បច្ចេកវិទ្យា

ចក្រភពអង់គ្លេស បើកការស៊ើបអង្កេតលើក្រុមហ៊ុន Meta ជុំវិញការដាក់ចេញលក្ខខណ្ឌថ្មី “កេងប្រវ័ញ្ច” លើស្ថាប័នព័ត៌មាន ស្របពេលមានការរិះគន់ជាសកល

​បរទេស៖ ស្ថាប័នឃ្លាំមើលការប្រកួតប្រជែងរបស់ចក្រភពអង់គ្លេស បានចាប់ផ្តើមការស៊ើបអង្កេតមួយ ដើម្បីពិនិត្យមើលថាតើក្រុមហ៊ុន Meta កំពុងដាក់ចេញនូវលក្ខខណ្ឌថ្មីដែលមានលក្ខណៈ “កេងប្រវ័ញ្ច” ដែរឬទេ ដែលអនុញ្ញាតឱ្យក្រុមហ៊ុននេះអាចប្រើប្រាស់មាតិការបស់ស្ថាប័នព័ត៌មាននានា សម្រាប់ផលិតផលរបស់ខ្លួន រួមទាំងបញ្ញាសិប្បនិម្មិត (AI) ដោយមិនផ្តល់ជម្រើសសមស្របដល់ស្ថាប័នទាំងនោះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។ ​អាជ្ញាធរប្រកួតប្រជែង និងទីផ្សារ (CMA) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការស៊ើបអង្កេតនេះ នឹងពិនិត្យមើលថាតើ “លក្ខខណ្ឌប្រើប្រាស់” ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះ អាច “បង្កផលប៉ះពាល់ដោយអយុត្តិធម៌ដល់ស្ថាប័នបោះពុម្ពផ្សាយព័ត៌មាន និងអាជីវកម្មមាតិកាផ្សេងទៀត” ដែរឬយ៉ាងណា។ ​CMA បានបញ្ជាក់ទៀតថា លក្ខខណ្ឌថ្មីដែលក្រុមហ៊ុនមេរបស់ Facebook…

​បរទេស៖ ស្ថាប័នឃ្លាំមើលការប្រកួតប្រជែងរបស់ចក្រភពអង់គ្លេស បានចាប់ផ្តើមការស៊ើបអង្កេតមួយ ដើម្បីពិនិត្យមើលថាតើក្រុមហ៊ុន Meta កំពុងដាក់ចេញនូវលក្ខខណ្ឌថ្មីដែលមានលក្ខណៈ “កេងប្រវ័ញ្ច” ដែរឬទេ ដែលអនុញ្ញាតឱ្យក្រុមហ៊ុននេះអាចប្រើប្រាស់មាតិការបស់ស្ថាប័នព័ត៌មាននានា សម្រាប់ផលិតផលរបស់ខ្លួន រួមទាំងបញ្ញាសិប្បនិម្មិត (AI) ដោយមិនផ្តល់ជម្រើសសមស្របដល់ស្ថាប័នទាំងនោះ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន EuroNews ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។

​អាជ្ញាធរប្រកួតប្រជែង និងទីផ្សារ (CMA) បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា ការស៊ើបអង្កេតនេះ នឹងពិនិត្យមើលថាតើ “លក្ខខណ្ឌប្រើប្រាស់” ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់សហរដ្ឋអាមេរិកមួយនេះ អាច “បង្កផលប៉ះពាល់ដោយអយុត្តិធម៌ដល់ស្ថាប័នបោះពុម្ពផ្សាយព័ត៌មាន និងអាជីវកម្មមាតិកាផ្សេងទៀត” ដែរឬយ៉ាងណា។

​CMA បានបញ្ជាក់ទៀតថា លក្ខខណ្ឌថ្មីដែលក្រុមហ៊ុនមេរបស់ Facebook និង Instagram បានគ្រោងនឹងដាក់ឱ្យអនុវត្តនៅថ្ងៃទី២០ ខែវិច្ឆិកា មុនពេលសម្រេចចិត្តផ្អាកទៅវិញនោះ អាចចាត់ទុកថាជាការរំលោភបំពានលើឥទ្ធិពល និងអំណាចគ្រប់គ្រងទីផ្សាររបស់ខ្លួន។ ស្ថាប័នឃ្លាំមើលនេះនឹងកំណត់ថាតើ “Meta កំពុងរំលោភបំពានលើជំហររបស់ខ្លួន តាមរយៈការដាក់ចេញលក្ខខណ្ឌកេងប្រវ័ញ្ច ទៅលើស្ថាប័នបោះពុម្ពផ្សាយ និងអ្នកផ្សាយពាណិជ្ជកម្មឬទេ”។

​លក្ខខណ្ឌថ្មីរបស់ Meta អាចនឹងអនុញ្ញាតឱ្យក្រុមហ៊ុននេះ ចូលទៅយកនិងប្រើប្រាស់មាតិកាពីគេហទំព័ររបស់ស្ថាប័នព័ត៌មាន ដើម្បីអភិវឌ្ឍ និងផ្តល់ជូននូវផលិតផលផ្ទាល់ខ្លួនរបស់គេ រួមទាំងមុខងារ AI ផងដែរ។ ឆ្លើយតបនឹងបញ្ហានេះ អ្នកនាំពាក្យក្រុមហ៊ុន Meta បានថ្លែងថា៖ “យើងបានប្តេជ្ញារួចហើយថានឹងមិនផ្លាស់ប្តូរលក្ខខណ្ឌរបស់យើង ដោយមិនបានពិគ្រោះយោបល់ជាមួយស្ថាប័នព័ត៌មាន និងភាគីពាក់ព័ន្ធផ្សេងទៀតនោះទេ”។ ពួកគេបានបន្ថែមថា “យើងស្វាគមន៍ចំពោះឱកាសក្នុងការបកស្រាយអំពីគោលការណ៍របស់យើងទៅកាន់ CMA”។

