បរទេស៖ តម្លៃមាសដុំរបស់ក្រុមហ៊ុនគ្រឿងអលង្ការមាសសាយហ្គន (Saigon Gold Jewelry Company) បានធ្លាក់ចុះ ០,៩១% មកនៅត្រឹម ១៤១,៤ លានដុង (ប្រមាណ ៥.៤៨២,៣២ ដុល្លារអាមេរិក) ក្នុងមួយតម្លឹង ដែលជាកម្រិតទាបបំផុតគិតចាប់តាំងពីថ្ងៃទី២៩ ខែកញ្ញា។ គិតត្រឹមសប្តាហ៍នេះ លោហៈធាតុមានតម្លៃនេះបានធ្លាក់ចុះ ០,២១% មកហើយ នេះបើយោងតាមការចេញផ្សាយពីសារព័ត៌មាន VNEXPRESS ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦ ។
ចំណែកឯតម្លៃមាសចិញ្ចៀនវិញ បានធ្លាក់ចុះ ០,២៩% មកនៅត្រឹម ១៣៨,៣ លានដុង ក្នុងមួយតម្លឹង។ (បញ្ជាក់៖ មួយតម្លឹងស្មើនឹង ៣៧,៥ ក្រាម ឬ ១,២ អោន)។
យោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅលើទីផ្សារសកលលោក តម្លៃមាសបានធ្លាក់ចុះកាលពីថ្ងៃសុក្រ ខណៈដែលការកើនឡើងនៃតម្លៃប្រេងបានជំរុញឱ្យមានក្តីបារម្ភអំពីអតិផរណា ស្របពេលដែលទិន្នន័យអតិផរណាដ៏រឹងមាំរបស់សហរដ្ឋអាមេរិក បានពង្រឹងលទ្ធភាពសម្រាប់ការដំឡើងអត្រាការប្រាក់មួយផ្សេងទៀតដោយធនាគារកណ្តាលអាមេរិក (Federal Reserve) នៅចុងឆ្នាំនេះ។
តម្លៃមាសជួញដូរភ្លាមៗ (Spot gold) បានធ្លាក់ចុះ ០,៦% មកនៅត្រឹម ៣.៩៩៧,៣៩ ដុល្លារក្នុងមួយអោន ខណៈដែលកិច្ចសន្យាជួញដូរមាសជាមុនរបស់អាមេរិក (US gold futures) សម្រាប់ការប្រគល់ជូននៅខែធ្នូ បានធ្លាក់ចុះ ០,៦% មកនៅត្រឹម ៤.០០៧,៨០ ដុល្លារ។ មាសដុំកំពុងស្ថិតក្នុងនិន្នាការធ្លាក់ចុះប្រចាំខែជាលើកទីពីរជាប់ៗគ្នា។
អតិផរណានៅសហរដ្ឋអាមេរិកបានកើនឡើងលឿននៅក្នុងខែកញ្ញា ដោយសារអ្នកប្រើប្រាស់ត្រូវចំណាយកាន់តែច្រើនលើប្រេងសាំង និងទំនិញផ្សេងៗទៀត ដែលជាកត្តាគាំទ្រដល់ការព្យាករណ៍របស់អ្នកសេដ្ឋកិច្ចអំពីការដំឡើងអត្រាការប្រាក់ពីសំណាក់ធនាគារកណ្តាលអាមេរិកនៅក្នុងខែធ្នូខាងមុខ។
អត្រាការប្រាក់កាន់តែខ្ពស់ នឹងបង្កើនថ្លៃដើមឱកាសនៃការកាន់កាប់មាសដុំដែលមិនផ្តល់ផលចំណេញ (មិនមានការប្រាក់) ដែលធ្វើឱ្យថយចុះនូវភាពទាក់ទាញរបស់មាសក្នុងចំណោមអ្នកវិនិយោគ។
លោក Tim Waterer ប្រធានអ្នកវិភាគទីផ្សារនៅក្រុមហ៊ុន KCM Trade បានមានប្រសាសន៍ថា៖ “មានសូចនាករវិជ្ជមានគ្រប់គ្រាន់នៅក្នុងទិន្នន័យម៉ាក្រូសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកក្នុងសប្តាហ៍នេះ ដើម្បីរក្សាជំហានរបស់ធនាគារកណ្តាលអាមេរិក ឆ្ពោះទៅរកការដំឡើងអត្រាការប្រាក់ដែលអាចកើតមាននៅខែធ្នូ។ កត្តានេះ រួមផ្សំជាមួយនឹងតម្លៃប្រេងនៅកម្រិតបច្ចុប្បន្ន មានន័យថាមាសនៅតែបន្តបាត់បង់អត្ថប្រយោជន៍ពីទស្សនវិស័យនៃអតិផរណា។”
លោកបានបន្ថែមថា៖ “ការសម្រុកទិញនៅពេលតម្លៃធ្លាក់ចុះ (Dip buying) ធ្លាប់បានជួយទប់ស្កាត់ការធ្លាក់ចុះយ៉ាងខ្លាំងនាពេលកន្លងមក ប៉ុន្តែគេនៅរង់ចាំមើលថាតើ ការទិញផ្អែកលើការស្វែងរកតម្លៃចំណេញ (Value buying) នឹងអាចមកជួយស្រោចស្រង់តម្លៃមាសបានដែរឬយ៉ាងណា។”
ប្រែសម្រួល៖ គីរី
