បច្ចេកវិទ្យា

ក្រុមហ៊ុន Visa បានចេញរបាយការណ៍ថ្មី ក្រើនរំលឹកដល់អ្នកប្រើប្រាស់ ឱ្យមានការប្រុងប្រយ័ត្ន ក្នុងរដូវកាលទិញទំនិញ សម្រាប់ថ្ងៃឈប់សម្រាក

ភ្នំពេញ ៖​ ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់ តាមប្រព័ន្ធឌីជីថលឈានមុខគេ បានចេញផ្សាយពីរបាយការណ៍ ស្តីពីការគំរាមកំហែង ក្នុងរដូវកាលវិស្សមកាល របស់ខ្លួន ដោយព្យាករណ៍ពីការកើនឡើង នូវសកម្មភាពក្លែងបន្លំ ដែលផ្តោតលើប្រតិបត្តិការ នៃការប្រើប្រាស់កាតដោយផ្ទាល់ card-present (CP) និងតាមអ៊ីនធើណេត card-not-present (CNP) ។ របាយការណ៍ថ្មីនេះ បានព្យាករណ៍ពីរលក នៃការក្លែងបន្លំ ដែលផ្តោតលើអ្នកប្រើប្រាស់កាត ក្នុងការទិញទំនិញ តាមអ៊ិនធើណេត និងទិញទំនិញដោយផ្ទាល់ ចន្លោះពី ខែ វិច្ឆិកា ឆ្នាំ ២០២៣ ដល់ ខែ មករា ឆ្នាំ ២០២៤ ដោយសារតែការកើនឡើង យ៉ាងឆាប់រហ័ស នៃការបញ្ជាទិញ តាមរយៈពាណិជ្ជកម្ម អេឡិចត្រូនិច (eCommerce) និងការចំណាយ ដោយផ្ទាល់នៅតាមបណ្តាហាងលក់រាយ និងបដិសណ្ឋារកិច្ច ។ នៅថ្ងៃនេះ ក្រុមហ៊ុនVisa ក៏នឹងបង្ហាញពីទម្លាប់ទាំង១០ ដែលអ្នកប្រើប្រាស់អាចអនុវត្តតាម ដើម្បីធ្វើការបញ្ជាទិញដោយគ្មានការបារម្ភ និងមានសុវត្ថិភាពខ្ពស់ ។

តាមរយៈការវិភាគទិន្នន័យ និងប្រតិបត្តិការ កន្លងមក បានបង្ហាញពីការឆ្លៀត ឱកាសរបស់ឧក្រិដ្ឋជន ដែលបានកំណត់គោលដៅ សម្រាប់វាយលុកលើ អ្នកប្រើប្រាស់ក្នុងរដូវវិស្សមកាល ។ ទិន្នន័យរបស់ ក្រុមហ៊ុន Visa បានបង្ហាញថា អត្រាក្លែងបន្លំសម្រាប់ប្រភេទពាណិជ្ជកម្ម ដែលងាយរងគ្រោះបំផុត បានកើនឡើងយ៉ាងខ្លាំងអំឡុងពេលវិស្សមកាលឆ្នាំ ២០២២ ដោយមានការកើនឡើង លើសពីមធ្យមភាគនៃថ្ងៃធម្មតា ១១ភាគរយ នឹង កើនឡើង ៨ ភាគរយ ខ្ពស់ជាងរដូវកាលវិស្សមកាលឆ្នាំមុន ។ តាមរយៈរបាយការណ៍ដដែលក៏បានក្រើន រំលឹកដល់អ្នកប្រាស់ ពីគោលដៅរបស់ឧក្រិដ្ឋជន ដោយពួកគេសំដៅ លើអ្នកប្រើប្រាស់ ទាំងឡាយណា ដែលមានចំណាប់អារម្មណ៍ ស្វែងរកអំណោយ និងការផ្តល់ជូនពិសេសៗ សម្រាប់រដូវកាលវិស្សមកាល ។ ចំណុចសំខាន់ៗនៅក្នុងរបាយការណ៍រួមមាន ៖
ការក្លែងបន្លំតាមរយៈឌីជីថល (Digital Skimming)៖ ការកើនឡើង នៃការទិញទំនិញ តាមអ៊ីនធើណេត បានផ្តល់ឱកាស កាន់តែច្រើនសម្រាប់ ជនបោកប្រាស់ ក្នុងការលួចយកទិន្នន័យគណនី និងរកប្រាក់ពី ពាណិជ្ជករ លក់ដូរតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិច (eCommerce) ។ ការឆបោកដោយប្រើប្រាស់ វិស្វកម្មបណ្តាញសង្គម ៖ ជាមួយនឹងការកើនឡើង នៃបញ្ញាសិប្បនិម្មិត (AI) ប៉ុន្មានឆ្នាំ កន្លងមកនេះ បានផ្តល់លទ្ធភាព ឲ្យឧក្រិដ្ឋជនកាន់តែមានភាពងាយស្រួល ក្នុងការបង្កើតការឆបោក ដែលកាន់តែទំនើប ដែលអ្នកប្រើប្រាស់ពិបាក ក្នុងការបែងចែក។ លើសពីនេះ ពួកគេបានប្រើប្រាស់ល្បិចបោកបញ្ឆោត តាមរយៈការតម្លើងគេហរទំព័រ ធ្វើការផ្សព្វផ្សាយ ពាណិជ្ជកម្មមិនប្រក្រតី និងតម្លើងកម្មវិធីរុករក (SEO) ដើម្បីទាក់ទាញជនរងគ្រោះឲ្យចូលទៅកាន់គេហទំព័រលក់រាយ ឬសេវាកម្មក្លែងក្លាយរបស់ពួកគេ ។

