នយោបាយ

វិភាគ ៖ តើលោក ចូ បៃដិន អាចស្តារមុខមាត់ អាមេរិក ដែលបំផ្លាញដោយលោក ត្រាំ បានទេ ?

បច្ចុប្បន្នភាព

ក្រោយអំពើហិង្សានៅវិមានកាប់ពីតូល សហរដ្ឋអាមេរិក ដែលបានបណ្តាលអោយមនុស្ស ចំនួន៥នាក់ បានបាត់បង់ជីវិត មានសំនួរជាច្រើន ត្រូវបានចោទសួរឡើង នៅតាមប្រព័ន្ធផ្សព្វផ្សាយនានា មាន CNN, CNBC, CNA និង Aljazeera ជាដើម ។

សំនួរដែលលេចធ្លោជាងគេនោះគឺ តើប្រធានាធិបតីជាប់ឆ្នោតថ្មី របស់សហរដ្ឋអាមេរិក លោក ចូ បៃដិន អាចនឹងស្តារមុខមាត់ ឬកិត្យានុភាពរបស់ប្រទេស មហាអំណាចមួយនេះ ដែលត្រូវបានបំផ្លិចបំផ្លាញ ដោយប្រធានាធិបតីជិត ផុតអាណត្តិ លោក ដូណាល់ ត្រាំ បានឬទេ ?

លោក អេឡេន ចាវ (Elaine Chao) រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនរបស់សហរដ្ឋអាមេរិក ដែលបានដាក់ពាក្យលាលែងចេញពីតំណែងដោយសារខឹងលោក ត្រាំ បាននិយាយថា លោក ចូ បៃដិន អាចនឹងស្តារមុខមាត់ ឬកិត្យានុភាពអាមេរិកបាន តែត្រូវការពេលវេលាយូរ ។

លោក អេឡេន ចាវ បានបន្ថែមថា ការលោក ត្រាំ មិនត្រឹមតែបំផ្លាញខ្លួនឯងអោយនៅឯកោកាន់តែខ្លាំង និងអាចមានទោសថែមទៀតនៅពេលខាងមុខនោះទេ ប្រធានាធិបតីជិតផុតអាណត្តិរូបនេះ ថែមទាំងបំផ្លិចបំផ្លាញមុខមាត់ ឬកិត្យានុភាពអាមេរិកទាំងមូលថែមទៀត ។
មេដឹកនាំនៅបណ្តាប្រទេសជុំវិញពិភពលោក បានរិះគន់ បានថ្កោលទោស និងបានសើចចំអកសកម្មភាព ចុងក្រោយរបស់លោក ត្រាំ យ៉ាងខ្លាំង ដែលលោកបានញុះញង់ អោយមានអំពើហិង្សា កាប់សម្លាប់គ្នានៅវិមានកាប់ពីតូល ។

សូមរំលឹកជូនថា កាលពីថ្ងៃពុធ ទី៦ ខែមករានេះ ក្រុមបាតុករគាំទ្រលោក ត្រាំ រាប់រយនាក់ បានធ្វើបាតុកម្មសម្រុកចូលទៅក្នុងវិមានកាប់ពីតូលក្នុងបំណងរំខាន និងរារាំងសមាជិករដ្ឋសភា និងសមាជិកព្រឹទ្ធសភា ដែលកំពុងចូលរួមក្នុងសម័យប្រជុំសភាពេញអង្គដើម្បីរាប់សន្លឹកឆ្នោតចុងក្រោយក្នុងការសម្រេចជ្រើសរើសប្រធានាធិបតីថ្មីសម្រាប់អាណត្តិពីឆ្នាំ២០២១នេះទៅ ដែលរំខានដល់សម័យប្រជុំជាច្រើនម៉ោង ។

ក្រោយពីអំពើហិង្សានៅវិមានកាប់ពីតូល ដែលបានបណ្តាលអោយមនុស្ស៥នាក់បានបាត់បង់ជីវិត សមាជិកសភា និងព្រឹទ្ធសភាបានចាប់ផ្តើមកិច្ចប្រជុំពេញអង្គឡើងវិញ និងបានប្រកាសទទួលស្គាល់លោក ចូ បៃដិន ជាប្រធានាធិបតីទី៤៦របស់សហរដ្ឋអាមេរិក ។

នៅថ្ងៃព្រហស្បតិ៍ ១ថ្ងៃក្រោយពីសមាជិកសភា និងព្រឹទ្ធសភា បានសម្រេចជ្រើសរើសលោក ចូ បៃដិន ជាប្រធានាធិបតីបន្ទាប់ លោក ត្រាំ បានប្រកាសថា លោកនឹងផ្ទេរអំណាចតាមលំដាប់លំដោយអោយទៅលោក ចូ បៃដិន ។

