បច្ចេកវិទ្យា

ក្រុមហ៊ុន META ជួយ​​បង្កើន​សុវត្ថិភាព ​អនឡាញ​សម្រាប់​ស្ត្រី​កម្ពុជា​​​តាម​រយៈ​​​ យុទ្ធនាការ​​សុវត្ថិភាព​​ថ្មី

តើ​អ្នក​​ធ្លាប់​ឆ្ងល់ដែរឬទេ​​​ថាតើ​អ្នកអាច​​​​គ្រប់គ្រង​​មាតិកា​ដែល​អ្នក​​បង្ហោះបាន​កាន់តែ​ប្រសើរ​ដោយ​របៀបណា និងរបៀប​​​ធ្វើឱ្យ​ប្រាកដថា មាតិកា​របស់អ្នក​​ត្រូវ​បាន​ការពារ​តាម​របៀប​ដែលអ្នក​ចង់​បាន? តើអ្នក​ចង់​ដឹង​ពី​របៀប​បង្កើត​បទពិសោធ​អនឡាញ​ដែល​អ្នក​សាក​សម​នឹង​ទទួល​បានដែរ​ឬ​ទេ? តើ​​អ្នក​​ចង់​​មាន​លទ្ធភាពអាច​​​ជ្រើស​រើសបាន​​ថា តើ​​អ្នក​ណា​​​​​អាច​​មើល​​ឃើញ​​អ្វី​ដែល​​អ្នក​បាន​​​បង្ហោះដែរឬទេ? បើដូច្នេះ​មែន អ្នក​ប្រហែល​ជា​ចង់​តាមដាន​យុទ្ធនាការ​សុវត្ថិភាព​ថ្មី​របស់ Meta Cambodia ហើយ​ ដែល​យុទ្ធនាការ​នេះ​ធ្វើឡើង​ក្នុង​គោល​បំណង​ជួយ​ស្ត្រី​កម្ពុជា​​ឱ្យ​​បង្កើន​​សុវត្ថិភាព​​​​អនឡាញ​​​ និង​គ្រប់​គ្រងមាតិកា​​របស់​ពួកគេ​។

យុទ្ធនាការ​ដែល​ចាប់​ផ្តើម​នៅ​ខែតុលា​រហូត​​ដល់​ខែវិច្ឆិកានេះ ធ្វើឡើង​ក្រោម​ប្រធានបទ #ThisGirlCan។ យុទ្ធនាការ #ThisGirlCan មាន​គោលបំណង​ជួយ​ស្ត្រី​កម្ពុជា​ឱ្យ​បង្កើតបរិយាកាស​សុវត្ថិភាព​ដែលពួកគេ​មាន​អារម្មណ៍​ជឿជាក់​លើ​ការ​ចែក​រំលែក​មាតិកា​​របស់​ពួកគេ និង​​អាច​ភ្ជាប់​​ទំនាក់​​ទំនង​​ជា​​មួយ​​អ្នក​​ដទៃ។ Meta Cambodia កំពុង​ធ្វើយុទ្ធនាការនេះ​ដោយ​សហការ​​ជា​មួយ​អ្នក​បង្កើតមាតិកា​ក្នុងស្រុក និង​អង្គការ​​នានា​ដែល​នឹង​ជួយ​បង្កើត និង​បញ្ជូនសារ​​អំពី​សុវត្ថិភាព​របស់​ស្ត្រី។

