ព័ត៌មានអន្តរជាតិ

ទ័ពជើងទឹកអាមេរិក ចេញផែនការ១០ឆ្នាំ ដើម្បីប្រកួតប្រជែង ជាមួយរុស្ស៊ីនិងចិន

បរទេស ៖ នៅថ្ងៃចន្ទសប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា ប្រធានប្រតិបត្តិការ ជើងទឹករបស់កងទ័ពជើងទឹក សហរដ្ឋអាមេរិក បានចេញនូវផែនការ ទិសដៅរយៈពេល១០ឆ្នាំមួយ ដើម្បីទប់ទល់នឹងការគម្រាម កំហែងពីរុស្ស៊ីនិងចិន ។

ផែនការ CNO NavPlan មានកម្រាស់១៨ទំព័រចេញដោយលោកឧត្តមនាវី Michael Gilday នោះ លើកឡើងពីអាទិភាពចំនួន៤ សម្រាប់កងទ័ពជើងទឹក គឺទីមួយការវិនិយោគ ក្នុងវគ្គហ្វឹកហាត់និងអប់រំទាហានជើងទឹក និងបំបាត់ភាពលម្អៀង និងការប្រកាន់ពូជសាសន៍ ទីពីរការត្រៀមលក្ខណៈជាស្រេច តាមរយៈតំហែទាំនាវាឲ្យទាន់ពេលវេលា ទី៣គឺវិនិយោគសមត្ថភាព ក្នុងវិស័យនានា រួមមានទាំងសង្គ្រាម តាមអ៊ីនធឺណេត ការស៊ើបការណ៍សម្ងាត់ និងអាវុធឡាស៊ែ និងទី៤គឺការធ្វើឲ្យប្រសើរឡើង នូវសមត្ថភាពទាំងជាមួយកង នាវាមានមនុស្សបើក និងកងនាវាគ្មានមនុស្សបើក ។

តាមសេចក្តីរាយការណ៍ ផែនការនោះនិយាយថា “យើងចូលរួមក្នុងការប្រកួតប្រជែងរយៈពេលវែង ដែលគម្រាមកំហែងដល់សន្តិសុខនិងមធ្យោបាយរស់នៅរបស់យើង។ ជាផ្នែកនៃកងកម្លាំងចម្រុះ យើងនឹងជួបភាពលំបាកនេះ តាមរយៈការបញ្ជូនទៅមុខ រួមជាមួយសម្ពន្ធមិត្តនិងដៃគូរបស់យើង ដើម្បីទប់ទល់ភាពគឃ្លើន និងរក្សាសេរីភាពដែនសមុទ្រ”៕

ប្រែសម្រួល៖ប៉ាង កុង

To Top