ភ្នំពេញ ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) នាថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញរបាយការណ៍ ប៉ាន់ប្រមាណថា ស្ត្រីកម្ពុជាច្រើនជាងម្នាក់ ក្នុង ចំណោមស្ត្រី៥នាក់ ធ្លាប់ទទួលរងអំពើហិង្សាពីដៃគូ របស់ពួកគេដែលចំនួននេះអាចនឹងកើនឡើងអំឡុង ពេលកូវីដ១៩។
បើតាម CCHR អំពើហិង្សានេះអាចត្រូវបានប្រព្រឹត្តឡើង ដោយដៃគូស្នេហា សមាជិកគ្រួសារ សហការី អ្នកស្គាល់គ្នា ឬដោយមន្ត្រីសាធារណៈ និងអ្នកផ្សេងទៀត។
ការរកឃើញរបស់មជ្ឈមណ្ឌល សិទ្ធិមនុស្សកម្ពុជា ដូច្នេះបន្ទាប់ពីដាក់ឲ្យដំណើរការយុទ្ធនាការ១៦ថ្ងៃបញ្ឈប់អំពើហិង្សា ទាក់ទងនឹងយេនឌ័រនៅកម្ពុជា។ នៅចំពោះ មុខបញ្ហានេះCCHR មើលឃើញបញ្ហាដោះស្រាយហិង្សាលើស្ត្រីនៅកម្ពុជា គឺហាក់បីដូចជាគ្មានប្រសិទ្ធភាពនោះទេ បើទោះបីកម្ពុជាមានកិច្ចការពារជាច្រើន មិនថាតាមផ្លូវច្បាប់ក៏ដោយ។
សូមជម្រាបជូនថា ការស្ទង់មតិនៅឆ្នាំ២០១៥ របស់ក្រសួងកិច្ចការនារី បានបង្ហាញថា ស្ត្រី២១% ត្រូវបាន រាយការណ៍ថា ពួកគេធ្លាប់បានរងអំពើហិង្សាលើរូបរាងកាយ ឬផ្លូវភេទពីដៃគូយ៉ាងហោចមួយដង។ ២០%ទៀត ត្រូវបានរាយការណ៍ថា ការរួមភេទលើក ទី១របស់ខ្លួនកើតចេញពីការ បង្ខិតបង្ខំនិងគំរាមគំហែង។ រីឯ ៤៩%ទៀត មិនបានប្រាប់ទៅនរណាម្នាក់អំពីហិង្សា ដោយសារភាពភ័យខ្លាចក្នុងការរាយការណ៍ ភាពខ្មាស់អៀន ឬជឿថាអំពើនេះជារឿងធម្មតា៕