បរទេស៖ ឧបនាយករដ្ឋមន្រ្តីថៃលោក Prawit Wongsuwon បានព្រមានទៅមេដឹកនាំ គណបក្សអនាគតរុងរឿង (FFP) លោក Thanathorn Juangroongruangkit មិនឱ្យធ្វើបាតុកម្មតាមដងផ្លូវណាមួយឡើយ បន្ទាប់ពីមានសេចក្តីសម្រេច របស់តុលាការរដ្ឋធម្មនុញ្ញក្នុងការដកសិទ្ធិលោក ក្នុងនាមជាសមាជិកសភា នៅក្នុងករណីលោកជាម្ចាស់ភាគហ៊ុន ខាងសារព័ត៌មាន។
យោងតាមសារព័ត៌មានថៃ បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ Prawit បានធ្វើការអត្ថាធិប្បាយនៅពេលត្រូវបាន សួរអំពីយុទ្ធនាការដែលកំពុងបន្តរបស់គណបក្ស ដូចជាការអំពាវនាវឱ្យលុបបំបាត់ការកេណ្ឌយោធា និងជំរុញឱ្យមានការធ្វើ វិសោធនកម្មរដ្ឋធម្មនុញ្ញ។
ឧត្តមសេនីយ៍ប្រាវីត បានមានប្រសាសន៍ថា “ ទុកឲ្យ ពួកគេធ្វើយុទ្ធនាការដរាបណា វាមិនប្រឆាំងនឹងច្បាប់” ។
កាលពីថ្ងៃម្សិលមិញ លោក Thanathorn បានទទូចសុំភាពគ្មានកំហុសរបស់លោកនៅក្នុងករណី ជាម្ចាស់ភាគហ៊ុនប្រព័ន្ធផ្សព្វផ្សាយ ដោយនិយាយថា លោកនឹងផ្តល់ការបកស្រាយ អំពីសេចក្តីសម្រេចនេះឆាប់ៗនេះ។
លោកក៏បានច្រានចោល ពាក្យចចាមអារាមដែលថា លោកនឹងឈរឈ្មោះនៅក្នុងការបោះឆ្នោត ជ្រើសរើសអភិបាលក្រុងបាងកក ដែលជាជម្រើសមួយបច្ចុប្បន្ននេះ ដែលលោកត្រូវបានដកហូតឋានៈជាសមាជិកសភារបស់លោក៕
ប្រែសម្រួលៈ ណៃ តុលា