អត្ថបទ

ធនាគារហ្វីលីព ប្រកាសបើក​សា​ខា​ថ្មី​ តំណាងឲ្យ «សា​ខា​គំរូ» បន្ទាប់​ពី​ច្របាច់​បញ្ចូល​ជា​មួយ ក្រេឌីត

ភ្នំ​ពេញ ៖ ធនា​គារហ្វីលីព (PhillipBank) នៅ​ថ្ងៃនេះ បាន​​ប្រកាស​​បើក​សា​ខា​ថ្មី​មួយ ដែល​ស្ថិត​នៅ​​តាម​បណ្តោយ​ផ្លូវ​​កម្ពុជា​ក្រោម ក្នុង​រាជ​ធានីភ្នំ​ពេញ ដែលសាខា​ថ្មី​ដែល​ត្រូវ​បាន​រច​នា​ដ៏ពិសេស​មួយ​នេះ នឹង​ដើរ​តួនាទី​​ជា សា​ខា​គំរូ​មួយ សម្រាប់​រាល់​​សា​ខា​ទាំង៨៩​​កន្លែង​​របស់ខ្លួននៅទូទាំង​ប្រទេស ក្រោយពី​ធនា​គារនេះ ​បំពេញ​ការ​ច្របាច់​បញ្ចូល​​ជាផ្លូវ​ការ​តាម​ការ​ គ្រោង​ទុក​​ជា​មួយ​នឹង​ស្ថា​ប័ន​មីក្រូ​ហិរញ្ញ​វត្ថុ ក្រេឌីត​ (Kredit)​។

កម្ម​វិធី​​​កាត់​​ខ្សែ​បូរណ៍​សម្ពោធ​សា​ខា​ថ្មី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​អធិ​បតី​ភាព​ឯក​ឧត្តម Michael Tan ឯក​អគ្គ​រដ្ឋ​ទូត​សិង្ហ​បុរី ប្រចាំ​នៅកម្ពុជា មន្ត្រី​តំណាង​​ធនាគារជាតិនៃកម្ពុជា និង​លោក Lim Hua Min អគ្គនាយកធនាគារហ្វីលីព។

សា​ខា​ថ្មីមួយ​នេះ ដែល​ត្រូវ​បាន​​រច​នា​ជា​មួយនឹង​ពណ៌​ខៀវ​ចាស់ និង​ពណ៌​ទឹក​ក្រូច​ដ៏​រស់​រវើក តំណាងឲ្យ​ការ​​​បោះ​ជំហាន​ដ៏សំខាន់​​មួយ​​ក្នុង​ការ​អភិវឌ្ឍ​ធ​នា​គារហ្វីលីព (PhillipBank) ឲ្យ​ទៅ​ជា​ធ​នា​គារ​ពាណិជ្ជ​ផ្តល់​​សេរវា​ពេញ​លេញ​មួយ ដើម្បី​បម្រើ​ដល់ ​​ក្រុមហ៊ុន​សា​ជីវ​កម្ម អាជីវកម្ម សហ​គ្រាស​ខ្នាត​តូច និង​មធ្យម និង​មីក្រូ​ហិរញ្ញ​វត្ថុ​ខ្នាត​តូច​ ជា​​មួយ​នឹង​ការ​បម្រើ​សេវា​កម្ម​ទូ​​​ទាំង​ប្រទេស​។

លោក Lim Hua Min (លីម ហួមីន) អគ្គនាយកក្រុមហ៊ុនហ្វីលីព មានប្រ​សាសន៍​ក្នុង​ពិធី​កាត់​ ខ្សែ​បូរណ៍​សម្ពោធ​សា​ខា​ថ្មី​​នេះ ថា៖ «សា​ខា​​គំរូ​របស់​យើង ដែល​ស្ថិត​លើ​ផ្លូវ​កម្ពុជា​ក្រោម បង្ហាញ​ពី​​បំណង​ប្រាថ្នា​របស់​យើង​ឆ្ពោះ​ទៅកាន់​វិថី​ថ្មី​ក្នុងវិស័យ​ធនា​គារ ពោល​គឺ​ចាប់​ពី​​​​រូប​​រាង​ដែលមាន​ការ​កែ​ប្រែ​ថ្មី និង​ទាន់​​សម័យ រហូត​ដល់​មុខ​ងារ​ថ្មី​ៗ​​​ជា​ច្រើន ដែល​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​គោល​បំណង​ដើម្បីផ្តល់​នូវ​បទពិសោធ​ដល់​អតិ​ថិ​ជន​បន្ថែម​ទៀត ដូច​ជាសេវាអទិភាព (Phillip Priority) និង​សេវាបម្រើ​អតិ​ថិ​ជន ដែល​ត្រូវ​បាន​គាំទ្រ​ដោយប្រព័ន្ធ​ធនា​គារ​ស្នូល​ថ្មី​មួយ និង​ស្មារតី​យក​​ចិត្ត​ទុក​ដាក់​ខ្ពស់​របស់​បុគ្គ​លិក​តាម​សា​ខា​»​។