អ្នក​បង្កើត​មាតិកា​ក្នុង​ស្រុក​ល្បី​ឈ្មោះម្នាក់គឺ​កញ្ញា នារី ជាម្ចាស់​ហ្វេសប៊ុក​ផេកឈ្មោះ Switching ដែល​មាន​អ្នកតាមដាន​ជាង ២សែននាក់ កំពុង​ចាប់​ផ្តើម​យុទ្ធនាការ​នេះ​​ជា​មួយ​នឹង​វីដេអូជាស៊េរី​ចំនួន​៤​។ ប្រធានបទដែលកញ្ញា នារី លើក​យកមក​និយាយ​​នៅ​ក្នុង​វីដេអូ​របស់​នាងរួម​មាន​របៀប​រាយការណ៍​និង/ឬ​រាំងខ្ទប់ (ប្លុក) អ្នក​ស្អប់ របៀប​​អនុវត្ត​ការ​ត្រង​ពាក្យប្រមាថ (សម្រាប់​តែ​ទំព័រហ្វេសប៊ុក) របៀប​គ្រប់​គ្រង​ការ​កំណត់​ឯកជនភាព​និងសុវត្ថិភាព និងដំបូន្មាន​​អំពីអ្វីដែល​ត្រូវ​ចែករំលែក​និង​អ្វីដែលមិនត្រូវ​ចែករំលែក​នៅ​លើ​ហ្វេសប៊ុក។

កញ្ញា នារី​ បាន​​ថ្លែង​ថា៖ «ក្នុងនាមជាស្ត្រី​ម្នាក់​ដែល​មាន​អ្នក​តាមដាន​ទំព័រ​ហ្វេសប៊ុកច្រើន ខ្ញុំ​ត្រូវ​តែខ្វល់​ខ្វាយ​អំពី​វត្តមាន​ក្នុង​បណ្តាញ​សង្គម​ផ្ទាល់​​របស់​ខ្ញុំ ដូច្នេះ​ខ្ញុំ​រីករាយ​ដែលក្រុមហ៊ុន Meta ​​​ប្រឹង​ប្រែង​អប់រំ​​ខ្លួនខ្ញុំ និង​​អ្នកផ្សេង​​​ទៀត​​អំពី​ប្រធាន​បទ​នេះ។ ខ្ញុំ​ក៏​​រីករាយផង​​​ដែរ ​​ដែល​អាច​​ប្រើ​​កេរ្តិ៍ឈ្មោះ​នៅលើ​បណ្តាញ​​សង្គម​របស់​​ខ្ញុំ​ផ្ទាល់​​ដើម្បី​​អាច​​មាន​លទ្ធភាព​ផ្តល់​ការ​ណែនាំ និង​អប់រំ​​អ្នក​ផ្សេង​ទៀតអំពី​​ប្រធាន​បទ​​នេះ​»​។

ផ្ទាំងពាណិជ្ជកម្ម

ក្រៅ​ពី​​វីដេអូ ក៏​​មាន​រូបមាន​ចលនា (Animation) ​ជាស៊េរី​ផងដែរ ​ដែល​​នឹង​​បង្ហាញ​​នៅ​​លើ​​​​​ទំព័រហ្វេសប៊ុក Meta Cambodia។ ប្រធាន​បទ​ដែល​មាន​នៅ​​​ក្នុង​រូប​មាន​ចលនាទាំងនោះ នឹង​​មាន​​រាប់​ចាប់​ពី​ការ​ទទួល​បាន​ការ​ជូន​ដំណឹង​នៅ​ពេល​​មាន​ឡុកអ៊ីន (Login) ដែល​គួរឱ្យ​សង្ស័យ រហូត​ដល់​​​ការ​កំណត់​ថាតើ​អ្នកណា​អាច​បញ្ចេញ​មតិ​លើ​សារ​​បង្ហោះ​រ​បស់​អ្នកបាន។ រូប​មាន​ចលនា​ផ្សេងទៀត​ផ្តល់​ដំបូន្មានអំពី​របៀប​កំណត់​អ្វីដែល​អ្នក​​មើលឃើញ​នៅ​លើ Newsfeed ផ្ទាល់​​របស់​អ្នក និង​របៀប​​គ្រប់គ្រង​ថាតើ​អ្នកចង់​ឱ្យអ្នកណា​​ម្នាក់​​មើលឃើញ​ព័ត៌មាន​លម្អិត​អំពី​ទំនាក់​​ទំនង និងសារ​បង្ហោះ​នាពេល​អនាគត​របស់​អ្នក។

