បច្ចេកវិទ្យា

សូមមានការ ប្រុងប្រយ័ត្ន ជាមួយនឹងការឈ្នះរង្វាន់ តាមរយៈបណ្ដាញទំនាក់ទំនងសង្គម


ភ្នំពេញ៖ក្នុងរយៈពេលថ្មីៗនេះ នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យា បានសង្កេតឃើញមានការកើនឡើងនូវការទទួលបានសារទាក់ទង នឹងការឈ្នះរង្វាន់តាមបណ្ដាញទំនាក់ទំនងសង្គមដូចជា Telegram និងហ្វេសប៊ុក។

ជាឧទាហរណ៍ មានអ្នកប្រើប្រាស់មួយចំនួនទទួលបានសារដែលមានខ្លឹមសារថា “ខ្ញុំទើបតែបានឈ្នះរង្វាន់ដោយឥតគិតថ្លៃមួយដោយគ្រាន់តែឆ្លើយសំណួរមួយចំនួន! អ្នកគប្បីធ្វើវាឥឡូវនេះ គឺមុនពេលដែលកម្មវិធីផ្ដល់រង្វាន់បានបញ្ចប់ទៅ!”។

បើតាមការស្រាវជ្រាវរបស់នាយកដ្ឋាន សារទាំងអស់នេះគឺជាសារបោកបញ្ឆោត ហើយវាគឺជាល្បិចរបស់ពួកក្រុមជនខិលខូចដើម្បីលួចប្រមូលយកទិន្នន័យរបស់អ្នកប្រើប្រាស់។ នៅពេលខ្លះទៀតនោះពួកគេនឹងទាមទារឱ្យលោកអ្នកធ្វើការបង់ប្រាក់បន្តិចបន្តួចដើម្បីឱ្យលោកអ្នកមានការជឿជាក់ប៉ុន្តែនេះជាល្បិចដើម្បីបោកបញ្ឆោតយកប្រាក់កាសឬដើម្បីលួចយកលេខប័ណ្ណឥណទានរបស់លោកអ្នកទៀតផង។

ការបោកបញ្ឆោតដោយអះអាងថា ឈ្នះរង្វាន់មានដូចជាកុំព្យូទ័រនិងទូរសព្ទដៃតាមរយៈកម្មវិធី Telegram ដែលមានឈ្មោះថា Classiscam បានរីករាលដាលយ៉ាងខ្លាំងនៅក្នុងសហរដ្ឋអាមេរិក និងប្រទេសមួយចំនួននៅក្នុងសហភាពអឺរ៉ុបប៉ុន្តែល្បិចនៃការបោកបញ្ឆោតនេះត្រូវបានចាប់ផ្តើមឡើងនៅក្នុងប្រទេសរុស្ស៊ីកាលពីឆ្នាំ ២០១៩។ បច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវបានប៉ាន់ប្រមាណថាមានជនខិលខូចចំនួន ៥ពាន់នាក់ដែលកំពុងតែប្រើប្រាស់វិធីនេះដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់។

នាយកដ្ឋានសូមណែនាំដល់អ្នកប្រើប្រាស់ទាំងអស់ កុំជឿលើការឈ្នះរង្វាន់ ដែលផ្សព្វផ្សាយតាមរយៈបណ្ដាញទំនាក់ទំនងសង្គមណាមួយនោះព្រោះភាគច្រើនវាគឺជាការបោកបញ្ឆោត។ សូមលោកអ្នកកុំចុចនៅលើតំណភ្ជាប់ ឬធ្វើការចែកចាយបន្ត ដែលនាំឱ្យខាតបង់ពេលវេលា ឬប្រាក់កាសរបស់លោកអ្នកតែប៉ុណ្ណោះ៕

To Top