បរទេស: The Bloomberg ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ទី២១ខែវិច្ឆិកានេះបានសរសេរថា រដ្ឋាភិបាលសហរដ្ឋអាមេរិកបាន យល់ព្រមលក់កាំភ្លើងធំដែល ប្រើប្រាស់សម្រាប់នាវាប្រយុទ្ធ ទៅឲ្យប្រទេសឥណ្ឌាដែលវាមានតម្លៃរហូតទៅដល់ ១ពាន់លានដុល្លារ ហើយវាត្រូវបានគេមើលឃើញថា ជាក្នុងកិច្ចព្រមព្រៀង ការពារជាតិដ៏ធំបំផុតរវាងប្រទេសទាំងពីរក្នុងរយៈពេល ៤ឆ្នាំ។
ក្រសួងការបរទេសអាមេរិក បានជូនដំណឹងទៅសភាតាំងតែពីថ្ងៃទី១៩ ខែវិច្ឆិកាអំពីការសម្រេចចិត្ត លក់អាវុធរបស់កងទ័ពជើងទឹកដល់ទៅ១៣ ដើមដែលផលិតដោយក្រុមហ៊ុន ផលិតអាវុធអាមេរិកដែលមានឈ្មោះថា BAE Systems Land និង Armaments ជាក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង Minneapolis ។
សេចក្តីជូនដំណឹងរបស់ទីភ្នាក់ងារ សហប្រតិបត្តិការសន្តិសុខការពារជាតិនៅក្រោយការប្រកាសនេះ បានបញ្ជាក់ថា រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្រ្តី Narendra Modi គឺជាអ្នកដែលបានធ្វើសំណើរដើម្បីទិញកាំភ្លើងធំម៉ាក MK 45 និងគ្រាប់កាំភ្លើងប្រភេទ D349 ចំនួនប្រមាណជា ៣៥០០គ្រាប់ ពីរដ្ឋាភិបាលសហរដ្ឋអាមេរិកនាពេលកន្លងមក៕
ប្រែសម្រួល: ស៊ុន លី