ព័ត៌មានជាតិ

សម្ដេចតេជោ ផ្ដល់សិទ្ធឲ្យ រដ្ឋមន្ដ្រី និងអភិបាល រាជធានី-ខេត្ត បិទផ្នែកខ្លះក្នុងដែនសមត្ថកិច្ច របស់ខ្លួនដើម្បីទប់ស្កាត់ ការរីក រាលដាលជំងឺកូវីដ-១៩

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានណែនាំឲ្យ រដ្ឋមន្ត្រី និងអភិបាលរាជធានី-ខេត្ត មានបិទផ្នែកខ្លះនៃក្រសួង ឬបិទក្រសួង និងសាលារៀន ពិសេសបិទអាហារដ្ឋាន ភោជនីយដ្ឋាន ឬទីតាំងមួយចំនួនទៀតដែលជាប់ពាក់ព័ន្ធជាមួយ ភរិយាអគ្គនាយកពន្ធនាគារ ដើម្បីទប់ស្កាត់ការរីក រាលដាលនៃជំងឺកូវីដ-១៩។

ក្នុងសារសំឡេង សម្ដេចតេជោ ហ៊ុន សែន នៅយប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២០ បានឲ្យដឹងថា «ខ្ញុំសូមផ្ដល់សិទ្ធិអំណាចជូនចំពោះអភិបាលខេត្ត គ្រប់ទីកន្លែង និងគ្រប់ទីកន្លែងទាំងអស់ ក្នុងករណីសង្ស័យចំពោះ ភោជនីយដ្ឋាន ឬអាហារដ្ឋាន នៅកន្លែងណាមួយដែល មានអ្នកពាក់ព័ន្ធចូលទៅទទួលទាន គឺមានសិទ្ធនឹងបិទ មិនឲ្យដំណើរការក្នុងរយៈកាលមួយ ដើម្បីឲ្យបុគ្គលិក នៅទីនោះ បាញ់ថ្នាំសម្លាប់ ហើយនឹងក៏ត្រួតពិនិត្យ សំណាកជាមួយនឹងការធ្វើចត្តាឡីស័ក រយៈពេល១៤ថ្ងៃ»។

សម្ដេចតេជោ មានប្រសាសន៍ថា «ក្រៅពីសម្តេចក្រឡាហោម នៅមានរដ្ឋមន្ត្រីបរិស្ថាន សាយ សំអាល់ រដ្ឋមន្ត្រីទេសចរណ៍ ថោង ខុន រដ្ឋមន្ត្រីយុត្តិធម៌ កើត រិទ្ធ និងមានរដ្ឋលេខាធិការ និងមន្ត្រីមួយចំនួនផ្សេងទៀត ដែលមានការពាក់ព័ន្ធ។ ក្នុងនោះឥឡូវនេះយើងបានសង្កេតឃើញថា បើមានថ្នាក់រដ្ឋមន្ត្រីជាប់ពាក់ព័ន្ធបែបនេះ ច្បាស់ជាមានមន្ត្រីខាងក្រោម។ ដូច្នេះហើយបានជាខ្ញុំ សូមផ្តល់អំណាចនេះទៅឲ្យរដ្ឋមន្ត្រីពិនិត្យមើលផ្នែកពាក់ព័ន្ធទាំងឡាយ ផ្នែកណាខ្លះដែលចាំបាច់ត្រូវចូលធ្វើការ ហើយផ្នែកណាខ្លះដែលអាចធ្វើការពីផ្ទះ ដែលផ្តល់ឱកាសនេះសម្រាប់ឲ្យបានថែទាំខ្លួនក្នុងការធ្វើចត្តាឡីស័ក ហើយជាពិសេស គឺសុំឲ្យមានការស្ម័គ្រចិត្តទៅយកសំណាក»។

សម្ដេចតេជោ ក៏បានអំពាវនាវចំពោះប្រជាពលរដ្ឋទាំងអស់ ដែលបានដឹងខ្លួនថា មានជាប់ការពាក់ព័ន្ធ ឬអាចឆ្លងកាត់តំបន់ ដែលអគ្គនាយកពន្ធនាគារ ក៏ដូចជា អ្នកដឹកនាំមួយចំនួនបានធ្វើដំណើរឆ្លងកាត់ ជាមួយ ភរិយាអគ្គនាយកពន្ធនាគារ ត្រូវមានការភ្ញាក់រលឹកដើម្បីទៅរកកន្លែងទៅធ្វើតេស្តរកនូវមេរោគកូវីដ-១៩ ហើយអាចនឹងដាក់ខ្លួនធ្វើចត្តាឡីស័កតែម្តង។

សម្ដេចថា នេះជាវិធីតែមួយគត់ដែលអាចសង្គ្រោះសាមីខ្លួនមិនឲ្យ ឆ្លងកូវីដ-១៩ ហើយមិនយកកូវីដ-១៩ ទៅចម្លងអ្នកដទៃ។

ជាងនេះទៅទៀត សម្តេចតេជោ ហ៊ុន សែន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋកុំភ័យស្លន់ស្លោ ត្រូវគ្រប់គ្រងទៅលើ សភាពការណ៍នេះដោយភាពម្ចាស់ការ។ ប៉ុន្តែម្ខាងទៀតត្រូវតែមានការប្រុងប្រយ័ត្ន ដោយអ្នកមិនទាន់ពាក់ព័ន្ធមិនត្រូវ ចូលទៅរកការពាក់ព័ន្ធ ហើយអ្នកមានការពាក់ព័ន្ធត្រូវភ្ញាក់រលឹកទៅរកគ្រូពេទ្យនៅទីកន្លែងកំពុងធ្វើតេស្ត។

សម្តេចតេជោ ក៏បានផ្ដាំផ្ញើទៅដល់ប្រជាពលរដ្ឋកុំមានការព្រួយបារម្ភរឿងអស់លុយថ្លៃធ្វើតេស្តរកមេរោគកូវីដ-១៩ គឺជាបន្ទុកទាំងស្រុងរបស់រាជរដ្ឋាភិ បាល ។ សម្ដេចថា គ្មាននរណាមានសិទ្ធិទទួលយក ប្រាក់ពីប្រជាពលរដ្ឋ សម្រាប់ការធ្វើតេស្តរកមេរោគកូវីដនោះទេ។ អ្វីដែលរាជរដ្ឋាភិបាលត្រូវការគឺឲ្យប្រជាពលរដ្ឋមានសុវត្ថិភាព ធានាបានអាយុជីវិត និងមិនមានការឆ្លងរាលដាលនៅក្នុងប្រទេសកម្ពុជា។

សម្ដេចថា សម្រាប់អ្នកដែលមិនមានកន្លែង ធ្វើចត្តាឡីស័ក គឺក្រសួងសុខាភិបាល និងសាលារាជធានីភ្នំពេញ រៀបចំសណ្ឋាគារសុខាសម្រាប់ ធ្វើចត្តាឡីស័ក។

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានផ្តល់សិទ្ធិដល់ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការពិនិត្យ និងសម្រេចបិទ សាលាដែលមានជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ខាងលើនេះផងដែរ៕

To Top