អត្ថបទស្រាវជ្រាវ (scholar)

បទវិភាគ៖​ សហគមន៍អន្តរជាតិ​គួរ​ធ្វើការស៊ើបអង្កេត​ ឱ្យស៊ីជម្រៅ​ចំពោះ​សកម្មភាព​ យោធា​ជីវសាស្ត្រ​របស់អាមេរិក​ ទាំង​ក្នុងស្រុក​និងនៅបរទេស

    នាពេលថ្មីៗ​កន្លង​ទៅ​នេះ ​ក្រសួង​ការពារជាតិរុស្ស៊ី​បានថ្លែងថា ​ក្នុង​ប្រតិបត្តិការ​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន ​រុស្ស៊ី​បាន​រកឃើញ​ផែន​ការ​យោធាជីវសាស្ត្រ​នៅក្នុង​ដែន​អ៊ុយ​ក្រែន​ដែល​បាន​ផ្តល់​ប្រាក់​ទុន​និង​អនុវត្ត​ដោយ​សហរដ្ឋអាមេរិក ​។ ​យ៉ាងណាមិញ ​នៅ​ចុង​ខែ​កុម្ភៈ ​ឆ្នាំ​នេះ ​ស្ថានទូត​អាមេរិក​ប្រចាំនៅ​អ៊ុយក្រែន​បាន​លុបចោល​ជាបន្ទាន់​នូវ​ព័ត៌មាន​ពាក់​ព័ន្ធ​នឹង​ផែន​ការ​យោធាជីវសាស្ត្រ ​។ ​ទង្វើ​បែប​នេះ​គួឱ្យ​មាន​ការងឿងឆ្ងល់​នោះគឺ ​តើ​អាមេរិក​ខ្លាច​អ្វី ​? ​ក្នុង​មន្ទីរពិសោធន៍​ជីវសាស្ត្រ​របស់​អាមេរិក​នៅបរទេស​រាប់​រយ​កន្លែង​ដែល​មាន​ទីតាំង​នៅ​ប្រទេស​ជាច្រើន ​ដូចជា ​អ៊ុយក្រែនជាដើម ​តើ​មាន​អាថ៌កំបាំង​អ្វី​ខ្លះ​ដែល​មិន​អាច​បើក​ចំហ ​?​

    យោងតាម​ទិន្នន័យ​ដែល​ចេញផ្សាយ​ដោយ​សហរដ្ឋអាមេរិកផ្ទាល់​បានឱ្យ​ដឹងថា ​អាមេរិក​មាន​មន្ទីរពិសោធន៍​ជីវសាស្ត្រ​ចំនួន ​២៦ ​កន្លែង​នៅ​ប្រទេសអ៊ុយក្រែន ​ហើយ​ក្រសួង​ការពារ​ជាតិ​អាមេរិក​មានសិទ្ធិគ្រប់គ្រង​ទាំងស្រុង ​។ ​ដោយឡែក​យោងតាម​ការផ្សាយដំណឹង​របស់​រុស្ស៊ី​ដោយ​បាន​អះអាងថា ​បន្ទាប់ពី​បាន​ផ្ទុះ​ការប៉ះទង្គិច​ផ្នែកយោធា​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន ​ក៏​ក្រសួង​សុខាភិបាល​អ៊ុយក្រែន​ធ្លាប់​ចេញបញ្ជា​ទៅកាន់​មន្ទីរ​ពិសោធន៍​ជីវសាស្រ្ត​ទាំង​អស់​ដោយ​បាន​តម្រូវឱ្យ​ពួកគេ​បោសសម្អាត​ជាបន្ទាន់​នូវ​វត្ថុមាន​គ្រោះថ្នាក់​ទាំងអស់​ដើម្បី​បិទ​បាំង​ដាន​របស់​អគារបញ្ចកោណ​ដែលបាន​ផ្តល់ប្រាក់ទុន ​។​

