ព័ត៌មានជាតិ

ទូត អាមេរិក ទៅសួរសម្ដេចតេជោ ពីលិខិតអញ្ជេីញ របស់លោក ត្រាំសម្រាប់កិច្ចប្រជុំពូល អាមេរិក អាស៊ាននៅឆ្នាំ ២០២០ដែលអាមេរិក នឹងធ្វេីជាម្ចាស់ផ្ទះ

ភ្នំពេញ : លោកឯកអគ្គរដ្ឋទូត អាមេរិកប្រចាំកម្ពុជា W. Patrick Murphy នៅថ្ងៃទី ២១ វិច្ឆិកា នេះបានទៅសាកសួរសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជាអំពីលិខិតអញ្ជេីញដែលប្រធានាធិបតី Trump ផ្ញើ ទៅកាន់បណ្តាមេដឹកនាំអាស៊ានតាមរយ:បេសកជន គឺ លោក O’Brien ដែលបានជួបប្រជុំនៅក្រុងបាងកក សម្រាប់កិច្ចប្រជុំពូល អាមេរិក អាស៊ាន ដ៏ពិសេសនៅឆ្នាំ ២០២០។

យោងតាម គេហទំព័រ ហ្វេសប៊ុក របស់ ស្ថានទូត អាមេរិក ប្រចាំ កម្ពុជា បានសរសេរ ថា “នៅថ្ងៃនេះ លោកឯកអគ្គរដ្ឋទូត W. Patrick Murphy បានជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដេីម្បីបន្តការពិភាក្សារបស់យេីង ពីការគាំទ្ររបស់អាមេរិក ចំពោះពលរដ្ឋកម្ពុជា និងប្រជាធិបតេយ្យ ព្រមទាំងបន្តជំហានលើបញ្ហាសិទ្ធិមនុស្ស ដែលនឹងជួយពង្រឹងទំនាក់ទំនងទ្វេភាគី “។

ស្ថានទូត បញ្ជាក់ ថា លោកទូតបានសាកសួរពីលិខិតអញ្ជេីញដែលបេសកជនប្រធានាធិបតី O’Brien ដែលបានផ្ញេីជូនពីលោកប្រធានាធិបតី Trump ទៅកាន់បណ្តាមេដឹកនាំ ដែលបានជួបប្រជុំនៅក្រុងបាងកក សម្រាប់កិច្ចប្រជុំពូល អាមេរិក អាស៊ាន ដ៏ពិសេសនៅឆ្នាំ ២០២០ នេះ ។

សូមរំលឹកថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ ត្រូវបានប្រារព្ធធ្វើឡើងនៅទីក្រុងបាងកក ប្រទេសថៃកាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅនេះ។
មេដឹកនាំអាស៊ានជាពិសេសម្ព័ន្ធមិត្តនៅអាស៊ី រួមមាន៖ វៀតណាម សឹង្ហបុរី ជប៉ុន អូស្រ្តាលី និងថៃជាម្ចាស់ផ្ទះ មានការអាក់អន់ស្រពន់ចិត្តជាខ្លាំងទៅនឹងលោក ដូណាល់ ត្រាំ ដែលបញ្ជូនមន្រ្តីថ្នាក់ទាប លោក Robert O’Brien ជាទីប្រឹក្សាសន្តិសុខមួយរូប ដែលមិនស្ថិតក្នុងក្របខណ្ឌគណៈរដ្ឋមន្រ្តីមកប្រជុំជំនួសនៅថៃ ជាមួយមេដឹកនាំកំពូលរបស់អាស៊ាន រួមទាំងដៃគូដែលជាប្រទេសមហាអំណាចធំៗទៀតដែលមានទាំងចិន ជប៉ុន កូរ៉េ ឥណ្ឌា និងអូស្ត្រាលីផង។

ជាការឆ្លើយតប មេដឹកនាំអាស៊ានក៏សម្រេចធ្វើពហិការ ជាងពាក់កណ្តាលមិនចូលរួមប្រជុំជាមួយលោក O’Brien។ មានមេដឹកនាំជានាយករដ្ឋមន្រ្តីតែ បីរូបប៉ុណ្ណោះចូលរួមប្រជុំជាមួយនឹងភាគីអាមេរិក ក្នុងនោះមានថៃ ជាម្ចាស់ផ្ទះ វៀតណាមជាម្ចាស់ផ្ទះប្រជុំបន្ទាប់សម្រាប់ឆ្នាំក្រោយ និងឡាវ ដែលជាប្រទេសសម្របសម្រួលរវាងអាស៊ាន និងអាមេរិក។ ក្រៅពីនោះត្រឹមឋានៈរដ្ឋមន្រ្តីការបរទេសប៉ុណ្ណោះ។

បើទោះបីជាសម្ដែងការមិនពេញចិត្ត ឬ ជំទាស់ទៅនឹងការសម្រេចចិត្តរបស់មេដឹកនាំអាស៊ានក៏ដោយ ក៏ទីបំផុតលោក ត្រាំ ហាក់ដូចជាដឹងខ្លួន រួចក៏បន្ទន់ឥរិយាបថមកវិញ ដោយសូមអញ្ជើញមេដឹកនាំអាស៊ានទាំង១០ទៅចូលរួមកិច្ចប្រជុំពិសេសនៅអាមេរិកវិញនៅដើមឆ្នាំក្រោយ៕

To Top