នយោបាយ

លោក ផៃ ស៊ីផាន៖ កម្ពុជានិងសហរដ្ឋអាមេរិក មានទិសដៅដូចគ្នា ក្នុងកិច្ចអភិវឌ្ឍប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស(វីដេអូ)

ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា កម្ពុជា និងសហរដ្ឋអាមេរិក មានទិសដៅដូចគ្នា មានបំណងដូចគ្នា ក្នុងកិច្ចអភិវឌ្ឍប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស អ្វីដែលជាសារៈសំខាន់បំផុតនោះ គឺកិច្ចសហការក្នុងភាពជាដៃគូ រវាងប្រជាជាតិទាំងពីរ ដើម្បីទទួល មិនត្រឹមតែជោគជ័យរួមប៉ុណ្ណោះទេ ក៏ប៉ុន្តែជាផលប្រយោជន៍ របស់មនុស្សជាតិទាំងមូលផងដែរ។

លោក ផៃ ស៊ីផាន បានលើកឡើងបែបនេះ បន្ទាប់ពី លោក ដូណាល់ត្រាំ ប្រធានាធិបតី សហរដ្ឋអាមេរិក បានសរសេរលិខិត ដោយ ផ្ទាល់ដៃផ្ញើជូនសម្តេច តេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា តាមរយៈឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក ប្រចាំកម្ពុជាថា សហរដ្ឋអាមេរិកមិនគាំទ្រ ឱ្យមានការប្តូររបប នៅ កម្ពុជានោះទេ ។

អ្នកនាំពាក្យរាជរដ្ឋាភិបាល បានសរសេរលើបណ្ដាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២២វិច្ឆិកានេះថា ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស មិនគ្រាន់តែជាជម្រើសរបស់កម្ពុជានោះទេ ក៏ប៉ុន្តែជាការប្តេជ្ញារបស់កម្ពុជា ដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញ រាជរដ្ឋាភិបាលដែលដឹកនាំ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា បានឱ្យតម្លៃខ្ពស់ និងប្តេជ្ញាអនុវត្តជាមួយនឹងការពង្រឹង ការអភិវឌ្ឍនៅក្នុងទិសដៅនេះ តាមរយៈការក៏សាងច្បាប់ ការអនុវត្តច្បាប់ និងការប្រតិបត្តិច្បាប់។ កាលានុវត្តសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ គឺអាស្រ័យដោយលក្ខខណ្ឌជាក់ស្តែង នៃកត្តាសន្តិភាព និងស្ថិរភាព។ បើគ្មានលក្ខខណ្ឌជាក់ស្តែងនេះ ក៏ពុំអាចអភិវឌ្ឍ និងអនុវត្តសិទ្ធិមនុស្ស និងប្រជាធិបតេយ្យបាននោះឡើយ។ សន្តិភាព និងស្ថិរភាព គឺជាកត្តាកំណត់នៃតម្លៃ និងចីរភាពរបស់សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ”៕

To Top