ព័ត៌មានជាតិ

ក្រសួងរៀបចំដែនដី គ្រោងបញ្ចប់ចុះបញ្ជីដីធ្លីឲ្យបាន ១០០% នៅឆ្នាំ២០២១

ភ្នំពេញ៖ លោក ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងនាមក្រសួងប្តេជ្ញាបញ្ចប់ ការចុះបញ្ចីដីធ្លីឲ្យបាន ១០០% នៅត្រឹមឆ្នាំ២០២១ ខាងមុខ ខណៈកម្មសិទ្ធិដីធ្លី មានប្រព័ន្ធសុរិយោដីចុះបញ្ជី ច្បាស់លាស់តាមគោលការណ៍នីតិរដ្ឋជាង ៥,៤លានប័ណ្ណ ស្នើ ៧៨,០៧% នៃក្បាលដីប្រមាណ ៧លានក្បាលដី ។

នេះជាការលើកឡើង របស់លោកក្នុងពិធីបើក វេទិកានគរូបនីយកម្មកម្ពុជា ស្ដីពី “ការអភិវឌ្ឍក្រុងប្រកបដោយភាពឆ្លាតវៃ ចីរភាព និងបរិយាប័ន្ន” នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

ក្នុងឱកាសនោះដែរ លោក ប៉ែន សុផល បានឲ្យដឹងទៀតថា កម្ពុជាអនុវត្តប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ មានការលើកទឹកចិត្ត ដល់ការវិនិយោគដោយច្បាប់ ហើយមានពលរដ្ឋសកម្ម ក្នុងវ័យពលកម្មច្រើន លើសលប់ប្រកបដោយ ប្រកួតប្រជែង សេវារដ្ឋបាល ដែលបម្រើដល់ធុរកិច្ច និងការវិនិយោគមានភាពងាយស្រួល ដោយអនុវត្តប្រព័ន្ធ ច្រកចេញ-ចូលតែមួយ។

ជាងនេះទៅទៀត រដ្ឋលេខាធិការ លើកឡើងថា យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ត្រង់ចតុកោណទី៤ បានកំណត់អំពីការអភិវឌ្ឍប្រកបដោយចីរភាព និងបរិយាប័ន្ន ជាមួយនឹងមុំទី៣ បានកំណត់អំពីការពង្រឹងការគ្រប់គ្រង នគរូបនីយកម្មដោយការអភិវឌ្ឍទីក្រុង ដែលមានបរិស្ថានល្អសម្រាប់ ការរស់នៅធានាតុណភាព សុវត្ថិភាព សោភ័ណភាព សុខុមាលភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច សង្គម ៕

ដោយ៖ អេង ប៊ូឆេង

To Top