ព័ត៌មានជាតិ

ណាហ្គាវើលដ៍ គាំទ្រគម្រោង ‘តុក្កតាខ្លាឃ្មុំនៃក្តីសង្ឃឹម’ ដើម្បីជួយដល់សហគមន៍ដែល មានជីវភាពខ្វះខាត និងការអភិរក្ស ជីវិតសត្វព្រៃ

ភ្នំពេញ៖ តុក្កតាខ្លាឃ្មុំគួរឲ្យស្រឡាញ់ពីរប្រភេទ ដែលចាក់ពីអំបោះដោយស្ត្រីមកពីសហគមន៍ដែលមានជីវភាពខ្វះខាត ឥឡូវនេះមានដាក់លក់នៅណាហ្គាវើលដ៍ហើយ។ នេះគឺជាផ្នែកមួយនៃគំនិតផ្តួចផ្តើម “តុក្កតាខ្លាឃ្មុំនៃក្តីសង្ឃឹម” របស់ណាហ្គាវើលដ៍។ ប្រាក់ដែលបានពីការលក់តុក្កតាខ្លាឃ្មុំ ដែលគួរឲ្យស្រឡាញ់ទាំងនោះ នឹងយកទៅឧបត្ថម្ភដល់ស្ត្រីសិប្បករព្រមទាំងស្ត្រីមេម៉ាយ ដែលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីជំងឺកូវីដ-១៩ និងឧបត្ថម្ភសម្រាប់ការអភិរក្សជីវិតសត្វព្រៃ ក្នុងប្រទេសកម្ពុជាផងដែរ។  

ណាហ្គាវើលដ៍ សហការនៅក្នុងគំនិតផ្តួចផ្តើមនេះ ជាមួយសហគ្រាសសង្គម Cambodia Knits ដែលបានធ្វើការជាមួយស្ត្រី ដែលមានជីវភាពខ្វះខាតប្រមាណ ២០០ នាក់នៅក្នុង និងជុំវិញរាជធានីភ្នំពេញចាប់តាំងពីឆ្នាំ ២០០៩។ ស្ត្រីទាំងនោះ ត្រូវបានបណ្តុះបណ្តាលជំនាញចាក់វត្ថុអនុស្សាវរីយ៍ ផលិតពីអំបោះដែលមានគុណភាពខ្ពស់ ស្រស់ស្អាត និងទាក់ទាញបំផុត។ ការងារសិប្បកម្មនេះ ផ្តល់ជម្រើស និងឱកាសការងារដើម្បីពួកគេអាចរកប្រាក់ចំណូល សម្រាប់គ្រួសាររបស់ពួកគេ។  

តុក្កតាខ្លាឃ្មុំតូច១៦ដុល្លារ និងតុក្កតាខ្លាឃ្មុំធំ២៣ដុល្លារចាក់ពីអំបោះទាំងនេះ មានដាក់លក់រៀងរាល់ថ្ងៃនៅហាងលក់វត្ថុអនុស្សាវរីយ៍ (ជាន់ទី១ ណាហ្គាវើលដ៍ទី១)។ ប្រាក់ដែលបានពីការលក់ នឹងត្រូវបញ្ជូនត្រឡប់ទៅសហគ្រាសសង្គម Cambodia Knits វិញដើម្បីជួយដល់ស្ត្រីសិប្បករ និងឧបត្ថម្ភទៅលើការចំណាយផ្សេងៗនៃដំណើរការរបស់សហគ្រាស និងវគ្គបណ្តុះបណ្តាលក្នុងពេលអនាគត។ ស្ត្រីមេម៉ាយនៅក្នុងសហគមន៍ក្រីក្រដែលជួបបញ្ហាហិរញ្ញវត្ថុដែលបង្កពីជំងឺកូវីដ-១៩ ក៏នឹងទទួលបានជំនួយពីការលក់នេះផងដែរ។ 

លើសពីនេះ ទឹកប្រាក់១ដុល្លារពីតុក្កតាខ្លាឃ្មុំនីមួយៗដែលត្រូវបានលក់ នឹងឧបត្ថម្ភដល់អង្គការការពារជីវិតសត្វព្រៃដែលមិនរកប្រាក់ចំណេញ Free The Bears Cambodia របស់អូស្ត្រាលីដែលបាន និងកំពុងដំណើរការកន្លែងជួយសង្គ្រោះសត្វខ្លាឃ្មុំក្នុងប្រទេសកម្ពុជា។ មានទីតាំងនៅក្នុងមជ្ឈមណ្ឌលសង្គ្រោះសត្វព្រៃភ្នំតាម៉ៅក្នុងខេត្តតាកែវ កន្លែងជួយសង្គ្រោះនេះ ផ្តល់ទីជម្រក ចំណី និងការមើលថែរៀងរាល់ថ្ងៃដល់សត្វខ្លាឃ្មុំប្រមាណ ១២០ ក្បាលដែលត្រូវបានសង្គ្រោះពីការជួញដូរខុសច្បាប់។ 

