ប៉េកាំង៖ តំណាងពិសេសរបស់ប្រធានាធិបតីចិន លោក Zhang Guoqing បានឲ្យដឹងនៅក្នុងទីក្រុងប៉ារីសកាលពីថ្ងៃចន្ទថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសផ្សេងទៀត ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍ ការពារសន្តិសុខ ចែករំលែកសមិទ្ធិផលក្នុងវិស័យបញ្ញាសិប្បនិមិត្ត (AI) និងរួមគ្នាកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នា សម្រាប់មនុស្សជាតិ។
លោក Zhang គឺជាសមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាអនុប្រធានក្រុមប្រឹក្សារដ្ឋ ដោយលោកបានធ្វើការកត់សម្គាល់ នៅក្នុងសុន្ទរកថារបស់លោក នៅឯកិច្ចប្រជុំកំពូលសកម្មភាព AI ដែលធ្វើឡើង ពីថ្ងៃទី១០ ដល់ថ្ងៃទី១១ ខែកុម្ភៈ នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
លោក Zhang បានលើកឡើងថា AI បានក្លាយជាកម្លាំងចលករដ៏សំខាន់ សម្រាប់ជុំថ្មីនៃបដិវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងការផ្លាស់ប្តូរឧស្សាហកម្ម។ លោកបានគូសបញ្ជាក់ថា ប្រទេសចិន តែងតែចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការ និងអភិបាលកិច្ចជាសកលលើ AI ជាមួយនឹងអាកប្បកិរិយាប្រកបដោយការទទួលខុសត្រូវខ្ពស់។
នៅក្នុងខែតុលា ឆ្នាំ២០២៣ លោកប្រធានាធិបតីចិន ស៊ី ជីនពីង បានណែនាំគំនិតផ្តួចផ្តើមសកលសម្រាប់អភិបាលកិច្ច AI ដែលបានស្នើដំណោះស្រាយរបស់ប្រទេសចិន និងបានរួមចំណែកប្រាជ្ញារបស់ប្រទេសចិន សម្រាប់ការអភិវឌ្ឍន៍ និងអភិបាលកិច្ចលើវិស័យ AI ។ លោកក៏បានអញ្ជើញសហគមន៍អ្នកអភិវឌ្ឍន៍មកពីជុំវិញពិភពលោកឱ្យចូលរួមក្នុងសន្និសិទអ្នកអភិវឌ្ឍន៍សកលឆ្នាំ២០២៥ ដែលគ្រោងនឹងធ្វើឡើងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី ២៣ ខែកុម្ភៈ នៅទីក្រុងសៀងហៃ ប្រទេសចិន៕
ក្នុងការប្រឈមមុខនឹងកាលានុវត្តភាព និងបញ្ហាប្រឈមដែលនាំមកដោយការអភិវឌ្ឍន៍ AI លោក Zhang បានអំពាវនាវឱ្យសហគមន៍អន្តរជាតិរួមគ្នាតស៊ូមតិលើគោលការណ៍នៃការអភិវឌ្ឍន៍ AI ឱ្យបានល្អ ធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការប្រកបដោយភាពច្នៃប្រឌិត ពង្រឹងការរួមបញ្ចូល និងអត្ថប្រយោជន៍ និងកែលម្អអភិបាលកិច្ចសកល៕
ប្រែសម្រួល ឈូក បូរ៉ា
![](https://dap-news.com/wp-content/uploads/2020/08/1-1.png)