ភ្នំពេញ៖ លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា នៅក្នុងជំនួបជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះ បានចូលរួមរំលែកនូវព្រះរាជមរណទុក្ខ ចំពោះការយាងសោយទិវង្គតរបស់ សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ដែលព្រះអង្គបានចូលរួម លើកស្ទួយវិស័យវប្បធម៌ជាច្រើន របស់ប្រទេសកម្ពុជា។ នេះបើយោងតាមហ្វេសប៊ុក សម្ដេចតេជោ នាយករដ្ឋមន្រ្តី។
សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានអរគុណដល់ លោកអគ្គរដ្ឋទូត ដែលបានចូលរួមរំលែកនូវព្រះរាជមរណទុក្ខដ៏ក្រៀមក្រំ ចំពោះការយាងសោយទិវង្គតរបស់ព្រះរៀម នរោត្តម បុប្ផាទេវី ហើយសម្តេចតេជោក៏បានអរគុណដល់លោកផងដែរ ដែលកន្លងមកបានចូលរួម ក្នុងពិធីបុណ្យឯករាជ្យជាតិកម្ពុជា និងពិធីបុណ្យអុំទូកអកអំបុកកន្លងមកនេះ ហើយទន្ទឹមនឹងនោះដែរ គឺលោកបានធ្វើការងារជាបន្តបន្ទាប់ ជាមួយមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា ដែលកន្លងមកដូចជាបានជួបប្រជុំពិភាក្សាការងារជាមួយ សម្ដេច ពិជ័យ សេនា ទៀ បាញ់ និងមន្ត្រីជាច្រើនទៀតចាប់តាំងពីថ្នាក់ក្រសួងរហូតដល់ខេត្ត ដើម្បីរិតចំណងមិត្តភាព និងសហប្រតិបត្តិការកាន់តែល្អជាមួយគ្នា។
សូមរំលឹកថាសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី បានយាងសោយទិវង្គត ក្នុងព្រះជន្ម ៧៦ព្រះវស្សា នាវេលាម៉ោង ១២៖៣០ នាទី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្នុងមន្ទីរពេទ្យព្រះរាជាណាចក្រថៃ ដោយជរាពាធ។ ព្រះបរមសព នៃសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ទេពនាដវដ្ដីឯក ត្រូវបានតម្កល់ នៅវត្តបុទុមវតីរាជវរារាម ខាងជើង ដើម្បីប្រារព្ធពិធីបុណ្យ ទក្ខិណានុប្បទាន ទៅតាមព្រះរាជបវេណី។
សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ព្រះប្រសូត្រ នៅថ្ងៃទី៨ ខែមករា ឆ្នាំ១៩៤៣ នារាជធានីភ្នំពេញ ទ្រង់ជាព្រះរាជបុត្រីច្បង នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត និងអ្នកម្នាង ផាត់ កាញ៉ុល នាដការី នៃរបាំព្រះរាជទ្រព្យ៕ដោយ បាន ធារ៉ូ