នាយកគ្រប់គ្រងណាហ្គាវើលដ៍ លោក Pern Chen បានឲ្យដឹងថា “តាមរយៈកម្មវិធី ‘តុក្កតាខ្លាឃ្មុំនៃក្តីសង្ឃឹម’ ណាហ្គាវើលដ៍ មានគោលបំណងលើកកម្ពស់ជីវភាពរបស់ពលរដ្ឋដែលពឹងផ្អែកលើសិប្បកម្មនៅក្នុងប្រទេស”។ “ការសហការរបស់យើងជាមួយសហគ្រាសសង្គម Cambodia Knits គឺជាគំនិតផ្តួចផ្តើមមួយក្នុងចំណោមគំនិតផ្តួចផ្តើមជាច្រើនរបស់យើង និងជាផ្នែកមួយនៃការប្តេជ្ញាបន្តបន្ទាប់របស់ណាហ្គាវើលដ៍សំដៅឆ្ពោះទៅរកការឧបត្ថម្ភគាំទ្រដល់សហគមន៍ប្រកបដោយនិរន្តរភាព និងកសាងប្រទេសកម្ពុជា”។ 

លោក Pern Chen បានថ្លែងបន្តថា “តុក្កតារូបខ្លាឃ្មុំដ៏ស្រស់ស្អាតទាំងនេះ ត្រូវបានចាក់យ៉ាងផ្ចិតផ្ចង់ចេញពីទឹកចិត្ត ស្រឡាញ់របស់ស្ត្រីសហគមន៍ដែលភ្ញៀវ និងសាធារណជនអាចជាវយកទៅគេហដ្ឋាន ឬធ្វើជាអនុស្សាវរីយ៍។ ជាមួយនឹងកាយវិការ និងទឹកចិត្តសប្បុរសរបស់ភ្ញៀវ ដែលជួយទិញតុក្កតាខ្លាឃ្មុំ វានឹងជួយដល់គ្រួសារជាច្រើនដែលកំពុងត្រូវការជំនួយជាពិសេស នៅក្នុងពេលនៃជំងឺកូវីដ-១៩ ដ៏លំបាកនេះ។ វាក៏ជាវិធីដ៏ល្អផងដែរដើម្បីជួយដល់ជីវិត សត្វព្រៃដ៏មានតម្លៃរបស់យើងដោយប្រាក់ដែលបានពីការលក់តុក្កតា នឹងត្រូវយកទៅប្រើប្រាស់សម្រាប់កិច្ចការពារ និងអភិរក្សសត្វខ្លាឃ្មុំកម្ពុជាឲ្យរស់នៅក្នុងជម្រកធម្មជាតិរបស់វា”។ 

ស្ថាបនិកសហគ្រាសសង្គម Cambodia Knits អ្នកស្រី Monika Nowaczyk បាននិយាយថា “ស្ត្រីមានអំណាច និងអាចចូលរួមកាត់បន្ថយភាពក្រីក្រនៅក្នុងសហគមន៍របស់ពួកគេបាន។ ពួកគេអាចធ្វើការវិនិយោគប្រាក់ចំណូលរបស់ពួកគេទៅក្នុងវិស័យសុខាភិបាល អប់រំ និងអនាគតរបស់គ្រួសាររបស់ពួកគេ”។ 

គួរបញ្ជាក់ថា ណាហ្គាវើលដ៍បេះដូងសប្បុរស ដែលជាផ្នែកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ បាន និងកំពុងធ្វើសកម្មភាពនៅក្នុងសហគមន៍ជាច្រើន ដូចជា គម្រោង ‘ធីនឆាឡេននៃកម្ពុជា’ ដែលជួយឧបត្ថម្ភដល់យុវជនរងគ្រោះឲ្យកសាងជីវិតរបស់ពួកគេឡើងវិញតាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការផ្តល់ប្រឹក្សាយោបល់ ជាដើម។ ក្នុងពេលដំណាលគ្នានេះ កម្មវិធីគម្រោង ‘Children@Risk’ ឧបត្ថម្ភដល់សិស្សដែលមានជីវភាពខ្វះខាតឲ្យបញ្ចប់ការសិក្សាកម្រិតវិទ្យាល័យ។

សូមរំឭកផងដែរថា ណាហ្គាវើលដ៍បេះដូងសប្បុរស បានធ្វើការឧបត្ថម្ភជាបន្តបន្ទាប់កាលពីឆ្នាំមុនដែលសរុបមានទឹកប្រាក់ជាង ១១៨.០០០ ដុល្លារដើម្បីជួយដល់សហគមន៍ក្រីក្រដែលទទួលរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងការរឹតត្បិតដែលបង្កឡើងដោយជំងឺកូវីដ-១៩ ព្រមទាំងចូលរួមជួយដល់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាតផងដែរ។ ការឧបត្ថម្ភ រួមមាន ម៉ាស៊ីនធ្វើតេស្តរកមេរោគ ឧបករណ៍ធ្វើតេស្តរកមេរោគ ឧបករណ៍ប្រមូលសំណាកមេរោគ និងកុំព្យូទ័រយួរដៃដល់ក្រសួងសុខាភិបាល និងឧបករណ៍ការពារផ្ទាល់ខ្លួនដល់ស្ថាប័នរដ្ឋដទៃទៀត។ ទឹកប្រាក់ ៥៥.០០០ ដុល្លារអាមេរិក ក៏ត្រូវបានឧបត្ថម្ភដល់សាលារាជធានីភ្នំពេញផងដែរដើម្បីយកទិញអង្ករប្រមាណ ១០០ តោនសម្រាប់ចែកជូនដល់គ្រួសារដែលរងផលប៉ះពាល់ធ្ងន់ធ្ងរដោយជំងឺរាតត្បាតកូវីដ-១៩៕

To Top