ភ្នំពេញ ៖ បន្ទាប់ពីបានសិក្សាស្វែងយល់ និងមើលឃើញ នូវសក្កានុពល ព្រមទាំងមានឆន្ទៈចង់ជួយ ដល់វិស័យទេសចរណ៍ ក្នុងប្រទេសកម្ពុជា ដែលជាប្រទេសដើម កំណើតរបស់ខ្លួន បានជំរុញឲ្យលោក Lim Lork Johnson ជាកូនខ្មែរ សញ្ជាតិអាមេរិក បង្កើតកិច្ចសហប្រតិបត្តិការ ជាមួយវិនិយោគទុន មកពីសហរដ្ឋអាមេរិក បង្កើតវេបសាយឈ្មោះ Cambodiastays.com ដែលជាគេហទំព័រមួយ សម្រាប់ឲ្យភ្ញៀវ ទេសចរជាតិ និងអន្តរជាតិ អាចចូលស្វែងរកកន្លែងស្នាក់នៅ ជាមួយតម្លៃល្អសមរម្យ និងសេវាកម្មប្រកបដោយស្តង់ដារ SOP នៅពេលចង់ធ្វើដំណើរ កម្សាន្តមកកម្ពុជា ។
Cambodiastays.com ជាគេហទំព័រផ្លូវការថ្មីមួយ ដែលបង្កើតឡើងដោយកូនខ្មែរ និងវិនិយោគិនបរទេសដែលដាក់បង្ហាញអំពីព័ត៌មាន ពីទីកន្លែងស្នាក់នៅ ដែលអាចឲ្យម្ចាស់ផ្ទះ ខុនដូរ ឬសណ្ឋាគារ អាចដាក់សេវាកម្មរបស់ខ្លួន ជាមួយគេហទំព័រមួយនេះ សម្រាប់លក់ ឬជួល ទៅឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមានបំណង មកកម្សាន្តកម្ពុជា ។ នេះបើតាមអ្វីដែលលោក Lim Lork Johnson ជាប្រធាននៃ Cambodiastays.com គូសបញ្ជាក់អំឡុងពេល សន្និសីទសារព័ត៌មាន ក្នុងពេលចុះអនុស្សារណៈយោគយល់គ្នា បង្កើតកិច្ចសហការរវាងក្រុមហ៊ុន GENRICH INVESTMENT ជាមួយ ក្រុមហ៊ុន PROTUS MANAGEMENT ដែលមានលោក Lim Lork Johnson ជាប្រធាន លោក Jason Han Kagimoto ជានាយកប្រតិបត្តិ និងលោក Luke Lim ជាប្រធានប្រតិបត្តិការ នាថ្ងៃ៤ មេសា ។
ការបង្កើតគេហទំព័រនេះឡើង ត្រូវបាន លោក Lim Lork Johnson មើលឃើញថា នឹងផ្តល់ភាពងាយស្រួល និងបើកច្រកកាន់តែទូលំទូលាយ ទៅកាន់ពិភពលោក ឲ្យស្គាល់ពីតំបន់ទេសចរណ៍នៅកម្ពុជា និងអាចទាញជាប្រយោជន៍ដ៏ធំ សម្រាប់វិស័យទេសចរណ៍ និងរកចំណូលជូនម្ចាស់ផ្ទះ ខុនដូរ ឬសណ្ឋាគារ នៅកម្ពុជាផងដែរ ។
