នយោបាយ

លោក សុខ ឥសាន ៖ EBA ជារឿងសេដ្ឋកិច្ច មិនពាក់ព័ន្ធនឹងនយោបាយឡើយ(វីដេអូ)

ភ្នំពេញ ៖ អ្នកនាំពាក្យ គណបក្សប្រជាជនកម្ពុជាបានអះអាងថា សហភាពអឺរ៉ុប (EU) គំរាមកាត់ផ្តាច់ ប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទ (EBA) ពីកម្ពុជា មិនមែនជារឿងនយោបាយ ពាក់ព័ន្ធជាមួយអតីតគណបក្សប្រឆាំងទេ ប៉ុន្តែគឺជារឿងសេដ្ឋកិច្ចសុទ្ធសាធ ។

ចាប់ពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ មកដល់ថ្ងៃទី២២ វិច្ឆិកានេះ មានរយៈពេល១០ថ្ងៃហើយដែល គណៈកម្មការសហភាពអឺរ៉ុប បានទុកពេលឲ្យកម្ពុជាមួយខែ ក្នុងការតវ៉ាប្រតិកម្ម ចំពោះរបាយការណ៍ខ្លួន លើការផ្អាកជាបណ្តោះអាសន្ន នូវប្រព័ន្ធអនុគ្រោះពន្ធគ្រប់ប្រភេទពីកម្ពុជា ។ ការគំរាមរបស់ EU នេះ ដើម្បីជាថ្នូរនឹងដោះស្រាយ បញ្ហាសិទ្ធិមនុស្ស និងសិទ្ធិការងារនៅកម្ពុជា ។

ប៉ុន្តែទោះបីជាយ៉ាងណានេះ ក្តីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ហាក់គ្មានការភ័យព្រួយឡើយ ព្រោះសម្តេចបានអះអាងថា មិនអាចយកអធិបតីភាពកម្ពុជា មកដោះដូរជាមួយជំនួយទេ។

លោក សុខ ឥសាន បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល នាថ្ងៃ២២ វិច្ឆិកា ថា ករណី លោក កឹម សុខា ជារឿងផ្លូវច្បាប់ មិនមែនជារឿងនយោបាយទេ។ ការដែលតុលាការបន្ធូរបន្ថយលក្ខខណ្ឌ នៅក្រោមការត្រួតពិនិត្យរបស់តុលាការ អាស្រ័យលើឆន្ទានុសិទ្ធិតុលាការ ។

លោកបន្តថា “ឯរឿង EBA ជារឿងសេដ្ឋកិច្ច មិនពាក់ព័ន្ធរឿងនយោបាយទេ។ តែគេបានភ្ជាប់រឿងសេដ្ឋកិច្ច ទៅនឹងរឿងនយោបាយដែលគេថា មានការគាបសង្កត់ពីអន្តជាតិ ទើបបានជាមានការបន្ធូរបន្ថយ លក្ខខណ្ឌឃុំខ្លួនកឹម សុខា ។ រឿងនេះ ផ្ទុយពីការពិតទាំងស្រុង” ៕

To Top