បរទេស ៖ មូលនិធិរូបិយវត្ថុអន្តរជាតិ ឬ IMF បានព្រមាននៅ ក្នុងរបាយការណ៍ថ្មីមួយថា ជិត ៤០ភារយ នៃការងារនៅទូទាំងពិភពលោក អាចរងផលប៉ះពាល់ ដោយការកើនឡើង នៃបច្ចេកវិទ្យាវៃឆ្លាត បែបសិប្បនិមិត្ត (AI) ជាមួយនឹងប្រទេស ដែលមានចំណូលខ្ពស់ មានការលាតត្រដាងច្រើន ជាងទីផ្សារដែលកំពុងរីកចម្រើន និងប្រទេសដែលមានចំណូលទាប។
យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងការបង្ហោះប្លក់មួយ កាលពីចុងសប្តាហ៍ ប្រធាន IMF លោកស្រី Kristalina Georgieva បានអំពាវនាវឱ្យរដ្ឋាភិបាលនានាដោះស្រាយ “និន្នាការដែលមានបញ្ហា” និងចាត់វិធានការយ៉ាងសកម្ម “ដើម្បីការពារបច្ចេកវិទ្យានេះ កុំឱ្យបង្កឱ្យមានភាពតានតឹង ក្នុងសង្គមបន្ថែមទៀត” ។
លោកស្រីបន្តថា “យើងស្ថិតនៅលើគែម នៃបដិវត្តន៍បច្ចេកវិទ្យាដែលអាចចាប់ផ្តើមផលិតភាព ជំរុញកំណើនពិភពលោក និងបង្កើនប្រាក់ចំណូល ជុំវិញពិភពលោក ប៉ុន្តែវាក៏អាចជំនួសការងារ និងធ្វើឱ្យមានវិសមភាព កាន់តែស៊ីជម្រៅផងដែរ»។
របាយការណ៍បានចង្អុលបង្ហាញថា ខណៈដែលប្រព័ន្ធស្វ័យប្រវត្តិកម្ម និងបច្ចេកវិទ្យាព័ត៌មានមានទំនោរ ជាប្រវត្តិសាស្ត្រប៉ះពាល់ដល់ការងារប្រចាំថ្ងៃ, ប្រព័ន្ធវៃឆ្លាតបែបសិប្បនិមិត្ត ឬ AI នេះ ក៏មានសមត្ថភាពធ្វើឱ្យប៉ះពាល់ ដល់ការងារដែលទាមទារបុគ្គលិក ដែលមានជំនាញខ្ពស់។ ជាលទ្ធផល សេដ្ឋកិច្ចជឿនលឿន ប្រឈមមុខនឹងហានិភ័យកាន់តែច្រើនពី AI – ប៉ុន្តែក៏មានឱកាសកាន់តែច្រើន ក្នុងការទាញយកអត្ថប្រយោជន៍របស់វា – ជាងទីផ្សារ ដែលកំពុងរីកចម្រើន និងសេដ្ឋកិច្ចកំពុងអភិវឌ្ឍន៍ , នេះបើយោងតាម IMF ។
របាយការណ៍បានបង្ហាញថា នៅក្នុងប្រទេសដែលមានសេដ្ឋកិច្ច ជឿនលឿនប្រហែល ៦០ភាគរយ នៃការងារអាចរងផលប៉ះពាល់ដោយ AI ។ IMF បានសរសេរថា ទោះជាយ៉ាងណាក៏ដោយ ប្រហែលពាក់កណ្តាល នៃការងារដែលបានបង្ហាញអាចទទួលបាន អត្ថប្រយោជន៍ពីការរួមបញ្ចូល AI ជាហេតុនាំឱ្យមានការបង្កើនផលិតភាព។ សម្រាប់ពាក់កណ្តាលទៀត កម្មវិធី AI អាច “អនុវត្តភារកិច្ចសំខាន់ៗ ដែលមនុស្សកំពុងអនុវត្តនាពេលបច្ចុប្បន្ន” ដែលវាអាចកាត់បន្ថយតម្រូវការកម្លាំងពលកម្ម ដែលនាំឱ្យប្រាក់ឈ្នួលទាប និងកាត់បន្ថយការជួល។ លោកស្រី Georgieva បានព្រមានថា ក្នុងករណីធ្ងន់ធ្ងរបំផុត ការងារទាំងនេះខ្លះអាចបាត់ទាំងស្រុង ៕
ប្រែសម្រួលៈ ណៃ តុលា