បរទេស៖ ប្រធានាធិបតីវៀតណាម លោក To Lam បានប្រកាសផ្តល់អំណោយជារថយន្តចំនួន ២០ គ្រឿងដែលផលិតដោយក្រុមហ៊ុនផលិតរថយន្ត VinFast ដល់ប្រទេសឡាវ ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកទៅកាន់ប្រទេសជិតខាងអាស៊ីអាគ្នេយ៍កាលពីថ្ងៃព្រហស្បតិ៍។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Lam បាននិយាយនៅពេលលោកបានជួបជាមួយអគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវ (LPRP) និងប្រធានាធិបតីឡាវ ថងលូន ស៊ីស៊ូលីត នៅទីក្រុងវៀងចន្ទន៍ថា ឡានទាំងនេះជាកាដូវប្រគល់ជូនបក្ស រដ្ឋ និងប្រជាជនឡាវ ដើម្បីបម្រើដល់ព្រឹត្តិការណ៍សំខាន់ៗដែលឡាវនឹងធ្វើជាម្ចាស់ផ្ទះក្នុងអំឡុងឆ្នាំអាស៊ានឆ្នាំ ២០២៤។
មេដឹកនាំទាំងពីរបានឯកភាពលើការតម្រង់ទិស និងវិធានការជំរុញកិច្ចសហប្រតិបត្តិការរវាងវៀតណាម និងឡាវ លើគ្រប់វិស័យ។ ចែករំលែកនូវក្តីរីករាយចំពោះការរីកលូតលាស់នៃទំនាក់ទំនងមិត្តភាព សាមគ្គីភាពពិសេស និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ មេដឹកនាំទាំង២បានឯកភាពបន្តរក្សាការផ្លាស់ប្តូរ និងកិច្ចប្រជុំកម្រិតខ្ពស់ ជំរុញយន្តការកិច្ចសហប្រតិបត្តិការទ្វេភាគីសំខាន់ៗ រក្សា និងជំរុញទំនាក់ទំនងនយោបាយជិតស្និទ្ធ និងទំនុកចិត្តខ្ពស់បំផុត។
មេដឹកនាំទាំងពីរបានគូសបញ្ជាក់ថា ចំពេលមានការផ្លាស់ប្តូរដ៏ស្មុគស្មាញនៃស្ថានភាពពិភពលោក និងតំបន់ ប្រទេសទាំងពីរគួរតែបង្កើនការពិគ្រោះយោបល់ ការចែករំលែកបទពិសោធន៍ ការសម្របសម្រួល និងការគាំទ្រទៅវិញទៅមក ដើម្បីជំនះរាល់បញ្ហាប្រឈម និងការលំបាក និងកសាងសេដ្ឋកិច្ចឯករាជ្យ ពឹងផ្អែកលើខ្លួនឯង និងសមាហរណកម្មយ៉ាងខ្លាំងក្លា៕
ប្រែសម្រួលៈ ណៃ តុលា