ការក្លែងបន្លំតាមរយៈម៉ាស៊ីន ATM និង ម៉ាស៊ីនឆូតកាត ៖ គួរមានការប្រុងប្រយ័ត្ន អំឡុងពេលប្រើប្រាស់ម៉ាស៊ីន ATM ឬនៅពេលដែលអ្នកស្ថិត នៅក្នុងហ្វូងមនុស្ស ដែលមានការកើនឡើង ខណៈដែលអ្នករង់ចាំទិញទំនិញ នៅតាមបណ្តារហាងនានា ពីព្រោះឧក្រិដ្ឋជន អាចដាក់គោលដៅ របស់ពួកគេនៅតាមស្ថានីយទាំងនោះ ។ ការក្លែងបន្លំលេខកូដផ្ទេរប្រាក់ ឬលេខកូដផ្ទៀងផ្ទាត់ (OTP Bypass )៖ ក្រុមហ៊ុន Visa បានកំណត់អត្តសញ្ញាណ តាមរយៈការ ផ្តល់ឲ្យអ្នកប្រើប្រាស់ នូវលេខសម្ងាត់ ដែលជាលេខកូដផ្ទេរប្រាក់ ឬលេខកូដផ្ទៀងផ្ទាត់ (OTP) ដើម្បីទទួលបានសិទ្ធិចូលប្រើ គណនីរបស់ម្ចាស់កាត ។ ការក្លែងបន្លំបែបនេះ ជាទូទៅឧក្រិដ្ឋជន បានផ្ញើលេខសម្ងាត់សម្រាប់ផ្ទៀងផ្ទាត់ (OTP) ទៅជនរងគ្រោះ ដែលមើលទៅហាក់បីដូចជាត្រូវ បានតភ្ជាប់ជាមួយនឹងការទិញទំនិញ ដែលអ្នកប្រើប្រាស់ចង់បាន ។

ចោរលួច ៖ សូមរក្សាការប្រុង ប្រយ័ត្ននៅទីកន្លែងដែលមានមនុស្សច្រើន ដូចជាតាមបណ្តាហាងលក់ទំនិញ និងផ្សាទំនើប ឬទីចំណតរថយន្តជាដើម ដោយឧក្រិដ្ឋជនអាចព្យាយាម ឆក់ទូរស័ព្ទ ឬកាតបង់ប្រាក់ពីអ្នកដោយផ្ទាល់ ។