លោក ហេង ភក្តី នាយកគ្រប់គ្រងគោលនយោបាយសាធារណៈរបស់ក្រុមហ៊ុន Meta ប្រចាំកម្ពុជា​បានមានប្រសាសន៍ថា៖ «នៅក្រុមហ៊ុន Meta យើង​តែងតែ​ជឿជាក់​ថា អ៊ីនធឺណិត​​គួរ​តែ​ជាកន្លែង​សុវត្ថិភាព​សម្រាប់​មនុស្ស​គ្រប់​គ្នា ហើយ​សុវត្ថិភាព​និង​ឯកជនភាព​របស់​អ្នក​ប្រើ​ប្រាស់​គឺជា​អាទិភាព​មួយ​ក្នុង​ចំណោម​អាទិភាព​ចម្បងៗ​របស់យើង។ យើង​​អនុវត្ត​វិធីសាស្រ្ត​ដ៏​ទូលំទូលាយ​​ក្នុង​ការ​ធ្វើ​ឱ្យ​ភ្លែតហ្វម​របស់​យើង​ក្លាយ​ជា​កន្លែង​កាន់តែ​​មាន​សុវត្ថិភាព​សម្រាប់​អ្នក​ប្រើប្រាស់​របស់​យើង រួម​ទាំង​ការ​សរសេរ​គោលនយោបាយ​ច្បាស់​លាស់ ការ​ចូល​រួម​ជា​មួយ​អ្នកជំនាញ និងការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ទំនើប​ដើម្បី​ជួយ​ទប់ស្កាត់​ការ​រំលោភ​បំពាន​​មិន​ឱ្យ​កើត​ឡើង​តាំង​ពី​ដំបូង។ កិច្ច​ខិត​ខំ​​ប្រឹង​​ប្រែង​​បែប​នេះ​​គឺ​​អាច​​អនុវត្ត​​បាន​​ចំពោះ​ប្រទេស​​កម្ពុជា ដូច​ដែល​អនុវត្ត​ចំពោះ​ប្រទេស​ផ្សេង​ទៀត​ក្នុង​​​ពិភពលោក​ដូច្នេះ​ដែរ»។

នៅ​ក្នុង​ខែវិច្ឆិកាខាង​មុខ​នេះ យុទ្ធនាការ #ThisGirlCan របស់ Meta Cambodia នឹង​ប្រមូល​ផ្តុំ​អ្នកបង្កើតមាតិកា​ជា​ស្ត្រី ឥស្សរ​ជន​សាធារណៈជា​​ស្ត្រី​ដែល​មាន​ឥទ្ធិពល និង​តារា​ល្បីៗ​ជា​ស្ត្រី ដើម្បីអប់រំ​ស្ត្រី​ខ្មែរ​អំពី​របៀប​ដែល​ពួកគេ​អាច​បង្កើន​​សុវត្ថិភាព​របស់​ពួកគេ​តាម​អ៊ីនធឺណិត។ យុទ្ធនាការ #ThisGirlCan ក៏​នឹង​រួម​មាន​ទាំង​ការ​បណ្តុះ​បណ្តាល​សម្រាប់​អ្នក​បង្កើត​មាតិកា​ក្នុង​ស្រុក ក៏ដូច​ជា​ការ​ពិភាក្សា​ជា​ក្រុម​ជា​មួយ​ស្ត្រី​ដែល​មាន​ឥទ្ធិពល​បំផុត​មួយ​ចំនួន​នៅ​​កម្ពុជា​ផងដែរ។

ដើម្បី​ស្វែង​យល់​បន្ថែម​អំពី​យុទ្ធនាការ #ThisGirlCan របស់ Meta Cambodia សូម​ចូល​ទៅ​កាន់ https://www.facebook.com/MetaCambodia/

To Top