​លោកស្រី Sarah Cardell នាយកប្រតិបត្តិ CMA បានមានប្រសាសន៍ថា ដោយសារអាជីវកម្មរាប់ពាន់នៅអង់គ្លេសពឹងផ្អែកលើ Meta ដើម្បីទាក់ទាញអតិថិជន ការដាក់ចេញនូវលក្ខខណ្ឌមិនយុត្តិធម៌អាចជាការរំលោភលើច្បាប់ប្រកួតប្រជែង។ លោកស្រីបានបញ្ជាក់ថា៖ “យើងបានស្តាប់លឺពីក្តីកង្វល់របស់ស្ថាប័នព័ត៌មាន និងអាជីវកម្មផ្សេងៗ ហើយយើងកំពុងចាត់វិធានការយ៉ាងឆាប់រហ័ស ដើម្បីស៊ើបអង្កេតថាតើការផ្លាស់ប្តូរដែល Meta ស្នើឡើង អាចរំលោភលើច្បាប់ប្រកួតប្រជែងដែរឬទេ”។

​ចំណាត់ការរបស់រដ្ឋាភិបាលអង់គ្លេសនេះ ធ្វើឡើងស្របពេលដែលមានចំណាត់ការជាបន្តបន្ទាប់នៅទូទាំងអឺរ៉ុប និងជុំវិញពិភពលោក ប្រឆាំងនឹងការស្នើឡើងនូវវិធានការថ្មី និងការអនុវត្តជាទូទៅរបស់ Meta ក្នុងការប្រើប្រាស់មាតិកាព័ត៌មាន។

​គិតចាប់តាំងពីខែឧសភា ឆ្នាំនេះ គេហទំព័រព័ត៌មានក្នុងស្រុក និងថ្នាក់ជាតិជាង ៣៤០ ស្ថាប័ន រួមមានកាសែត The Guardian, The New York Times និង USA Today បានធ្វើការបិទរាំងខ្ទប់ (Block) កម្មវិធីទាញយកទិន្នន័យ (Crawler bots) ដើម្បីការពារកុំឱ្យក្រុមហ៊ុនបច្ចេកវិទ្យាទាំងនេះ ប្រមូលទិន្នន័យយកទៅបង្វឹកប្រព័ន្ធ AI របស់ពួកគេ។

​នៅក្នុងសប្តាហ៍នេះ តុលាការន័រវេស ក៏បានចេញដីកាហាមប្រាមបណ្តោះអាសន្នមិនឱ្យ Meta អនុវត្តលក្ខខណ្ឌអ្នកប្រើប្រាស់ថ្មីនេះ បន្ទាប់ពីស្ថាប័នព័ត៌មានចំនួន ១០ បានលើកឡើងថា វាអាចនឹងគំរាមកំហែងដល់សិទ្ធិស្របច្បាប់លើមាតិការបស់ពួកគេ។

​ដោយឡែកនៅប្រទេសបារាំង កាលពីថ្ងៃព្រហស្បតិ៍ តុលាការឧទ្ធរណ៍បានទាត់ចោលបណ្តឹងរបស់ Meta ដែលព្យាយាមលុបចោលបទបញ្ជាតម្រូវឱ្យខ្លួនចរចាដោយសុចរិតជាមួយប្រព័ន្ធផ្សព្វផ្សាយបារាំង ពាក់ព័ន្ធនឹងការទូទាត់សិទ្ធិអ្នកនិពន្ធ (Rights payments) សម្រាប់ព័ត៌មានដែលត្រូវបានប្រើប្រាស់នៅលើបណ្តាញសង្គមរបស់ខ្លួន។ នៅក្នុងសេចក្តីសម្រេចទាំងពីរ តុលាការឧទ្ធរណ៍ទីក្រុងប៉ារីសបានរកឃើញថា ទង្វើរបស់ Meta បានបង្ក “ផលប៉ះពាល់ធ្ងន់ធ្ងរ និងភ្លាមៗដល់វិស័យសារព័ត៌មាន” នៅប្រទេសបារាំង។

​គួរបញ្ជាក់ថា កាលពីខែកក្កដា អាជ្ញាធរនិយតកម្មបារាំង បានបញ្ជាឱ្យក្រុមហ៊ុនមេរបស់ Facebook និង Instagram មួយនេះ “ចរចាដោយសុចរិត” ជាមួយប្រព័ន្ធផ្សព្វផ្សាយបារាំង លើការទូទាត់សិទ្ធិជិតខាង (Neighbouring rights payments) ដែលជាទម្រង់នៃការទូទាត់សិទ្ធិអ្នកនិពន្ធសម្រាប់ការប្រើប្រាស់ព័ត៌មាននៅលើបណ្តាញសង្គម ដោយចាត់ទុកថាទង្វើរបស់ Meta អាចត្រូវបានចាត់ទុកថាជា “ការរំលោភបំពានទីផ្សារ”។ អ្នកនាំពាក្យក្រុមហ៊ុន Meta បានសម្តែងការខកចិត្តចំពោះសេចក្តីសម្រេចរបស់តុលាការប៉ារីសនេះ ហើយបញ្ជាក់ថាក្រុមហ៊ុនកំពុងពិចារណាលើជំហានបន្ទាប់។

To Top