ភ្នំពេញ៖ ក្រុមអ្នកបច្ចេកទេស របស់ក្រុមហ៊ុន Huawei ប្រទេសចិន នៅថ្ងៃទី២១ ខែវិច្ឆិកា បានចុះទៅពិនិត្យមើលទីតាំងត្រូវបំពាក់កាមេរ៉ាឃ្លាំមើល (កាមេរ៉ាសុវត្ថិភាព) ចំនួន ២៣១គោលដៅ តាមដងផ្លូវនានា នៅទូទាំងខេត្តព្រះសីហនុ ក្នុងការកិច្ចសហប្រតិបត្តិការជាមួយមន្រ្តីមូលដ្ឋាន ទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍ និងការិយាល័យវិទ្យុទាក់ទង ដើម្បីឃ្លាំងមើលសុវត្ថិភាពបទល្មើសផ្សេងៗ និងបទល្មើសចរាចរណ៍ តាមផ្លូវសាធារណៈ ។ នេះបេីយោងតាមអគ្គស្នងការនគរបាលជាតិ។
លោកវរសេនីយ៍ឯក លី សុខុន នាយការិយាល័យវិទ្យុទាក់ទង បានឲ្យដឹងថា តាមដងផ្លូវសំខាន់ៗក្នុងខេត្តព្រះសីហនុ ត្រូវបំពាក់កាមេរ៉ាចំនួន២៣១គោលដៅ ក្នុងនោះក្រុងព្រះសីហនុចំនួន១៥០ គោលដៅ ស្រុកព្រៃនប់ចំនួន៤៨ គោលដៅ ស្រុកកំពង់សិលា ចំនួន១៣គោលដៅ និងស្រុកស្ទឹងហាវចំនួន២០គោលដៅ ដើម្បីឃ្លាំងមើលសុវត្ថិភាពបទល្មើសផ្សេងៗ និងបទល្មើសចរាចរណ៍ តាមផ្លូវសាធារណៈ ទៅថ្ងៃអនាគត ៕