ព័ត៌មានអន្តរជាតិ

ប្រេសិតហ្វីលីពីន៖ អាមេរិកសន្យាជួយក្រុងម៉ានីល តាមដានការវាយប្រហារ ដោយអាវុធនៅសមុទ្រចិន ខាងត្បូង

បរទេស៖ ទឹកដីនៅសមុទ្រចិនខាងត្បូងត្រូវបានទាមទារដោយប្រទេសជាច្រើនរួមមានចិន ហ្វីលីពីន ប្រ៊ុយណេ ម៉ាឡេស៊ី កោះ តៃវ៉ាន់ និង ប្រទេសវៀតណាម។ សហរដ្ឋអាមេរិកគ្មានការទាមទារណាមួយចំពោះតំបន់នោះទេ ប៉ុន្តែអាមេរិកតែងតែបញ្ជូននាវាចម្បាំងរបស់ខ្លួនទៅកាន់តំបន់នេះសម្រាប់បេសកកម្ម ដែលគេហៅថា“ សេរីភាពក្នុងការធ្វើដំណើរ” ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Jose Manuel Romualdez ឯកអគ្គរដ្ឋទូតហ្វីលីពីនប្រចាំនៅអាមេរិក ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden បានសន្យាថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននឹងជួយដល់រដ្ឋាភិបាលទីក្រុងម៉ានីល ក្នុងករណីមានការវាយប្រហារដោយអាវុធនៅសមុទ្រចិនខាងត្បូង។

លោក Romualdez បានបន្ថែមថា រដ្ឋមន្រ្តីក្រសួងការបរទេសអាមេរិកលោក Antony Blinken បានប្រាប់រដ្ឋមន្រ្តីក្រសួងការបរទេសហ្វីលីពីន Teodoro Locsin តាមទូរស័ព្ទនាពេលថ្មីៗនេះថា សន្ធិសញ្ញាការពារគ្នាទៅវិញទៅមករវាងប្រទេសទាំងពីរឆ្នាំ ១៩៥១ នឹងអនុវត្តចំពោះការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងប្រទេសហ្វីលីពីន។

ការលើកឡើងរបស់ប្រេសិតរូបនេះបានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីក្រសួងការបរទេសសហរដ្ឋអាមេរិក នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយកាលពីថ្ងៃពុធបាននិយាយថា លោក Blinken បាននិយាយជាមួយ Locsin អំពីការអនុវត្តសន្ធិសញ្ញានេះ “ចំពោះការវាយប្រហារប្រដាប់អាវុធប្រឆាំងនឹងកងកម្លាំងប្រដាប់អាវុធហ្វីលីពីន នាវាសាធារណៈ ឬយន្តហោះនៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកដែលរួមមាន សមុទ្រចិនខាងត្បូង”៕

ប្រែសម្រួលៈ ណៃ តុលា

To Top