ភ្នំពេញ ៖ កម្មពិធីមហោស្រព ភាពយន្ដជាតិលើកទី១៦ ឆ្នាំ២០១៩ មានបេក្ខជនបានដាក់ពាក្យ ចូលរួមប្រកួតប្រជែង កើនឡើងជាងឆ្នាំមុនៗ ខណៈគុណភាព នៃការផលិតខ្សែភាពយន្ដវិញ ក៏មានភាពល្អ និងឈានមុខ ។
មហោស្រពភាពយន្ដជាតិនេះ នឹងរៀបចំឡើងរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២៥ -២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសាលសន្និសីទចុតមុខ ក្រោមប្រធានបទ “រួមគ្នាដើម្បីលើកស្ទួយ ភាពយន្ដខ្មែរ” ។
ក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃ២១ វិច្ឆិកា លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ដ និងសិល្បៈ មានប្រសាសន៍ថា “គិតត្រឹមឆ្នាំ២០១៧-២០១៩ កម្រិតស្នាដៃផលិតភាពយន្ដឃើញថា ស្ថេរភាពនៃចំនួនផលិតមានចន្លោះពី២៥-៣០រឿងក្នុងមួយឆ្នាំ បើធៀបឆ្នាំ២០១៧លើកទី៥ មកដល់លើកទី៦ឆ្នាំ២០១៩នេះ ឃើញថា មានការកើនឡើង នៃបរិមាណនៃចំនួនខ្សែភាពយន្ដ”។
លោកបន្ដថា តាមរយៈគណៈមេប្រយោគបានពិនិត្យលើស្នាដៃដែលបានដាក់ប្រកួតប្រជែង មានចំនួនខ្សែភាពយន្ដជាច្រើន បានមកដាក់ពាក្យចូលរួមប្រកួតប្រជែង ចំណែកឯគុណភាពនៃខ្សែភាពយន្ដវិញ មានការរីកចម្រើន និងឈានឡើងមួយលំដាប់ ។
សូមរំលឹកថា មហោស្រពភាពយន្ដជាតិលើកទី៦ មិនគ្រាន់តែជាវេទិកាប្រកួតប្រជែង ស្នាដៃភាពយន្ដ ដើម្បីដណ្ដើមយកពានរង្វាន់ប៉ុណ្ណោះទេ ប៉ុន្ដែជាវេទិកាជួបជុំសិក្សា ស្វែងយល់វាស់ស្ទង់សមត្ថភាព និងការចែករំលែកបទពិសោធន៍ ចំណេះដឹងលើវិស័យភាពយន្ដ សំដៅបង្កើនសមត្ថភាព និងលើកកម្ពស់គុណភាពស្នាដៃភាពយន្ដ ដើម្បីប្រកួតប្រជែង លើទីផ្សារអន្ដរជាតិ ។
ជាងនេះទៅទៀត គ្រប់ស្នាដៃភាពយន្ដ ដែលត្រូវយកមកចូលរួមប្រកួត ប្រជែងផ្ដោតលើខ្លឹមសារ ៖ ទី១-អប់រំ និងផ្សព្វផ្សាយចំណេះដឹងអំពីវប្បធម៌ ទំនៀមទំម្លាប់ ប្រពៃណីជាតិ ,ទី២-លើកស្ទួយវប្បធម៌សន្តិភាព ពង្រឹងសាមគ្គីភាព និងឯកភាពជាតិ និងទី៣-ការបង្កើតភាពច្នៃប្រឌិត ឬឆ្លុះបញ្ចាំងពីតថភាពសង្គម ៕ ដោយ ៖ អេង ប៊ូឆេង