បច្ចេកវិទ្យា

ហេតុអ្វីនៅសុខៗគេ Add លោកអ្នកចូល Group ឬ Channel ដោយមិនដឹងខ្លួន? តើវាអាចបង្កហានិភ័យ អ្វីខ្លះដល់លោកអ្នក?

ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ដោយសារប្រព័ន្ធ Telegram បានក្លាយជាកម្មវិធីទំនាក់ទំនងសង្គមដ៏ពេញនិយមបំផុតមួយនៅកម្ពុជា បានធ្វើឲ្យមនុស្សភាគច្រើនប្រើប្រាស់វាជាមធ្យោបាយទំទាក់ទំនងការងារ អាជីវកម្ម ការសិក្សា ការផ្សព្វផ្សាយព័តមាន ការផ្សព្វផ្សាយពាណិជ្ចកម្ម ។ល។

កត្តានេះបានធ្វើឲ្យមនុស្សមួយចំនួនឆ្លៀតឱកាសរហូតឈានដល់ការប្រើប្រាស់មុខងារ (Tools ឬ Bot) របស់ប្រព័ន្ធនេះដើម្បីទាញយកសមាជិកចូលរួមក្នុងក្រុម (Group ឬ Channel) របស់ពួកគេដោយពុំមានការអនុញ្ញាតពីម្ចាស់សាម៉ីខ្លួន។

ផលប៉ះពាល់នៃការទាញយកគណនីTelegram របស់លោកអ្នកចូលទៅក្នុងក្រុម (Group ឬ Channel) ដោយគ្មានការអនុញ្ញាត្តនេះ ផ្តល់នូវផលប៉ះពាល់មួយចំនួនដូចខាងក្រោម៖

  • បង្កនូវការរំខានលោកអ្នកពីការចូលរួមក្នុងក្រុម(Group ឬ Channel) ដែលមិនត្រូវនឹងចំណង់ចំណូលចិត្ត ឬគោលបំណងប្រើប្រាស់របស់លោកអ្នក
  • បង្កនូវសំលេងរំខានពីការផ្ញើសារចូលក្នុងក្រុម (Group ឬ Channel) ទាំងនោះ
  • ផ្តល់នូវហានិភ័យពីការលួចប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកដូចជា រូបភាព ឈ្មោះ លេខទូរសព្ទ ពីជនអនាមិក ឬទុច្ចរិតជន ទៅប្រើប្រាស់ប្រព្រឹត្តិបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា
  • បង្កហានិភ័យពីការទំនាក់ទំនង ដោយផ្ទាល់ពីជនអណាមិក ឬឧក្រិដ្ឋជនបច្ចេកវិទ្យាមកកាន់លោកអ្នក (ដោយសារពេលខ្លះ ជនអនាមិក ឬឧក្រិដ្ឋជនបច្ចេកវិទ្យាទាំងនោះក៏សម្ងំនៅក្នុងក្រុមសាធារណៈអស់ទាំងនោះជាមួយលោកអ្នកដែរ)។

ដើម្បីចៀសវាងពីបញ្ហាប្រឈមនៃ ការអនុញ្ញាតឲ្យអ្នកណាម្នាក់អាចដាក់គណនីTelegram របស់លោកអ្នកចូលក្នុងក្រុម (Group ឬ Channel) ដោយគ្មានការអនុញ្ញាត និងចៀសវាងហានិភ័យដូចបានរៀបរាប់ខាងលើ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានព័ត៌មានវិទ្យា សូមធ្វើការបង្ហាញនូវវិធីសាស្ត្រងាយៗដើម្បីការពារព័ត៌មានផ្ទាល់ខ្លួន និងកំណត់នូវឯកជនភាពរបស់គណនី Telegram លោកអ្នកដូចក្រោម៖

១. វិធីសាស្ត្របិទលេខទូរស័ព្ទរបស់លោកអ្នក ការពារកុំឲ្យអ្នកដែលមិនស្គាល់មើលឃើញ
បើកកម្មវិធី Telegram រួចហើយចូលទៅកាន់ Settings -> Privacy & Security -> Privacy -> Phone Number (ត្រង់ពាក្យ WHO CAN SEE MY PHONE NUMBER ជ្រើសរើសពាក្យ Nobody) (ត្រង់ពាក្យ WHO CAN FIND ME BY MY NUMBER ជ្រើសរើសពាក្យ My Contacts)។

២. វិធីសាស្ត្របិទរូបភាពProfile ការពារកុំឲ្យអ្នកដែលមិនស្គាល់មើលឃើញ
បើកកម្មវិធី Telegram រួចហើយចូលទៅកាន់ Settings -> Privacy & Security -> Privacy -> Profile Photo (ត្រង់ពាក្យ WHO CAN SEE MY PROFILE PHOTO ជ្រើសរើសពាក្យ My Contacts)។

៣. វិធីសាស្ត្រការពារកុំឲ្យអ្នកដទៃដែលលោកអ្នកមិនស្គាល់ដាក់លោកអ្នកចូលក្នុងក្រុម(Group ឬ Channel) ផ្សេងៗបាន៖
បើកកម្មវិធី Telegram រួចហើយចូលទៅកាន់ Settings -> Privacy & Security -> Groups & Channel រួចចុចយក My Contacts ជំនួសដោយ Everybody (លោកអ្នកក៏អាចដក ឬដាក់ Contacts ជាក់លាក់ណាមួយក៏បានដែរ) ៕

To Top