បរទេស៖ក្រុមហ៊ុនការពារជាតិអ៊ីស្រាអែល Israel Aerospace Industries តាមសេចក្តីរាយការណ៍ នៅពេលថ្មីៗនេះ បានប្រកាសប្រាប់ថា កូនយន្តហោះគ្មានមនុស្សបើក ដែលផលិតឡើងក្នុងប្រទេសអ៊ីស្រាអែល សម្រាប់ក្រសួងការពារជាតិរបស់ប្រទេសអាល្លឺម៉ង់ បានបញ្ចប់ការហោះហើរដំបូងបានយ៉ាងជោគជ័យ។
យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា កូនយន្តហោះគ្មានមនុស្សបើក Heron TP ដែលបានកែប្រែផ្លាស់ប្តូរទៅតាមក្រសួងការពារជាតិអាល្លឺម៉ង់នោះ បានបញ្ចប់ការតេស្តហោះហើរដំបូងរបស់ខ្លួន នៅក្នុងប្រទេសអ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ។
គួរបញ្ជាក់ថា ក្រសួងការពារជាតិអាល្លឺម៉ង់និងអ៊ីស្រាអែល បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមានទំហំទឹកប្រាក់៦០០លានដុល្លាររយៈពេល៩ឆ្នាំ កាលពីឆ្នាំ២០១៨ ដើម្បីជួលយកកូនយន្តហោះគ្មានមនុស្សបើកជាច្រើនគ្រឿង ហើយកុងត្រានោះ គ្របដណ្ដប់លើវគ្គបណ្ដុះបណ្ដាល ការគាំទ្រនិងថែទាំជាមួយក្រុមមានមនុស្ស៣៥នាក់ ពីអាល្លឺម៉ង់ ផ្តល់ការហ្វឹកហាត់ដើម្បីការកូនយន្តហោះនោះ នៅក្នុងប្រទេសអ៊ីស្រាអែល៕ ប្រែសម្រួល៖ប៉ាង កុង