សាន់ហ្វ្រាន់ស៊ីស្កូ៖ កាលពីថ្ងៃសុក្រ លោក Elon Musk បានចេញមកជំទាស់នឹងការហាមប្រាមកម្មវិធី TikTok នៅសហរដ្ឋអាមេរិក បើទោះបីជាវាមានន័យតិចជាងការប្រកួតប្រជែងសម្រាប់វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X របស់គាត់ ដែលពីមុនជា បណ្តាញសង្គម Twitter ក៏ដោយ ដោយសារគំនិតផ្តួចផ្តើមនេះត្រូវបានមើលឃើញពីសន្ទុះទ្វេភាគីថ្មីនៅក្នុងសភា ។
សភាតំណាងរាស្រ្តអាមេរិកគ្រោង នឹងបោះឆ្នោតនៅថ្ងៃសៅរ៍នេះ លើច្បាប់ដែលនឹងបង្ខំឲ្យ TikTok ឱ្យដកខ្លួនចេញពីក្រុមហ៊ុនមេរបស់ប្រទេសចិន ByteDance ឬប្រឈមនឹងការហាមឃាត់ទូទាំងប្រទេសតែម្តង ។
ចំពោះវិធានការនេះ ដែលមានសំឡេងគាំទ្រពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋជាច្រើន ត្រូវបានសរសេរទៅក្នុងកញ្ចប់ជំនួយដ៏ធំសម្រាប់ប្រទេសអ៊ុយក្រែន អ៊ីស្រាអ៊ែល និងកោះតៃវ៉ាន់ ដែលអាចសម្រួលដល់ការអនុម័តនៅក្នុងសភាទាំង២នៃសភាអាមេរិក ។
លោក Musk បានថ្លែងនៅក្នុងការបង្ហោះនៅលើបណ្តាញសង្គមដែលគាត់ទទួលបាននៅឆ្នាំ២០២២ ថា “TikTok មិនគួរត្រូវបានហាមឃាត់នៅក្នុងសហរដ្ឋអាមេរិកនោះទេ ទោះបីជាការហាមឃាត់បែបនេះអាចផ្តល់អត្ថប្រយោជន៍ដល់វេទិកា X” ។
លោកបានសង្កត់ធ្ងន់ថា “ការធ្វើដូច្នេះនឹងផ្ទុយទៅនឹងសេរីភាពនៃការបញ្ចេញមតិ និងការបញ្ចេញគំនិត” ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា