កងទ័ពហ្វីលីពីន និងAOT ចុះពិនិត្យស្ថានភាពជាក់ស្តែងតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកបឹងត្រកួន
ភ្នំពេញ ៖ តាមរយៈសេចក្តីប្រកាសព័ត៌មាន អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា នៅថ្ងៃពុធ ទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមអ្នកសម្របសម្រួល (CLG) នៃកម្ពុជា បានសម្របសម្រួលជូន ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) អនុប្រធានអធិការកិច្ច នៃកងទ័ពសាធារណរដ្ឋហ្វីលីពីន និងក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដើម្បីចុះពិនិត្យស្ថានភាពជាក់ស្តែងអំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅតំបន់ច្រកបឹងត្រកួន ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានធ្វើបទបង្ហាញសង្ខេប និងរាយការណ៍អំពីស្ថានភាពតាមបណ្តោយព្រំដែនកម្ពុជា-ថៃ និងការធ្វើសកម្មភាពនៃដាក់ពង្រាយទូកុងតឺន័រ រាយបន្លាលួស ជីកប្រឡាយ ធ្វើលេណដ្ឋាន ការបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ ផ្ទះសម្បែង ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងការកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់របស់យោធាថៃ នៅតំបន់ច្រកបឹងត្រកួន ស្ថិតនៅឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ដែលសកម្មភាពទាំងនោះធ្វើឱ្យប្រជាពលរដ្ឋស្លូតត្រង់កម្ពុជាជាច្រើនគ្រួសារមិនទាន់អាចវិលចូលលំនៅដ្ឋានពួកគេវិញបាននៅឡើយ។

ការចុះសង្កេតការណ៍ ពិនិត្យ និងផ្ទៀងផ្ទាត់ នៅទីតាំងខាងលើដោយផ្ទាល់របស់ ឧត្តមសេនីយ៍ត្រី ANTERO S. NARCISE PN (M) និងក្រុមអ្នកសង្កេតការណ៍អាស៊ាន រឹតតែគូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបួននៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។

កម្ពុជា នៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ពិធីសារកំណត់ព្រំដែន ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក ដើម្បីដោះស្រាយជម្លោះដោយសន្តិវិធី សម្រេចបាននូវសន្តិភាពយូរអង្វែងរវាងប្រទេសយើងទាំងពីរ។

រាជរដ្ឋាភិបាល និងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិតក្នុងការគោរព និងអនុវត្តយ៉ាងពេញលេញ និងខ្ជាប់ខ្ជួនបំផុតនូវសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥, សេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្ពោះទៅការធ្វើឱ្យប្រសើរឡើងវិញឆាប់រហ័ស និងការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕



