នយោបាយ

មេធាវីលោក កឹម សុខាបដិសេធថា កូនក្តីខ្លួនពុំពាក់ព័ន្ធ ជាមួយក្រុម អ្នកនយោបាយទី១ និងទី២ ហើយកុំយក ឈ្មោះ កឹម សុខា ទៅប្រើ

ភ្នំពេញ ៖ លោក ចាន់ ចេន ក្នុងនាមជាមេធាវី មានភក្តីភាព និងជាមនុស្ស ជំនិតមួយរូបដែរនោះ បានផ្តាំផ្ញើទៅក្រុមអ្នកនយោបាយទី១ និងទី២ ដែលលោកដាក់ រហស្សនាមឲ្យនោះថា លោក កឹម សុខា ពុំមានអ្វីពាក់ព័ន្ធជាមួយទេ ដូច្នេះកុំយកឈ្មោះលោក កឹម សុខា ទៅប្រើធ្វើឲ្យប្រជាពលរដ្ឋភ័ន្តច្រឡំ ។

តាមរយៈបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុក នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១ លោក ចាន់ ចេន បានលើកឡើងថា «ហ្វ្រែនឆាយលោក កឹម សុខា កំពុងត្រូវប៉ាន់» ។

លោកថា ក្នុងអំឡុងពេលឆ្នាំកន្លងទៅ និងពេលថ្មីៗនេះលោក កឹម សុខា ត្រូវបានអ្នកនយោបាយក្រុមទីមួយ ក្រុមទីពីរដែលជាអតីត សហការីរបស់លោក បាន យកឈ្មោះលោក កឹម សុខា ទៅប្រើប្រាស់ក្នុងគោលបំណង ទុច្ចរិតបោកប្រាស់អ្នកគាំទ្រ ក៏ដូចជាប្រជាពលរដ្ឋ ដើម្បីសម្រេចនូវមហិច្ឆតា របស់ក្រុមខ្លួន។

ពួកគេប្រើពាក្យ ប្រហាក់ប្រហែលគ្នាថា បង្កើតគណបក្សថ្មីនេះ បក្សថ្មីនោះ ដើម្បីជួយលោក កឹម សុខា ។ គណបក្សថ្មីនេះលោក កឹម សុខា ឲ្យបង្កើត គណបក្សថ្មីនេះមិនទាន់ មានប្រធានទេគឺទុកសម្រាប់លោក កឹម សុខា ពេលមានសេរីភាព ខាងនយោបាយហើយ មកធ្វើជាប្រធានបក្ស… ។ល។ នេះជាការបន្ថែមសារ របស់លោកមេធាវី។

លោក ចាន់ ចេន បញ្ជាក់ថា “ខ្ញុំសូមជម្រាបបងប្អូនជនរួមជាតិខ្មែរទាំងអស់ មេត្តាជ្រាបថា លោក កឹម សុខា មិនមានអ្វីពាក់ព័ន្ធជាមួយអស់ លោកអ្នកនយោបាយទាំងអស់នោះទេ ។ ការបង្កើតគណបក្សនយោបាយ វាជាសិទ្ធិរបស់អស់លោកជាពលរដ្ឋខ្មែរ ដែលមានចែងក្នុងច្បាប់ ។ តែសូមអស់លោកអ្នកនយោបាយ មានសេចក្តីក្លាហានកុំយកឈ្មោះ លោក កឹម សុខា ទៅប្រើប្រាស់នាំឲ្យប្រជាពលរដ្ឋខ្មែរ ឬអ្នកគាំទ្រមានការភាន់ច្រឡំ” ។

សូមបញ្ជាក់ថា ក្រោយបានទទួលសិទ្ធិ ធ្វើនយោបាយវិញ គឺក្រុមអតីតមន្រ្តីគណបក្សសង្រ្គោះជាតិ ជាច្រើរូបបាននាំគ្នាបង្កើតគណបក្សផ្ទាល់ខ្លួន ដើម្បីចូលរួមបោះឆ្នោតថ្នាក់ឃុំ-សង្កាត់ និងថ្នាក់ជាតិក្រោមហេតុផលលែង មានជំនឿលើបក្សសង្រ្គោះជាតិរស់ឡើងវិញ ។

ក្នុងនោះ លោក អ៊ូ ច័ន្ទរ័ត្ន ដែលធ្លាប់ជាមន្រ្តីរបស់លោក កឹម សុខា បានប្រកាសថា នឹងដាក់ពាក្យស្នើសុំ ទៅក្រសួងមហាផ្ទៃ ដើម្បីបង្កើតគណបក្សថ្មីដែរ ៕

To Top