ព័ត៌មានជាតិ

ហ្វាំងឡង់ មានគម្រោង បង្កើតអគ្គិសនី ដុតដោយអង្កាមនៅកម្ពុជា

ភ្នំពេញ ៖ លោកស្រី Satu Suikkari-Kleven ឯកអគ្គរដ្ឋទូតហ្វាំងឡង់ ប្រចាំកម្ពុជាបានថ្លែងថា ហ្វាំងឡង់ មានគម្រោងបង្កើតអគ្គិសនី ដុតដោយអង្កាមនៅ កម្ពុជា។

ក្នុងជំនួបពិភាក្សាងារជាមួយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃនៅ រសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ លោកស្រី Satu Suikkari-Kleven បានរំលឹកថា កន្លងមក ហ្វាំងឡង់ ក៏បានជួយកម្ពុជា លើផ្នែកមួយចំនួន តាមរយៈអង្កការក្រៅរដ្ឋាភិបាល។

លោកស្រីមានប្រសាសន៍ថា “ចំណាប់អារម្មណ៍របស់ហ្វាំងឡង់ ជួយដល់ការងារ ថាមពលកកើតថ្មី ដែលកន្លងមកនេះ ក៏មានការជួយដល់សហគមន៍ តូចៗមួយចំនួន ក្នុងការបង្កើតនូវគម្រោង អគ្គិសនីតូចៗ តាមរយៈការដុតអង្កាម នៅតាមតំបន់មួយចំនួន”។

លោកស្រីបន្ដថា ហ្វាំងឡង់រីករាយ ចង់ឃើញគម្រោងអគ្គិសនីដុត ដោយអង្កាមពង្រីកទៅតំបន់ផ្សេងៗទៀត តាមរយៈគម្រោង ថាមពលកកើតថ្មី។

បន្ថែមពីនេះ ទូតហ្វាំងឡង់ លើកឡើងថា សព្វថ្ងៃមានក្រុមហ៊ុន ហ្វាំងឡង់ ក៏បានធ្វើការវិនិយោគ ថាមពលកកើតថ្មី នៅថៃ ដូច្នេះ ទូតហ្វាំងឡង់ មានបំណងឲ្យក្រុមហ៊ុនទាំងនោះ មកធ្វើការវិនិយោគនៅកម្ពុជា។

ចំណែក ទូតបែលហ្ស៊ិក ប្រចាំកម្ពុជា ក្នុងជំនួបជាមួយសម្តេច ស ខេង ក៏បានឲ្យដឹងដែរថា បែលហ្ស៊ិកកំពុងតែខិតខំសម្លឹងរកឱកាស ដើម្បីពង្រីកនៅទំនាក់ទំនងលើវិស័យឯកជនជាមួយកម្ពុជា ឲ្យកាន់តែខ្លាំងក្លាថែមទៀត។ទូតបែលហ្ស៊ិ រំលឹកថា នាពេលកន្លងមក ប៉ែលហ្ស៊ិក បានជួយបណ្ដុះបណ្ដាល យុវជនជាប់ពន្ធនាគារ តាមរយៈអង្កការ ការីតាស ដើម្បីឲ្យពួកគាត់អាចមានលទ្ធភាពរកការងារធ្វើ ក្រោយចេញពីពន្ធនាគារវិញ។

ជាការឆ្លើយតប សម្ដេចក្រឡាហោម ស ខេង បានអរគុណចំពោះ បែលហ្ស៊ិក និងហ្វាំងឡង់ ដែលបានជួយគាំទ្រទៅដល់ការអភិវឌ្ឍរបស់កម្ពុជា៕ ដោយ អេង ប៊ូឆេង

To Top