សា​ខា​គំរូ​​​ដែល​ស្ថិត​នៅ​ផ្លូវ​កម្ពុជា​ក្រោម​នេះ ត្រូវ​បាន​អភិវឌ្ឍ​ការ​សាង​សង់​ទាំង​ស្រុង​ដោយក្រុម​មួយ ដែល​ដឹក​នាំ​ដោយ​លោក Andrew Liew អគ្គនាយករងទទួលបន្ទុកផ្នែកធនាគារបុគ្គល នៃធនាគារហ្វីលីព។

បច្ចុប្បន្ន PhillipBank មាន​សា​ខា​ចំនួន​៦​​​កន្លែង នៅ​រាជ​ធានី​ភ្នំ​ពេញ ស្រប​ពេល​ដែល​ស្ថា​ប័ន ក្រេឌីត មាន​៨៣​សា​ខា ទូ​ទាំង​ប្រទេស​កម្ពុជា​។ ការ​​ច្របាច់​បញ្ចូល​គ្នារវាង​គ្រឹះ​ស្ថាន​ទាំង​២ នឹង​ធ្វើ​ឲ្យ PhillipBank ក្លាយ​ជា​ធនា​គារ​​​ដែលមានសាខាច្រើនជាងគេបំផុត​ទី​៣​នៅ​កម្ពុជា ដែល​បម្រើ​ជូននូវ​រាល់​សេវា​​​​ធនា​គារ​ពាណិជ្ជ​​ទាំង​អស់ ទៅកាន់​អតិថិ​​ជន​ ទូ​ទាំង​ប្រទេស​​កម្ពុជា​។

គ្រឹះ​ស្ថាន​ឯកជន​ដែល​ត្រូវ​បានច្របាច់​បញ្ចូល​គ្នា​ថ្មី​នេះ ដែល​នឹង​ប្រតិ​បត្តិ​ក្រោម​ការ​ប្រើ​ប្រាស់​ឈ្មោះ​ធនា​គារហ្វីលីព (PhillipBank) នឹង​​ជាផ្នែកមួយនៃ​ក្រុមហ៊ុន PhillipCapital ដែល​ជា​ស្ថា​ប័ន​ហិរញ្ញ​វត្ថុ​ឈាន​មុខ​គេ​មួយ​​ក្នុង​តំបន់ ដោយ​មាន​ទី​តាំង​ច្រើនជាង​​១៦ប្រទេស និង​​ទ្រព្យ​សម្បត្តិ​​ក្នុង​ទឹកប្រាក់​ច្រើន​ជាង​ ៣៥​ពាន់​លាន​ដុល្លារ​អាមេរិក ក្រោម​ការ​គ្រប់គ្រង​របស់​ខ្លួន​។

លោក Lim Hua Min (លីម ហួមីន) អគ្គនាយកធនាគារហ្វីលីព បាន​ថ្លែង​ថា៖ «នេះ​គឺ​ជា​ថ្ងៃ​ដ៏រំភើប​សម្រាប់​ធនា​គារ PhillipBank កម្ពុជា ដែល​រួម​ជា​មួយ​នឹង​ក្រុមហ៊ុន​ធា​នា​រ៉ាប់​រង​២​ទៀត​របស់​យើង​នៅ​ទី​នេះ រួម​មាន Phillip General និង Phillip Life នឹង​​ផ្តល់​ជូន​ដល់​​ប្រជា​ពល​រដ្ឋ​កម្ពុជា​គ្រប់​ស្រទាប់​វណ្ណៈ នូវ​រាល់​​សេវា​ហិរញ្ញ​វត្ថុ​ និង​សេវា​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​​ដ៏​ទូ​លំ​ទូលាយ​បំផុត ទូ​ទាំង​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​»​។

អំឡុង​ពេល​នៃ​ការ​​​បើក​​ឲ្យ​ដំណើរ​ការ ​មិនផ្លូវ​ការ​​ជាលើក​ដំបូង​នៅ​ឯ​​សា​ខា​គំ​រូ​ថ្មី​នេះ ការ​ឆ្លើយ​តប​របស់​អតិ​ថិ​ជន​ដ៏​ច្រើន​លើស​លុប​ បាន​ស្ថិតក្នុង​កម្រិត​ជា​​វិជ្ជ​មាន ហើយ​​ក្រោម​ការ​ធ្វើ​អង្កេត​របស់​ធនា​គារ PhillipBank អតិ​ថិ​ជន​ ៩៦% បាន​និយាយ​ថា ពួក​គាត់ ពេញ​ចិត្ត​​នឹង​ទី​តាំង​រ​បស់​សា​ខា​នេះ ហើយ​ភាគច្រើននៃអ្នកចូលរួមការស្ទង់មតិ បញ្ជាក់​ថា ពួក​គាត់​​ពេញ​ចិត្ត​​នឹង​ការ​រច​នា​ថ្មី និង​​ការ​ធ្វើ​សហ​សម័យ​ផ្សេង​ៗ​។

