នយោបាយ

លោក កឹម សុខា ជូនពរលោក Joe Biden ជោគជ័យដឹកនាំប្រទេស ដើម្បីលើកស្ទួយសិទ្ធិសេរីភាព និងប្រជាធិបតេយ្យ ក្នុងពិភពលោក

ភ្នំពេញ ៖ លោក កឹម សុខា បានសម្តែងការអបអរសា ទរនិងជូនពរប្រធានាធិបតី សហរដ្ឋអាមេរិកថ្មីលោក Joe Biden ទទួលបានជោគជ័យ ក្នុងការដឹកនាំ ដើម្បីជាប្រយោជន៍ របស់ប្រជាពលរដ្ឋអាមេរិក ជាពិសេសក្នុងការលើកស្ទួយសិទ្ធិសេរីភាព និងប្រជាធិបតេយ្យ ក្នុងពិភពលោក ដែលជាគុណតម្លៃ របស់អាមេរិកផងដែរ ខណៈលោកBiden បានប្រកាសចូលកាន់តំណែងថ្មីៗនេះ ។

នេះជាការលើកឡើង របស់លោកក្នុងជំនួបជាមួយ លោក Patrick Murphy ឯកអគ្គរដ្ឋអាមេរិកប្រចាំកម្ពុជា នាថ្ងៃ២៨ មករា ដែលបង្ហាញក្នុងហ្វេសប៊ុកផ្លូវការ។

លោកថា ក្នុងជំនួបនេះ ក៏បានស្វែងយល់ និងពិភាក្សាគ្នាអំពីទំនាក់ទំនង រវាងកម្ពុជា និងសហរដ្ឋអាមេរិក កន្លងមក និងទៅអនាគត ជាពិសេសសម្រាប់រដ្ឋបាលថ្មី របស់អាមេរិក តើនឹងអាចមានអ្វីថ្មី?

ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណ ចំពោះប្រជាពលរដ្ឋ និងរដ្ឋាភិបាលអាមេរិក ដែលបានជួយដល់ប្រជាពលរដ្ឋខ្មែរកន្លងមក បច្ចុប្បន្ននិងសង្ឃឹមថា ទៅអនាគត លើវិស័យនានា ដូចជាវិស័យអប់រំ សុខាភិបាល សេដ្ឋកិច្ច ពាណិជ្ជកម្ម ជាពិសេស ដោយផ្សាភ្ជាប់ជីវភាពរស់នៅ និង សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ។

លោកបន្តថា តាមរយៈឯកអគ្គរដ្ឋទូតមុនៗ ក៏ដូចជាលោកផ្ទាល់ ដែលទទួលស្គាល់ នូវគុណតម្លៃរបស់លោក ក្នុងការងារ សិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ព្រមទាំងគោលជំហររបស់ខ្លួន ដែលប្រកាន់ខ្ជាប់នូវគោលការណ៍អហិង្សា ការអត់ធ្មត់ និងតែងតែស្វែងរកដំណោះស្រាយ បញ្ហានានាដោយសន្តិវិធី ដើម្បីបម្រើផលប្រយោជន៍ របស់ប្រជាពលរដ្ឋខ្មែរ៕

To Top