ព័ត៌មានអន្តរជាតិ

ប្រទេសថៃ នៅថ្ងៃអាទិត្យទី១៧ មករា បន្តរកឃើញអ្នកឆ្លង មេរោគកូវីដ១៩ ចំនួន ៣៧៤នាក់ទៀត

បរទេស៖ ប្រទេសថៃ នៅថ្ងៃអាទិត្យបានរកឃើញអ្នកឆ្លងថ្មីមេរោគកូវីដ១៩ចំនួន ៣៧៤ នាក់ថែមទៀត ដែលធ្វើអោយចំនួនអ្នកឆ្លងវីរុសនេះកើនឡើងដល់ ១២ ០៥៤ នាក់ និងមានអ្នកស្លាប់ចំនួន ៧០នាក់ ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមអ្នកដែលរកឃើញឆ្លងថ្មីទាំង ៣៧៤ នាក់នោះ គឺមានជនជាតិបរទេស ៣១១ នាក់ត្រូវបានរកឃើញ ដែលភាគច្រើននៅខេត្ត សាមុតសាខន។ ៤៣ ករណីទៀតគឺការឆ្លងក្នុងសហគមន៍ដែលត្រូវបានរកឃើញតាមរយៈប្រព័ន្ធសុខភាពធម្មតា ហើយ ១០ នាក់ទៀតគឺជាករណីនាំចូល។ 

លោកវេជ្ជបណ្ឌិត Taweesilp អ្នកនាំពាក្យមជ្ឈមណ្ឌលត្រួតពិនិត្យស្ថានភាពជំងឺកូវីដ១៩ បានឱ្យដឹងថា មានករណីជាច្រើនទៀតដែលត្រូវបានរាយការណ៍ នៅពេលដែលអាជ្ញាធរសុខភាពសាធារណៈធ្វើតេស្តិ៍រកមេរោគនៅតាមបណ្តារោងចក្រនានាក្នុងខេត្តជាច្រើន។ 

លោកបន្ថែមថា ពលករចំណាកស្រុកខុសច្បាប់ដែលមិនបានចុះបញ្ជីដែលប៉ាន់ស្មានថា មានចំនួន ៥០ ០០០ នាក់ អាចជាសក្តានុពលចម្លងវីរុសនេះ ប្រសិនបើពួកគេឬនិយោជិករបស់ពួកគេ គេចពីការធ្វើតេស្ត៍ ដោយសារការភ័យខ្លាចចំពោះវិធានការច្បាប់៕

To Top