អ្នកស្រី Ivana Tranchini នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា ៖ “នៅពេលដែលការប្រារព្ធពិធីចូលឆ្នាំថ្មី ខិតចូលមកដល់ក្នុងប្រទេសកម្ពុជា អ្នកប្រើប្រាស់ កំពុងបង្កើនការ ចំណាយរបស់ពួកគេ ប៉ុន្តែវាមានសារៈសំខាន់ណាស់ ដែលត្រូវក្រើនរំលឹកពួកគាត់ឲ្យមានការប្រុងប្រយ័ត្ននឹងការក្លែងបន្លំផ្នែកហិរញ្ញវត្ថុ”។ អ្នកស្រីបន្តទៀតថា៖“កាលពីដើមឆ្នាំនេះ ធនាគារជាតិ នៃកម្ពុជា បានជំរុញសាធារណៈជនឱ្យទទួលយកការអប់រំ ផ្នែកហិរញ្ញវត្ថុ ដើម្បីជាខែល សម្រាប់ការពារនឹងការក្លែងបន្លំ ហើយយើង សូមអបអរសាទរ និងគាំទ្រនូវវិធានការរបស់អាជ្ញាធរ ដើម្បីទប់ស្កាត់ការឆបោកទាំងនោះ ។ សម្រាប់ក្រុមហ៊ុន Visa ការផ្តល់សិទ្ធិអំណាច ដល់អ្នកប្រើប្រាស់ ជាមួយនឹង ដំណោះស្រាយទូទាត់ឌីជីថល ប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្តបាន គឺជាអាទិភាពចម្បងរបស់យើង។ យើងផ្តល់ការត្រួតពិនិត្យ រាល់ការគំរាមកំហែង ២៤/៧ និងផ្តល់នូវការការពារកាន់តែប្រសើរឡើង សម្រាប់ប្រតិបត្តិការ ដែលធ្វើឡើងតាមអ៊ីនធើណេត និងនៅតាមហាងលក់រាយ ហេតុដូច្នេះហើយ ម្ចាស់ Visa កាត នៅកម្ពុជាអាចធានាបានថា ការទូទាត់របស់ពួកគេត្រូវ បានការពារដោយបណ្តាញសកល ដែលមានសុវត្ថិភាពខ្ពស់បំផុត ។

ទម្លាប់ទាំង ១០ ដើម្បីជួយដល់អតិថិជន អាចទិញទំនិញប្រកបដោយសុវត្ថិភាព៖ ដើម្បីរក្សាបាននូវសុវត្ថិភាព ក្រុមហ៊ុន Visa សូមណែនាំនូវ ទម្លាប់ទាំង១០ យ៉ាង ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ ដែលមានគម្រោងទិញទំនិញក្នុងរដូវវិស្សមកាលនេះ ដើម្បីយកមកអនុវត្ត។ ខាងក្រោមគឺជាសម្រង់ចំណុចសំខាន់ៗ ដកស្រង់ចេញពីគន្លឹះទាំងនោះ ៖
ពិនិត្យមើលសាឡើងវិញនូវកេរ្តិ៍ឈ្មោះ និងភាពត្រឹមត្រូវរបស់អ្នកលក់រាយ៖ ជ្រើសអ្នកលក់រាយដែលអ្នកធ្លាប់ជឿទុកចិត្ត នឹងស្គាល់ច្បាស់។ ប្រសិនបើអ្នកកំពុងពិចារណា ទិញពីហាងដែលអ្នកមិនធ្លាប់ស្គាល់ សូមធ្វើការស្រាវជ្រាវមួយចំនួន ដើម្បីពិនិត្យមើលកេរ្តិ៍ឈ្មោះ និងភាពត្រឹមត្រូវរបស់ពួកគេ មុននឹងដាក់បញ្ជាទិញ។រក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក៖ ត្រូវប្រាកដថាគេហទំព័រដែលអ្នកកំពុងប្រើប្រាស់ មានប្រព័ន្ធបច្ចេកវិទ្យាការពារសុវត្ថិភាព។ នៅពេលដែលអ្នកទូទាត់លុយ អសយដ្ឋាននៃគេហទំព័រនោះ គួរតែចាប់ផ្តើមដោយ “https://”។ “s” នៅទីនេះគឺតំណាងឱ្យសុវត្ថិភាព នឹងមានន័យថាទិន្នន័យ របស់អ្នកកំពុងត្រូវបាន អ៊ិនគ្រីប និងផ្ញើតាមតំណភ្ជាប់ដែលមានសុវត្ថិភាព ។

ជៀសវាង ប្រើប្រាស់ Wi-Fi សាធារណៈ រាល់ពេលដែលអ្នកទិញទំនិញ៖ បណ្តាញ Wi-Fi សាធារណៈជារឿយៗមិនមានសុវត្ថិភាព ដែលបង្ករ លក្ខណៈងាយស្រួល សម្រាប់ពួកឧក្រិដ្ឋជនបច្ចេកវិទ្យា ចូលលួចយកទិន្នន័យរបស់អ្នក។ គប្បីប្រើប្រាស់អ៊ីនធើណេត ឯកជនដែលមានសុវត្ថិភាពជានិច្ច នៅរាល់ពេលដែលអ្នកធ្វើការបញ្ជាទិញ ។ មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្តល់ជូនណាមួយ ដែលមើលទៅដូចជាអស្ចារ្យលើសពេក ៖ ការផ្សាយពាណិជ្ជកម្ម នៅលើ គេហទំព័រ និងតាមរយៈសារអ៊ីម៉ែលដែលអ្នកមិនបានស្នើសុំ ដែលបង្ហាញពីតម្លៃទាបខុសពីធម្មតា សម្រាប់ប្រភេទ ទំនិញដែលមានតម្លៃខ្ពស់ ។ អ្នកប្រើប្រាស់គួរមានប្រុងប្រយ័ត្ន នឹងដាក់ការសង្ស័យ ចំពោះប្រភេទនៃការប្រូម៉ូសិនបែបនេះ ។

សម្រាប់ក្រុមហ៊ុន Visa សុវត្ថិភាព និងទំនុកចិត្ត គឺជាអាទិភាពចម្បង។ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានវិនិយោគជាង ១0 ពាន់លានដុល្លារ លើបច្ចេកវិទ្យា រួមទាំងការកាត់បន្ថយការក្លែងបន្លំ និងបង្កើនសុវត្ថិភាពនៅក្នុងបណ្តាញ។ អ្នកឯកទេសជំនាញជាងមួយពាន់នាក់ ធ្វើការពេញ ២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្តាហ៍ ៣៦៥ថ្ងៃក្នុងមួយឆ្នាំ ដើម្បីការពារបណ្តាញរបស់ក្រុមហ៊ុន Visa ពីមេរោគ malware មិនឲ្យមានការវាយប្រហារពី zero-day attacks និងការគំរាមកំហែងពីការក្លែងបន្លំនានា ។ ជាការពិត ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០២៣ ក្រុមហ៊ុន Visa បានជួយទប់ស្កាត់យ៉ាងសកម្ម លើការក្លែងបន្លំ បានចំនួន ៣០ពាន់លានដុល្លារ ដោយការពារមនុស្សជាច្រើន ដែលមិនធ្លាប់ដឹងថា ពួកគេជាជនរងគ្រោះ ដែលអាចប្រឈម ហានិភ័យលើប្រតិបត្តិការក្លែងបន្លំ ។ យើងលើកទឹកចិត្តដល់អ្នកប្រើប្រាស់ ឱ្យមានការប្រុងប្រយ័ត្នក្នុងរដូវកាលនេះ ហើយគិតឲ្យបានច្បាស់លាស់ និងម៉ត់ចត់អំពីកន្លែង ដែលពួកគេកំពុងទិញទំនិញ នឹងបុគ្គលដែលពួកគេចែករំលែកព័ត៌មាន ផ្ទាល់ខ្លួនជាមួយ ដើម្បីរក្សាបាននូវសុវត្ថិភាព ៕

To Top