បច្ចេកវិទ្យា

Breaking News: ការដាច់ប្រព័ន្ធ IT ទូទាំងពិភពលោក បានបង្ខំឱ្យលុបចោលការហោះហើរ និងការចុះចត, កុំព្យូទ័រដែលប្រើ Windows 10 OS គាំង

AFP

បរទេស៖ ការរំខានដល់ប្រព័ន្ធ គ្រប់គ្រងចរាចរណ៍ផ្លូវអាកាស កំពុងត្រូវបានរាយការណ៍ ជុំវិញពិភពលោក ។ របាយការណ៍បឋមនិយាយថា បញ្ហាកុំព្យូទ័រ អាចនឹងបង្កឱ្យមានបញ្ហា ។ បញ្ហាបានកើតឡើង នៅក្នុងសហរដ្ឋអាមេរិក អេស្បាញ អាល្លឺម៉ង់ អូស្ត្រាលី និងកន្លែងផ្សេងទៀត ដោយអាជ្ញាធរបានបង្ខំ ឱ្យលុបចោលការហោះហើរ និងការចុះចតដោយសារតែការ ព្រួយបារម្ភអំពីសុវត្ថិភាព។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា ការរំខាននេះអាចបណ្តាល មកពីការអាប់ដេតកម្មវិធី ដែលចាក់សោប្រព័ន្ធប្រតិបត្តិការ របស់ Microsoft ហើយត្រូវបានគេរាយការណ៍ថា មិនដាក់កម្រិត ចំពោះក្រុមហ៊ុនអាកាសចរណ៍ទេ។ ធនាគារ សេវាសង្គ្រោះបន្ទាន់ ទូរទស្សន៍ និងស្ថាប័នហិរញ្ញវត្ថុមួយចំនួនក៏ត្រូវបានគេនិយាយថា បានរងផលប៉ះពាល់ផងដែរ ។

កុំព្យូទ័រដែលប្រើ Windows 10 OS ត្រូវបានគេរាយការណ៍ថា គាំង និងបង្ហាញ “អេក្រង់ពណ៌ខៀវនៃការស្លាប់” (BSOD) បន្ទាប់ពីការធ្វើបច្ចុប្បន្នភាព សម្រាប់ផលិតផល សុវត្ថិភាពដែលផ្តល់ដោយក្រុមហ៊ុន CrowdStrike ។ ក្រុមហ៊ុននេះត្រូវបានគេរាយការណ៍ថា កំពុងធ្វើការលើការដោះស្រាយបញ្ហានេះ ៕
ប្រែសម្រួលៈ ណៃ តុលា

To Top