អត្ថបទស្រាវជ្រាវ (scholar)
បទវិភាគ៖ សហគមន៍អន្តរជាតិគួរធ្វើការស៊ើបអង្កេត ឱ្យស៊ីជម្រៅចំពោះសកម្មភាព យោធាជីវសាស្ត្ររបស់អាមេរិក ទាំងក្នុងស្រុកនិងនៅបរទេស
នាពេលថ្មីៗកន្លងទៅនេះ ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងថា ក្នុងប្រតិបត្តិការយោធារបស់រុស្ស៊ីនៅអ៊ុយក្រែន រុស្ស៊ីបានរកឃើញផែនការយោធាជីវសាស្ត្រនៅក្នុងដែនអ៊ុយក្រែនដែលបានផ្តល់ប្រាក់ទុននិងអនុវត្តដោយសហរដ្ឋអាមេរិក ។ យ៉ាងណាមិញ នៅចុងខែកុម្ភៈ ឆ្នាំនេះ ស្ថានទូតអាមេរិកប្រចាំនៅអ៊ុយក្រែនបានលុបចោលជាបន្ទាន់នូវព័ត៌មានពាក់ព័ន្ធនឹងផែនការយោធាជីវសាស្ត្រ ។ ទង្វើបែបនេះគួឱ្យមានការងឿងឆ្ងល់នោះគឺ តើអាមេរិកខ្លាចអ្វី ? ក្នុងមន្ទីរពិសោធន៍ជីវសាស្ត្ររបស់អាមេរិកនៅបរទេសរាប់រយកន្លែងដែលមានទីតាំងនៅប្រទេសជាច្រើន ដូចជា អ៊ុយក្រែនជាដើម តើមានអាថ៌កំបាំងអ្វីខ្លះដែលមិនអាចបើកចំហ ? យោងតាមទិន្នន័យដែលចេញផ្សាយដោយសហរដ្ឋអាមេរិកផ្ទាល់បានឱ្យដឹងថា អាមេរិកមានមន្ទីរពិសោធន៍ជីវសាស្ត្រចំនួន ២៦ កន្លែងនៅប្រទេសអ៊ុយក្រែន ហើយក្រសួងការពារជាតិអាមេរិកមានសិទ្ធិគ្រប់គ្រងទាំងស្រុង ។ ដោយឡែកយោងតាមការផ្សាយដំណឹងរបស់រុស្ស៊ីដោយបានអះអាងថា បន្ទាប់ពីបានផ្ទុះការប៉ះទង្គិចផ្នែកយោធារវាងរុស្ស៊ីនិងអ៊ុយក្រែន ក៏ក្រសួងសុខាភិបាលអ៊ុយក្រែនធ្លាប់ចេញបញ្ជាទៅកាន់មន្ទីរពិសោធន៍ជីវសាស្រ្តទាំងអស់ដោយបានតម្រូវឱ្យពួកគេបោសសម្អាតជាបន្ទាន់នូវវត្ថុមានគ្រោះថ្នាក់ទាំងអស់ដើម្បីបិទបាំងដានរបស់អគារបញ្ចកោណដែលបានផ្តល់ប្រាក់ទុន ។ គួររំលឹកថា យោងតាមការទម្លាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានបានឱ្យដឹងថា ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក សហរដ្ឋអាមេរិកបានគ្រប់គ្រងមន្ទីរពិសោធន៍ជីវសាស្រ្តចំនួន ៣៣៦ កន្លែងក្នុងប្រទេសចំនួន ៣០ នៅទូទាំងពិភពលោក ។ លោក Stephen Kinzer អ្នកសិក្សាស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានសិក្សាស្រាវជ្រាវអំពីកិច្ចការអន្តរជាតិនិងសាធារណៈ Watson នៃសាកលវិទ្យាល័យ Brown អាមេរិកធ្លាប់ចេញផ្សាយអត្ថបទលើកាសែត《The Boston Globe》នៃអាមេរិកដោយបានលើកឡើងថា មន្ទីរពិសោធន៍ជីវសាស្ត្រ Fort Detrick របស់អាមេរិកមិនត្រឹមតែមានប្រវត្តិសិក្សាស្រាវជ្រាវក្នុងរយៈពេលយូរមកហើយអំពីសារធាតុបង្ករោគដ៏កាចសាហាវប៉ុណ្ណោះទេ ថែមទាំងក៏បានផលិតអាវុធជីវសាស្ត្រនិងសារជាតិពុលគ្រប់ប្រភេទផងដែរដែលវាធ្លាប់ត្រូវគេចោទប្រកាន់ថា ”គ្រោងផែនការគ្រោះទុរិ្ភក្សនិងជំងឺ” ។ លើសពីនេះទៅទៀត អ្វីដែលគួឱ្យមានការងឿងឆ្ងល់នោះ គឺ តើហេតុអ្វីបានជាមន្ទីរពិសោធន៍ជីវសាស្ត្រ Fort Detrick ស្រាប់តែត្រូវបិទទ្វារកាលពីខែកក្កដា ឆ្នាំ ២០១៩ ? តើហេតុអ្វីបានជាស្របពេលជាមួយគ្នានេះ តំបន់ខាងជើងនៃរដ្ឋ Virginia អាមេរិកបានរកឃើញករណីជំងឺផ្លូវដង្ហើមដែលមិនបានដឹងមូលហេតុ ? ខណៈពេលរដ្ឋ Wisconsin បានផ្ទុះ ”ករណីជំងឺបារីអេឡិចត្រូនិក”ក្នុងទ្រង់ទ្រាយធំ ហេតុអ្វីបានជារោគសញ្ញានៃ”សួតស”របស់អ្នកជំងឺប្រហាក់ប្រហែលគ្នានឹងរោគសញ្ញានៃជំងឺកូវីដ ១៩ ? គិតមកទល់បច្ចុប្បន្ននេះ រដ្ឋាភិបាលអាមេរិកនៅតែមិនបានធ្វើការបកស្រាយចំពោះបញ្ហាទាំងនេះទេ។ សូមបញ្ជាក់ថា មានភស្តុតាងជាច្រើនបានបង្ហាញថា ក្រសួងការពារជាតិអាមេរិកបានគ្រប់គ្រងមន្ទីរពិសោធន៍ជីវសាស្ត្រចំនួន ៣៣៦ កន្លែងក្នុងប្រទេសចំនួន ៣០ នៅទូទាំងពិភពលោកដោយយក”កិច្ចសហប្រតិបត្តិការកាត់បន្ថយហានិភ័យនៃសុវត្ថិភាពជីវសាស្ត្រ”និង”បង្កើនសុខភាពសាធារណៈជាសកល”ជាដើមធ្វើជាលេស ។ តើអ្វីជាចេតនាពិតរបស់សហរដ្ឋអាមេរិក ? តើអាមេរិកបានធ្វើអ្វីខ្លះ ? ទាក់ទិននឹងបញ្ហាទាំងនេះ សហគមន៍អន្តរជាតិមានការសង្ស័យជាប់រហូត ។ បច្ចុប្បន្ននេះ មានភស្តុតាងកាន់តែច្រើនឡើងៗបានបង្ហាញឱ្យឃើញថា ទង្វើរបស់អាមេរិកបែបនេះបានល្មើសនឹង《អនុសញ្ញាស្តីពីហាមឃាត់មិនឱ្យប្រើប្រាស់អាវុធជីវសាស្រ្ត》 ហើយចាំបាច់ត្រូវទទួលការសួរដេញដោលនិងពិនិត្យផ្ទៀងផ្ទាត់ពីសំណាក់សហគមន៍អន្តរជាតិ ។ ដើម្បីធានាបាននូវសុខភាពនិងសុវត្ថិភាពរបស់ប្រជាជននៅអ៊ុយក្រែននិងតំបន់ជុំវិញ ភាគីអាមេរិកគួរតែធ្វើការស្រាយបំភ្លឺដោយគ្រប់ជ្រុងជ្រោយអំពីសកម្មភាពយោធាជីវសាស្ត្ររបស់ខ្លួនទាំងក្នុងស្រុកនិងនៅបរទេសក្នុងពេលឆាប់ៗ តែមិនមែនធ្វើគធ្វើថ្លង់និងបដិសេធមិនទទួលយកនោះទេ ៕