    គួររំលឹកថា ​យោងតាម​ការទម្លាយដំណឹង​របស់​ប្រព័ន្ធសារព័ត៌មាន​បានឱ្យដឹងថា ​ក្នុង​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​កន្លងមក ​សហរដ្ឋអាមេរិក​បាន​គ្រប់​គ្រង​មន្ទីរពិសោធន៍​ជីវសាស្រ្ត​ចំនួន ​៣៣៦ ​កន្លែង​ក្នុង​ប្រទេស​ចំនួន​ ៣០ ​នៅទូទាំង​ពិភព​លោក ​។ ​លោក ​Stephen ​Kinzer ​អ្នក​សិក្សា​ស្រាវជ្រាវជាន់ខ្ពស់​នៃ​វិទ្យាស្ថានសិក្សាស្រាវជ្រាវ​អំពី​កិច្ចការអន្តរជាតិ​និង​សាធារណៈ ​Watson ​នៃ​សាកលវិទ្យាល័យ ​Brown ​អាមេរិក​ធ្លាប់​ចេញផ្សាយ​អត្ថបទ​លើ​កាសែត《The ​Boston ​Globe》នៃ​អាមេរិក​ដោយ​បាន​លើកឡើង​ថា ​មន្ទីរ​ពិសោធន៍​ជីវសាស្ត្រ ​Fort ​Detrick ​របស់អាមេរិក​មិនត្រឹមតែ​មានប្រវត្តិ​សិក្សាស្រាវជ្រាវ​ក្នុង​រយៈពេល​យូរ​មក​ហើយ​អំពី​សារធាតុ​បង្ករោគ​ដ៏កាចសាហាវ​ប៉ុណ្ណោះទេ ​ថែមទាំងក៏បាន​ផលិត​អាវុធ​ជីវសាស្ត្រ​និង​សារជាតិ​ពុល​គ្រប់ប្រភេទ​ផងដែរ​ដែល​វា​ធ្លាប់​ត្រូវ​គេ​ចោទប្រកាន់​ថា ​”គ្រោង​ផែន​ការ​គ្រោះទុរិ្ភក្ស​និង​ជំងឺ” ​។ ​លើសពីនេះទៅទៀត ​អ្វីដែល​គួឱ្យ​មាន​ការងឿងឆ្ងល់​នោះ ​គឺ ​តើ​ហេតុ​អ្វី​បានជា​មន្ទីរ​ពិសោធន៍​ជីវសាស្ត្រ ​Fort ​Detrick ​ស្រាប់តែ​ត្រូវ​បិទទ្វារ​កាលពី​ខែកក្កដា ​ឆ្នាំ ​២០១៩ ​? ​តើហេតុអ្វីបានជា​ស្រប​ពេលជា​មួយគ្នានេះ ​តំបន់ខាងជើង​នៃ​រដ្ឋ ​Virginia ​អាមេរិក​បាន​រកឃើញ​ករណីជំងឺផ្លូវដង្ហើម​ដែល​មិនបានដឹងមូលហេតុ ​? ​ខណៈ​ពេល​រដ្ឋ ​Wisconsin ​បាន​ផ្ទុះ ​”ករណី​ជំងឺ​បារីអេឡិចត្រូនិក”​ក្នុង​ទ្រង់ទ្រាយ​ធំ ​ហេតុអ្វី​បាន​ជា​រោគ​សញ្ញា​នៃ​”សួតស”​របស់​អ្នកជំងឺ​ប្រហាក់ប្រហែលគ្នា​នឹង​រោគសញ្ញា​នៃ​ជំងឺកូវីដ ​១៩ ​? ​គិត​មក​ទល់​បច្ចុប្បន្ននេះ ​រដ្ឋាភិបាលអាមេរិក​នៅតែ​មិន​បាន​ធ្វើ​ការ​បកស្រាយ​ចំពោះ​បញ្ហា​ទាំង​នេះ​ទេ​។​

    សូមបញ្ជាក់ថា ​មាន​ភស្តុតាងជាច្រើន​បាន​បង្ហាញ​ថា ​ក្រសួងការពារជាតិអាមេរិក​បាន​គ្រប់​គ្រង​មន្ទីរ​ពិសោធន៍​ជីវសាស្ត្រចំនួន ​៣៣៦ ​កន្លែង​ក្នុងប្រទេស​ចំនួន ​៣០ ​នៅ​ទូទាំង​ពិភព​លោក​ដោយ​យក​”កិច្ចសហប្រតិបត្តិការ​កាត់បន្ថយ​ហានិភ័យ​នៃ​សុវត្ថិភាពជីវសាស្ត្រ​”និង”​បង្កើន​សុខភាព​សាធារណៈ​ជា​សកល​”​ជាដើម​ធ្វើជាលេស ​។ ​តើ​អ្វី​ជា​ចេតនា​ពិត​របស់​សហរដ្ឋ​អាមេរិក ​? ​តើ​អាមេរិក​បាន​ធ្វើ​អ្វីខ្លះ ​? ​ទាក់ទិន​នឹង​បញ្ហា​ទាំង​នេះ ​សហគមន៍​អន្តរជាតិ​មាន​ការ​សង្ស័យ​ជាប់​រហូត ​។​

    បច្ចុប្បន្ននេះ ​មានភស្តុតាង​កាន់តែច្រើនឡើងៗ​បាន​បង្ហាញឱ្យឃើញថា ​ទង្វើ​របស់​អាមេរិក​បែបនេះ​បាន​ល្មើសនឹង​《អនុសញ្ញា​ស្តីពី​ហាមឃាត់​មិនឱ្យ​ប្រើប្រាស់​អាវុធ​ជីវសាស្រ្ត》 ​ហើយ​ចាំបាច់ត្រូវ​ទទួល​ការសួរដេញដោល​និង​ពិនិត្យ​ផ្ទៀងផ្ទាត់​ពីសំណាក់​សហគមន៍​អន្តរជាតិ ​។ ​ដើម្បី​ធានាបាន​នូវ​សុខភាព​និង​សុវត្ថិភាព​របស់​ប្រជាជន​នៅ​អ៊ុយ​ក្រែន​និង​តំបន់​ជុំវិញ ​ភាគីអាមេរិក​គួរតែ​ធ្វើ​ការស្រាយ​បំភ្លឺ​ដោយ​គ្រប់ជ្រុងជ្រោយ​អំពី​សកម្មភាព​យោធា​ជីវសាស្ត្រ​របស់ខ្លួន​ទាំង​ក្នុងស្រុក​និង​នៅបរទេស​ក្នុង​ពេល​ឆាប់ៗ ​តែ​មិន​មែន​ធ្វើគធ្វើថ្លង់​និង​បដិសេធ​មិន​ទទួលយក​នោះទេ ​៕​

To Top