បរទេស៖ប្រទេសប៊ុលហ្គារី នាពេលថ្មីៗនេះ បានទុកពេល៧២ម៉ោងឲ្យមន្ត្រីការទូតរុស្ស៊ី ចាកចេញពីប្រទេស ក្រោយរដ្ឋអាជ្ញាបានធ្វើការចោទប្រកាន់ថា លោកមានជាប់ពាក់ព័ន្ធក្នុងអំពើចារកម្ម តាំងពីឆ្នាំ២០១៧មកម្ល៉េះ នេះបើតាមការនិយាយឲ្យដឹងពីក្រសួងការបរទេសប៊ុលហ្គារី។
ចំណែកស្ថានទូតរបស់រុស្ស៊ីប្រចាំនៅក្នុងទីក្រុង Sofia បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបណ្ដេញបុគ្គលិកការទូតនេះ គឺជារឿងគ្មានមូលដ្ឋានច្បាស់លាស់ និងបាននិយាយបន្តថា ទីក្រុងមូស្គូបានរក្សាសិទ្ធិរបស់ខ្លួនក្នុងការឆ្លើយតបវិញចំពោះបញ្ហានេះ។
គួរបញ្ជាក់ថា តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ បានឲ្យដឹងថា មន្ត្រីការទូតរុស្ស៊ីរូបនេះ គឺជាបុគ្គលទី៦ហើយ ដែលត្រូវបានបណ្តេញចេញពីប្រទេសប៊ុលហ្គារី ជាសមាជិកមួយរបស់អង្គការណាតូ គិតចាប់តាំងពីខែតុលា ឆ្នាំ២០១៩មក ពីបទសង្ស័យប្រព្រឹត្តអំពើចារកម្ម៕ប្រែសម្រួល៖ប៉ាង កុង