្រាប់ប្រតិបត្តិការការងារជាមួយបច្ចេកវិទ្យាថ្មី បានឈានចូលដល់ដំណាក់កាលទី២ និងបានដាក់គោលដៅបន្ទាប់ គឺការបញ្ចូលបច្ចេកវិទ្យា ជំនាន់ថ្មីដូចជា បញ្ញាសិប្បនិមិ្មត ប្រព័ន្ធសវនកម្ម និង សូចនាករប្រតិបត្តិការគន្លឺះសម្រាប់ហានិភ័យ ជាដើម ដែលអាចឱ្យ ប.ស.ស. កម្ពុជា បានប្រើប្រាស់ប្រព័ន្ធដែលទំនើប ដូចបណ្តាប្រទេសជឿនលឿនផងដែរ។

លោកស្រីបានបញ្ជាក់ទៀតថា វត្តមាន ប.ស.ស. កម្ពុជាបានចូលរួមសន្និសីទថ្នាក់អន្តរជាតិមួយនេះ គឺជាឱកាសដែល ប.ស.ស. កម្ពុជាអាចឈ្វេងយល់បន្ថែមពីប្រព័ន្ធឌីជីថល ក៏ដូចជាទទួលបាន នូវបទពិសោធន៍ថ្មីៗបន្ថែមទៀត ពីបណ្តាប្រទេស នៃសមាគមសន្តិសុខសង្គមអាស៊ាន (ASSA) ដែលជាធាតុចូលសំខាន់ សម្រាប់យកមកសិក្សាបន្ថែម ដើម្បីផ្តល់ភាពងាយស្រួល ក្នុងប្រតិបត្តិការការងារជាមួយនឹងការប្រើប្រាស់ ប្រព័ន្ធបច្ចេកវិទ្យាទំនើបជាជំនួយ។

សូមបញ្ជាក់ថា៖ សន្និសីទស្តីពី ថ្នាលឌីជីថល និងមូលដ្ឋានទិន្នន័យសម្រាប់លើកកម្ពស់ សេវាសាធារណៈ ក្នុងបរិបទឌីជីថលដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តិទៅចំនួន ៤ថ្ងៃ គឺចាប់ពីថ្ងៃទី២៨ ដល់៣១ ខែ មីនា ឆ្នាំ២០២៣ ក្រោមការរៀបចំឡើងដោយអង្គភាពសន្តិសុខសង្គមវៀតណាម (VSS) ដែលប្រារព្ធធ្វើឡើង នៅសណ្ឋាគារ Draco-Thang Long នៃទីក្រុង Hai Phong នៃប្រទេសវៀតណាម ដោយមានការចូលរួម ពីតំណាងអង្គភាពសន្តិសុខសង្គមអាស៊ានទាំង ១០ប្រទេស ធនាគារពិភពលោក និងក្រុមហ៊ុន SAP (សិង្ហបុរី)៕

To Top