ភ្នំពេញ ៖ ក្មេងស្រីខ្មែរបម្រើការងារជាជំនួយការមេផ្ទះនៅប្រទេសម៉ាឡេស៊ី ដែលរងគ្រោះដោយម្ចាស់ផ្ទះធ្វើទារុណកម្មកាត់ត្រចៀក ត្រូវបានអាជ្ញាធរខ្មែរអន្តាគមន៍សង្គ្រោះ និងបានត្រឡប់មកដល់កម្ពុជាវិញហើយ ។
ក្មេងស្រីរងគ្រោះបានមកដល់កម្ពុជា នាវេលាម៉ោង ១៧ និង៤៥នាទីរសៀល ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២១ តាមជើងយន្តហោះអាកាសចរណ៍សិង្ហបុរីលេខ SQ5008 ក្រោមការសហការជាមួយអាជ្ញាធរម៉ាឡេស៊ី សម្របសម្រួលពីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី ។ នេះបើយោងតាមលិខិតទូតខ្មែរប្រចាំក្រុងគូឡាឡាំពួ។
ពលការិនីរងគ្រោះដោយអំពើព្រៃផ្សៃនេះមានឈ្មោះ អូស្មាន ក្រីម៉ះ ភេទស្រី អាយុ១៦ឆ្នាំ ។ បច្ចុប្បន្នកំពុងអនុវត្តវិធានចត្តាឡីស័ករយៈពេល១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័កព្រែកព្នៅ រាជធានីភ្នំពេញ។
លោកឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានឲ្យដឹងកាលពីថ្ងៃ ២ កុម្ភៈថា ជាទិសដៅនៅពេលនារីរងគ្រោះ បានអនុវត្តវិធានចត្តាឡីស័ករួចរាល់ ជំនាញរបស់នាយកដ្ឋាននឹងសហការជាមួយអង្គភាព ពាក់ព័ន្ធដើម្បីធ្វើការស៊ើបអង្កេតស្វែងរកជនសង្ស័យ ជាមេខ្យល់នាំនារីរងគ្រោះខាងលើទៅបម្រើការងារនៅប្រទេសម៉ាឡេស៊ី ដើម្បីឈានដល់ការអនុវត្តនីតិវិធី នាំខ្លួនជនសង្ស័យមកផ្ដន្ទាទោសតាមច្បាប់។
សូមរំលឹកថា កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារប្រតិកម្មរហ័ស នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានពិនិត្យឃើញមាន ការចែករំលែកជាបន្តបន្ទាប់លើបណ្ដាញសង្គម ពាក់ព័ន្ធនឹងករណី ហិង្សាដែលកើតឡើងលើ ពលការិនីជនជាតិខ្មែរអ៊ីស្លាមម្នាក់នៅម៉ាឡេស៊ី។ ករណីនេះត្រូវបានដាក់ជូននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដើម្បីអនុវត្តជំនាញ និងជួយអន្តរាគមន៍ ហើយក៏ត្រូវបានជួយសង្គ្រោះដោយជោគជ័យ ក្រោមកិច្ចសហប្រតិបត្តិការយ៉ាងល្អរវាងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ ក្រោមការសម្របសម្រួលពីស្ថានទូត ព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី និងសហការជាមួយសមត្ថកិច្ចម៉ាឡេស៊ីផងដែរ ទើបឈានដល់ការរំដោះនារីរងគ្រោះ និងបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យ ៕