បច្ចេកវិទ្យា

ក្រោយពីពន្យារពេល អស់ជាងមួយឆ្នាំមក ក្រុមហ៊ុន Telegram បានបន្ថែមមុខងារវីដេអូខលជាក្រុម

ភ្នំពេញ៖ កាលពីខែមេសាឆ្នាំ២០២០ ក្រុមហ៊ុន Telegram បានប្រកាសថា នឹងដាក់ឱ្យប្រើប្រាស់មុខងារវីដេអូខលជាក្រុម ឱ្យបានមុនដំណាច់ឆ្នាំ ប៉ុន្តែក្រុមហ៊ុនពុំបានបញ្ចេញមុខងារនោះទេ ហើយក្នុងខែមេសាឆ្នាំ២០២១ ក្រុមហ៊ុនបានប្រកាសជាថ្មីម្ដងទៀតថា មុខងារនេះនឹងដាក់ឱ្យប្រើប្រាស់នៅក្នុងខែឧសភាវិញ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់នាយកដ្ឋានប្រឆាំង បទល្មើសបច្ចេកវិទ្យាបានឲ្យដឹងថា
ទោះបីជាក្រុមហ៊ុនមាន ការយឺតយ៉ាវក្នុងការបញ្ចេញដាក់ ឱ្យប្រើប្រាស់មុខងារវីដេអូខលជាង កម្មវិធីផ្សេងៗទៀតក៏ដោយ ប៉ុន្តែសម្រាប់អ្នកប្រើប្រាស់មួយចំនួន ដែលចូលចិត្តប្រើកម្មវិធី Telegram ពួកគេកំពុងតែទន្ទឹងរង់ចាំ ដើម្បីប្រើមុខងារនេះ។

ដើម្បីប្រើមុខងារវីដេអូខលជាក្រុមនេះ ដំបូងលោកអ្នកត្រូវបង្កើតក្រុមមួយ បន្ទាប់មកលោកអ្នកត្រូវចុច នៅលើរូបសញ្ញារបស់ក្រុម ហើយចុចនៅលើប៊ូតុង ‘Voice Chat’។ ចុងក្រោយលោកអ្នកអាចចុចនៅលើប៊ូតុង ‘Video’ ហើយចុចលើ ‘Share Video Call’ ដើម្បីចាប់ផ្ដើមវីដេអូខល ឬលោកអ្នកអាចជ្រើសយកជម្រើស ‘Share Screen’ ដើម្បីអាចស៊ែស្រ្គីនទូរសព្ទរបស់លោក អ្នកជាមួយនឹងក្រុមក៏បាន។

ដើម្បីអាចប្រើមុខងារវីដេអូខលថ្មីនេះបាន លោកអ្នកត្រូវធ្វើបច្ចុប្បន្នភាពកម្មវិធី Telegram ដែលក្រុមហ៊ុនបានដាក់ឱ្យប្រើប្រាស់ កាលពីម្សិលមិញនេះ។ ម្យ៉ាងវិញទៀតកម្មវិធី Telegram តម្រូវឱ្យអ្នកប្រើប្រាស់ជា ‘Admin’ ដើម្បីអាចចាប់ផ្ដើម ‘Voice Chat’ បាន៕

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top