សេចក្តីប្រកាសរបស់លោក ត្រាំ ហាក់ដូចជាយឺតពេលទៅហើយ ដោយសារតែអំពើហិង្សា បានកើតឡើងរួចទៅហើយ ហើយសហរដ្ឋអាមេរិក ក៏បានទទួលរងផលប៉ះពាល់ពីទង្វើញុះញង់ អោយមានអំពើហិង្សារបស់លោក ត្រាំ រួចទៅហើយដែរ ។

លោក ម៉ាត់ ប៉ូទីងហ្គ័រ (Matt Pottinger) ទីប្រឹក្សារងទទួលបន្ទុកសន្តិសុខជាតិ ក្នុងរដ្ឋបាលរបស់លោក ត្រាំ ដែលបានដាក់ពាក្យលាលែងចេញពីតំណែង បាននិយាយថា លោក ត្រាំ បានធ្វើអោយសហរដ្ឋអាមេរិក អាប់អោនកិត្យានុភាពមិនធ្លាប់មាន ។

លោក ម៉ាត់ ប៉ូទីងហ្គ័រ បានបន្ថែមថា លោក ត្រាំ បានបំផ្លាញកិត្តិយសជាតិអោយអាប់អោនយ៉ាងខ្លាំង ដោយការឡាំប៉ា និងការតវ៉ាប្រឆាំងលទ្ធផលឆ្នោត និងការញុះញង់អោយមានអំពើហិង្សាកាប់សម្លាប់គ្នានៅវិមានកាប់ពីតូល ។

លោក ជែន ស្តូលតិនបឺក (Jens Stoltenberg) អគ្គលេខាធិការអង្គការណាតូ (NATO) បាននិយាយថា សហរដ្ឋអាមេរិក ត្រូវបានចាត់ទុកថាជាគំរូ និងជាបិតាលទ្ធិប្រជាធិបតេយ្យនៅលើពិភពលោក ប៉ុន្តែទង្វើរបស់លោក ត្រាំ មិនស័ក្តិសមជាគំរូរបស់ប្រទេសដទៃទេ ។

លោក ជែន ស្តូលតិនបឺក បានបន្ថែមថា អង្គការណាតូ រួមទាំងមេដឹកនាំពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ចំពោះចំពោះទង្វើចុងក្រោយរបស់លោក ដូណាល់ ដែលបានញុះញង់អោយមានអំពើហិង្សាកាប់សម្លាប់គ្នា នៅលើទឹកដីអាមេរិក ដែលជាសកម្មភាពហិង្សានឹកស្មានមិនដល់ថា អាចនឹងកើតឡើងនៅក្នុងប្រទេសមហាអំណាចមួយនេះ ។

ដើមចមនាំអោយកើតរឿង

ដើមចមដែលនាំអោយ អំពើហិង្សាផ្ទុះឡើង នៅសហរដ្ឋអាមេរិក កាលពីថ្ងៃពុធ ទី៦ ខែមករានេះ គឺដោយសារនៅថ្ងៃនោះ សមាជិកសភា និងព្រឹទ្ធសភាមកពីគណបក្សទាំង២ គឺគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ ចូលរួមប្រជុំសភាពេញអង្គដើម្បីបើកប្រអប់ឆ្នោតដែលបានបោះដោយអង្គបោះឆ្នោត កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ ។
កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ គឺជាថ្ងៃដែលប្រជាពលរដ្ឋអាមេរិក ទៅបោះឆ្នោតជ្រើសរើសតំណាងរបស់ខ្លួន ឬហៅថា អង្គបោះឆ្នោត ហើយអង្គបោះឆ្នោត បានបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី នៅថ្ងៃទី១៤ ខែធ្នូដដែល ហើយនៅថ្ងៃទី៦ ខែមករានេះ គឺជាថ្ងៃដែលអង្គបោះឆ្នោតរាប់សន្លឹកឆ្នោតសម្រេចចុងក្រោយ ។

ក្នុងអំឡុងពេលដែលសមាជិកសភា និងព្រឹទ្ធសភាកំពុងប្រជុំ លោក ត្រាំ បាននិយាយញុះញង់អោយក្រុមគាំទ្រលោករារាំងកិច្ចប្រជុំសភាពេញអង់នៅវិមានកាប់ពីតូល រហូតដល់កើតមានអំពើហិង្សា កាប់សម្លាប់គ្នា ៕

ដោយ៖ អ៊ី ជិន

To Top