ក្នុង​ការ​ធ្វើ​ការ​ស្ទាប​ស្ទង់​មតិ​ ដដែល​លើ​អតិ​ថិ​ជន​១០០​នាក់ នៅ​ឯ​សា​ខា​គំ​រូ​ថ្មី​នេះ ច្រើនជាង ៩៥% ក៏​បាន​ឆ្លើយ​តប​ផង​ដែរ​ថា ពួក​គាត់​ពេញ​នឹង​​សេវាអទិភាព (Phillip Priority) ហើយ ភាគច្រើនបាន​បញ្ជាក់​ថា ពួក​គាត់​​នឹង​ណែ​នាំ​​ធ​នា​គារ​នេះ ដល់​ក្រុម​គ្រួ​សារ ឬ​មិត្ត​ភក្តិ​របស់​ខ្លួនប​។

លោក Andrew Liew បាន​បញ្ជាក់​ថា ការ​រីក​ចម្រើន​ក្នុង​អាជី​វកម្ម នៅ​ឯ​សា​ខា​គំរូ​ថ្មីនេះ បើ​គិត​ចាប់​​តាំងពី​ការ​បើក​​ឲ្យ​ដំណើរ​ការ​​សាកល្បង​ជាលើក​ដំបូង ពិត​ជា​ផ្តល់​​លទ្ធផល​ដ៏​គួរ​​ឲ្យ​កត់សម្គាល់ ហើយការ​រីក​ចម្រើន​នេះ​ត្រូវ​បាន​​រំពឹង​ទុក​ថា នឹង​បន្ត​កើន​ឡើង​ឥត​ឈប់​ឈរ បន្ទាប់​ពី​ការ​បើក​សម្ពោធ​សា​ខា​ថ្មី​នេះ​ ជាផ្លូវ​ការ​នៅ​ថ្ងៃ​នេះ​​​។

ការ​​បណ្តាក់​ទុន​​របស់​ក្រុមហ៊ុន PhillipCapital នៅកម្ពុជា បាន​ចាប់​​ឡើង​ចាប់​​តាំង​ពីឆ្នាំ​២០០៩ ដែលនៅ​ពេល​នោះ​ក្រុមហ៊ុន​បាន​វិនិ​យោគ​​ក្នុង​ទឹក​ប្រាក់​ជាលើក​ដំបូង​របស់​ខ្លួន​ចំនួន​១០​ម៉ឺន​ដុល្លារ​អាមេរិក ទៅ​លើ​គ្រឹះ​ស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ First Finance ដែល​ត្រូវ​បាន​គេ​ស្គាល់​​កាល​ពី​ពេលនោះ​ថា ជា First Home​។

បច្ចុប្បន្ន ការ​​វិនិយោគ​របស់​ក្រុមហ៊ុន​នេះ នៅកម្ពុជា មាន​ចំនួន​ទឹកប្រាក់​ច្រើន​ជាង​១១០​លាន​​ដុល្លារ​អាមេរិក ទៅ​លើ​វិស័យ​ធ​នា​គារ ក្រុមហ៊ុន​ធា​នា​រ៉ាប់​រង​ទូទៅ ក្រុមហ៊ុន​ធា​នា​រ៉ាប់​រង​លើ​អាយុ​ជីវិត​ និង​សេវា​​​មីក្រូ​ហិរញ្ញ​វត្ថុ​។

ឯក​ឧត្តម Michael Tan ឯក​អគ្គ​រដ្ឋ​ទូត​សិង្ហ​បុរី នៅកម្ពុជា បាន​ថ្លែង​​អំឡុង​ពេល​​​ពិធី​បើក​សម្ពោធ​​ថា៖ «ទំនាក់​ទំនង​រវាង​សិង្ហ​បុរ-កម្ពុជា មិន​ត្រឹម​តែ​​ផ្តោត​លើពាណិជ្ជ និង​ហិរញ្ញ​វត្ថុ​ប៉ុណ្ណោះ​ទេ ខណៈ​ដែល​សហ​គមន៍​សិង្ហ​បុរី​នៅ​នេះ ​ក៏​ផ្តោត​ជា​សំខាន់​លើ​ទំនាក់​ទំនង​រវាងប្រជា​​ពល​រដ្ឋ និង​​ប្រជា​ពល​រដ្ឋ​ ផងដែរ​។ ជា​ចុង​បញ្ចប់ ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ក្នុង​ការ​​បញ្ជាក់​ថា PhillipBank មាន​ការ​​ប្តេជ្ញា​ចិត្ត​ក្នុង​ការ​ជួយ​ដល់​សហ​គមន៍​កម្ពុជា ​ជា​មួយ​នឹង​​គំនិត​ផ្តួច​ផ្តើម ​លើ​កម្ម​វិធី​ទំនួល​ខុស​ត្រូវ​សង្គម​ជា​យុទ្ធ​សាស្ត្រ លើ​វិស័យ​ពិការ​ភាព និង​សិល្បៈ ការ​អប់​រំ និង​សហ​គមន៍​កា​រងារ​នៅ​តាម​ខេត្ត​»៕

To Top