លោក Lim Lork Johnson បានលើកឡើងថា ក្រុមរបស់លោកនឹងអាចជួយដល់ម្ចាស់ផ្ទះ ខុនដូរ ឬសណ្ឋាគារនៅកម្ពុជា ទទួលបានចំណូល ពីភ្ញៀវមកស្នាក់នៅកន្លែងរបស់ខ្លួន ហើយក្រុមលោកមិនមែនត្រឹមតែជាអ្នកស្វែងរកភ្ញៀវប៉ុណ្ណោះទេ តែជាអ្នកមានជំនាញ និងមានបទពិសោធន៍ខ្ពស់ ។ ក្រុមការងារ Cambodiastays.com នឹងចុះពិនិត្យផ្ទាល់ ទីតាំងដែលម្ចាស់គេហឋាន ខុនដូរ ឬសណ្ឋាគារ ចង់ជួលទៅឲ្យភ្ញៀវទេសចរបរទេស ថាត្រូវរៀបចំបែបណា ឲ្យសាកសមនឹងតម្លៃ ត្រូវនឹងចំណងចំណូលចិត្តរបស់អ្នកជួល ដូចជាការរៀបចំឲ្យត្រូវនឹងវប្បធម៌ ប្រពៃណីជនបទេស តាមការនិយមរៀងៗខ្លួន។
ជាមួយគ្នានេះ លោក Jason Han Kagimoto នាយកប្រតិបត្តិ Cambodiastays.com បានបញ្ជាក់ដែរថា Cambodiastays.com មិនត្រឹមតែបានដាក់ឲ្យប្រើប្រាស់ នៅតំបន់អាស៊ីប៉ុណ្ណោះទេ ផ្ទុយទៅវិញ គេហទំព័រមួយនេះ នឹងត្រូវបានរុញឲ្យសព្វពាសពេញពិភពលោក ដើម្បីនឹងផ្តល់ភាពងាយស្រួល ដល់អ្នកទេសចរបរទេសជុំវិញពិភលោក អាចសិក្សា និងស្វែងរកទីតាំងស្នាក់នៅ និងតំបន់កម្សាន្តនានារបស់កម្ពុជា មុននឹងពួកគេមកដល់ទឹកដីមួយនេះ ។
លោកអះអាងបន្តថា នឹងខិតខំប្រឹងប្រែងឲ្យសកម្មបំផុត ក្នុងការបើកទីផ្សារលើការផ្សព្វផ្សាយ សេវាកម្មមួយនេះ ទៅកាន់ពិភពលោក ដើម្បីឲ្យទេសចរបរទេស ចូលមកកម្សាន្ត នៅកម្ពុជាកាន់តែច្រើន ។
បើទោះបីនៅមិនអាចសន្និដ្ឋានបានថា Cambodiastays.com អាចទាញយកភ្ញៀវទេសចរ បានប៉ុន្មាននាក់ ក្នុងមួយឆ្នាំក៏ដោយ តែស្ថាបិន Cambodiastays.com មានក្តីរំពឹងថា ភ្ញៀវទេសចរអាចនឹងមានចំនួនច្រើន ព្រោះក្រុមការងារបានកំណត់គោលដៅខ្ពស់ នឹងអាចផ្តល់សេវាកម្មជួយ ឬកក់កន្លែងស្នាក់នៅពីចន្លោះ៥០០កន្លែង ទៅ១០០០កន្លែង ក្នុង១ខែ ដែលចំនួនទីតាំងនេះ ប្រៀបបានគុណនឹងពីរសម្រាប់ចំនួនភ្ញៀវទេសចរបរទេស អាចមកកម្ពុជា ។
សូមបញ្ជាក់ថា Cambodiastays.com គឺជាអ្នករៀបចំ និងគ្រប់គ្រងទ្រព្យ សម្បត្តិអចលនទ្រព្យដ៏មានតម្លៃ ដោយប្រើប្រាស់វេទិកាដូចជា Airbnb, VRBO, Bookings.com និង Agoda ដើម្បីបង្កើតប្រាក់ចំណូលសម្រាប់ម្ចាស់ផ្ទះ ។ ក្រុមការងាររបស់ Cambodiastays.com នឹងដោះស្រាយរាល់ សេវាកម្មទាំងអស់ រួមទាំង ការប្រាស្រ័យទាក់ទងជាមួយភ្ញៀវ ការថែរក្សាគេហឋាន បញ្ហាថែទាំជាដើម។ Cambodiastays.com ឆ្លើយតបទៅភ្ញៀវលឿន ស្ទើរតែ 24/7 ជាមួយនឹងការឆ្លើយតបផ្ទាល់ មិនមែនស្វ័យប្រវត្តិទេ ៕