នយោបាយ

លោក យង់ សាំងកុមារ ៖ បច្ចុប្បន្នមានអ្នកដឹកនាំ នយោបាយខ្មែរ៤រូប ធ្លាប់មានឥទ្ធិពល តាំងពីឆ្នាំ១៩៩៣ នឹងបន្តមាននៅឆ្នាំ២០២៣

ភ្នំពេញ ៖ បច្ចុប្បន្នមានអ្នកដឹកនាំ នយោបាយខ្មែរ៤រូប ដែលធ្លាប់មានឥទ្ធិពល តាំងពីឆ្នាំ១៩៩៣ នឹងបន្តមានឥទ្ធិពលទៀត នៅឆ្នាំ ២០២៣ ។ សំខាន់តើគាត់ទាំង ៤សម្រេចចិត្ត បន្តប្រកួតផ្ទាល់ខ្លួន ឬ សហការគ្នាផ្តល់ឱកាស ឲ្យអ្នកជំនាន់ក្រោយប្រកួតប្រជែងគ្នា ដោយសេរី និងយុត្តិធម៌? នេះជាសំណេរ លោក យង់ សាំងកុមារ មន្រ្តីជាន់ខ្ពស់គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន (គបម) នៅថ្ងៃ១៨ ធ្នូ។

លោកលើកជាសំណួរថា រលកនយោបាយថ្មី នៅឆ្នាំ២០២៣ ឬក្រោយឆ្នាំ ២០២៣ ?

លោករៀបរាប់ថា ថ្មីៗនេះសម្តេចនាយករដ្ឋមន្រ្តីបានបង្ហើប ពីអ្នកដែលអាចបន្តវេន ជាបេក្ខជននាយករដ្ឋមន្រ្តី ។ សម្តេចក្រុមព្រះបានតែងតាំងព្រះរាជបុត្រ ជាអនុប្រធានគណបក្សហើយ ។

តែលោក សម រង្សី ដូចជានៅបន្តសារនយោបាយ “សម រង្សី និងកឹម សុខា តែមួយ” ។

ចំណែកលោក កឹម សុខា គាត់មិនទាន់បញ្ជាក់ជំហរ នយោបាយនៅឡើយទេ ដោយសារមិនទាន់មានសេរីភាពនយោបាយ តែគាត់បានបង្ហាញពីសារជាច្រើន ដែលឆ្លុះបញ្ចាំងពីនយោបាយអហិង្សា និងឯកភាពជាតិ។

លោកយង់ សាំងកុមារ បញ្ជាកថា “ខ្ញុំយល់ឃើញថា អ្នកដឹកនាំនយោបាយទាំង៤ នឹងរួមគ្នាកសាងកេរ្តិ៍ឈ្មោះ ក្នុងប្រវត្តិសាស្រ្តជាតិ ជាអ្នករៀបចំថ្នាល បណ្តុះប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា សម្រាប់អ្នកជំនាន់ក្រោយ ។ ក៏ប៉ុន្តែបើពួកគាត់បន្ត ប្រកួតប្រជែងគ្នាទៀត ការប្រកួតប្រជែងគ្នា តាមវប្បធម៌នយោបាយថ្មី ក៏ជាគំរូមួយល្អប្រសើរដែរ” ។

លោកថា គបម ក៏ត្រៀមខ្លួនជានិច្ច ក្នុងការប្រកួត និងសហការតាមវប្បធម៌នយោបាយថ្មី ជាពិសេសផ្តោតលើការប្រកួតប្រជែង គោលនយោបាយល្អៗ ដោះស្រាយបញ្ហាសង្គមជាតិ និងមានភាពអត់ធ្មត់យោគយល់ ចំពោះអ្នកមានទស្សន:នយោបាយផ្សេង ៕

To Top