ភ្នំពេញ៖ ប្រទេសកម្ពុជាតាមរយៈធនាគារជាតិនៃកម្ពុជាបានសម្ពោធដាក់ឱ្យដំណើរការបឋម កម្មវិធីទូទាត់បាគងទេសចរ (Bakong Tourists) ។ ពិធីនេះត្រូវបានរៀបចំធ្វើក្រោមអធិបតីភាពលោកស្រី ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជានៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។
ធនាគារជាតិនៃកម្ពុជា បញ្ជាក់ថា ដំណើរការកម្មវិធីទូទាត់បាគងទេសចរនេះនឹងរួមចំណែកលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការផ្តល់ជាមធ្យោបាយទូទាត់តាមអេឡិចត្រូនិកដែលអាចឱ្យទេសចរអន្តរជាតិធ្វើប្រតិបត្តិការទូទាត់ទំនិញ និងសេវាប្រកបដោយប្រសិទ្ធភាព និងភាពងាយស្រួល ព្រមទាំងទទួលបាននូវបទពិសោធន៍ថ្មីនៃការទូទាត់ឌីជីថលនៅកម្ពុជា។


ប្រភពដដែលបន្តថា ទេសចរអន្តរជាតិគ្រាន់តែទាញយកម្មវិធីទូទាត់បាគងទេសចរ Bakong Tourist App ហើយដំឡើងកម្មវិធីនេះនៅក្នុងទូរសព្ទនៅពេលមកដល់ប្រទេសកម្ពុជា រួចហើយចុះឈ្មោះបង្កើតគណនីបាគងទេសចរតាមអនឡាញដោយប្រើប្រាស់អ៊ីមែល។


បន្ទាប់មកទេសចរអន្តរជាតិអាចបញ្ចូលទឹកប្រាក់ទៅក្នុងគណនីតាមរយៈអង្គភាពអាជីវកម្មជាដៃគូ និងអាចធ្វើប្រតិបត្តិការទូទាត់តាមរយៈការស្គេន KHQR Code ជាមួយនឹងពាណិជ្ជករ ទូទាត់រាយប្រមាណ ៣,៣ លានទីតាំងនៅទូទាំងប្រទេសកម្ពុជា៕
